ក្រុមហ៊ុន​ចិន​មួយ​កំពុង​ចាប់​អារម្មណ៍​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​ព្រះសីហនុ​



នា​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ចិន បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​វិនិយោគ​លើ​ប្រព័ន្ធ​លូ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ចូល​រួម​ចំណែក​លើក​កម្ពស់​សោភ័ណភាព​បរិស្ថាន​នៅ​ក្នុង​ក្រុង​ដែល​កំពុង​មាន​ការអភិវឌ្ឍន៍​នេះ។

លោក​អគ្គនាយក​រូប​នេះ​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចាប់​ផ្ដើម​សិក្សា​គម្រោង​ប្រព័ន្ធ​លូ​ទាំង​ពីរ​ប្រភេទ​នេះ​តាំង​ពី​ឆ្នាំ​២០១៣​មក​ គ្រាន់​តែ​មិន​ទាន់​បាន​រៀបចំ​លម្អិត​និង​ស៊ី​ជម្រៅ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​អនុញ្ញាត​ក្រុមហ៊ុន​របស់​លោក​នឹង​ចាប់​ផ្ដើម​សិក្សា​ប្លង់​លម្អិត និង​ដាក់​ជូន​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​មើល។

ជា​ការ​ឆ្លើយ​តប ឯកឧត្ដម គួច ចំរើន ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាង​លើ  ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​មាន​ផែនការ គម្រោង​ប្លង់គោល ថាតើ​មាន​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ​ លូ​ទឹក​កខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ មុខ​កាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ​ ហើយ​ការ​សាងសង់​រយះ​ពេល​ប៉ុន្មាន​ខែ ឆ្នាំ និង​តម្លៃ ដើម្បី​រដ្ឋបាល​ខេត្ត​យក​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ពិនិត្យ វាយ​តម្លៃ អនុម័ត ។ 

ឯកឧត្ដម​អភិបាលខេត្ត ស្នើ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យ​បាន​ចប់​មុន​ថ្ងៃ​២៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ ដើម្បី​យក​ទៅ​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច សិក្សា​វាយ​តម្លៃ​ថា តើ​គម្រោង​នេះ​អាច​ទទួល​​​​​​យក​បាន​ ឬ​មិន​បាន​តាម​លក្ខណ​ជាក់​ស្ដែង ដើម្បី​កែ​លម្អ​សោភ័ណភាព​បរិស្ថាន​ក្រុង​ទេសចរណ៍​នាទិសនិរតី ៕ 

 

ប្រភព៖ រដ្ឋាបាល​ក្រុងព្រះសីហនុ

ដោយ៖ ជួប ស្រីរ័ត្ន

X
5s