សហគ្រិនក្ដាប់សាខាអាជីវកម្មជាង១០ ក្នុងដៃប្រាប់យុទ្ធសាស្ត្រចំនួន២ក្នុងការពង្រីកសាខា
បន្ទាប់ពីអាជីវកម្មដំណើរការទៅមុខរលូននិងរឹងមាំហើយ ម្ចាស់អាជីវកម្មឬសហគ្រិនភាគច្រើនច្បាស់ជាគិតគូរដល់ការពង្រីកសាខាអាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោក ឆេង មករា សហស្ថាបនិកក្រុមហ៊ុន Inbiznest ដែលជាក្រុមហ៊ុនមានសាខាអាជីវកម្មច្រើនជាង១០ នៅក្នុងដៃ បានចែករំលែកនូវយុទ្ធសាស្ត្រ២ចំណុច ដែលម្ចាស់អាជីវកម្មត្រូវគិតនិងត្រៀមខ្លួនមុនពង្រីកសាខាអាជីវកម្មរបស់ខ្លួន។
លោក ឆេង មករា លើកឡើងថា បន្ទាប់ពីយើងមើលឃើញថាទីផ្សារអាជីវកម្មរបស់យើងមានហើយ អតិថិជនគេស្គាល់យើងហើយ ការពង្រីកខ្លួនគឺជារឿងសំខាន់ណាស់ ដែលវាចាំបាច់ត្រូវពឹងផ្អែកទៅលើរឿង២ចំណុចនេះ។ ទីមួយគឺ ធនធានមនុស្ស និងទីពីរគឺ ប្រព័ន្ធ ដោយចំណុចទាំងពីរនេះចាំបាច់ត្រូវតែដើរទន្ទឹមគ្នា ព្រោះប្រសិនបើយើងមិនមានប្រព័ន្ធក្នុងការគ្រប់គ្រងច្បាស់លាស់ទេ យើងនឹងចំណាយធនធានមនុស្សក្នុងការគ្រប់គ្រងច្រើន។
លោកបន្តថា កាលណាយើងមានធនធានមនុស្សដែលពូកែ ដែលរួចរាល់នៅក្នុងវគ្គនៃការបណ្ដុះបណ្ដាល និងយល់ច្បាស់ពីការងារក្រុមហ៊ុនហើយ ពួកគាត់នឹងអាចបំពេញការងារទៅតាមគម្រោង និងផែនការរបស់ក្រុមហ៊ុនបាន ហើយអ្វីដែលសំខាន់មួយទៀតនោះគឺយើងចាំបាច់ត្រូវតែមានប្រព័ន្ធក្នុងការគ្រប់គ្រងឲ្យបានល្អ។
លោកថា ដើម្បីឲ្យថ្នាក់ដឹកនាំអាចដឹងថាកន្លែងថ្មីដែលយើងដំណើរការនោះដំណើរការទៅមុខយ៉ាងដូចម្ដេចយើងត្រូវមានប្រព័ន្ធច្បាស់លាស់។ ម្យ៉ាងទៀតយើងត្រូវមានម៉ូដែលក្នុងការគ្រប់គ្រងផលិតផលរបស់យើងថាតើវាទៅតាមផែនការដែលយើងកំណត់ឬទេ បើអត់ទេយើងគួរតែមានដំណោះស្រាយយ៉ាងដូចម្ដេច ដើម្បីឲ្យយើងអាចឆ្លើយតបជាមួយបញ្ញាប្រឈមដែលយើងនឹងជួបនៅពេលពង្រីកសាខាអាជីវកម្ម៕
ដោយ៖ ជួប ស្រីរ័ត្ន