សុភាសិតអេហ្ស៊ីប «ឃើញបញ្ហារបស់អ្នកដទៃធ្វើឲ្យអ្នកមើលឃើញបញ្ហារបស់ខ្លួនឯងតូចជាងមុន។»
អេហ្ស៊ីបមានសុភាសិតមួយឃ្លាថា «ឃើញបញ្ហារបស់អ្នកដទៃធ្វើឲ្យអ្នកមើលឃើញបញ្ហារបស់ខ្លួនឯងតូចជាងមុន។» តាមពិតទៅបញ្ហាជាច្រើននៅក្នុងជីវិតរបស់យើងម្នាក់ៗច្រើនតែកើតឡើងនៅក្នុងការស្រមើស្រមៃរបស់ខ្លួនឯងច្រើនជាងស្ថានភាពជាក់ស្ដែងនៅខាងក្រៅ។ នៅពេលយើងកំពុងតែលិចលង់នៅក្នុងទុក្ខរបស់ខ្លួនឯង យើងតែងតែលម្អៀងភ្លេចមើលមនុស្សនៅជុំវិញខ្លួនយើង។ នៅលើលោកនេះ ឬអាចជាអ្នកនៅជិតខ្លួនអ្នកបង្កើយ តែងតែមានមនុស្សដែលមានការលំបាកលើសអ្នកទៅទៀត។
នៅលើលោកនេះគ្មាននរណាម្នាក់ដែលមានជីវិតល្អឥតខ្ចោះនោះទេ បើទោះជានៅខាងក្រៅអ្នកមើលទៅគេហាក់ដូចជាដូច្នោះក៏ដោយ។ មនុស្សម្នាក់ៗតែងតែមានសម្ពាយនូវទុក្ខលំបាកជាប់ខ្លួនជានិច្ច។ នៅក្នុងជីវិតមនុស្សម្នាក់ៗតែងតែមានរឿងដែលធ្វើឲ្យពួកគេទាស់ចិត្ត រឿងរ៉ាវដែលមិនកើតឡើងសមទៅតាមបំណងរបស់ពួកគេ។ នៅត្រង់ចំណុចនេះ នរណាម្នាក់ក៏មានវាដែរ មិនថាពួកគេមានស្ទើរតែអ្វីៗគ្រប់យ៉ាងដែលមនុស្សភាគច្រើនចង់បានក៏ដោយ ឬឡើងទៅដល់ភាពជោគជ័យកំពូលក៏ដោយ។
ក្នុងពេលដែលអ្នកកំពុងតែរអ៊ូរទាំពីទុក្ខរបស់ខ្លួនឯង មានមនុស្សមួយចំនួនដេកនៅតាមចិញ្ចើមថ្នល់ កំពុងតែរងទុក្ខជាមួយនឹងក្រពះដែលកំពុងតែស្រេកឃ្លាន មានជំងឺតែមិនមានលទ្ធភាពទិញថ្នាំឬទៅព្យាបាលនៅមន្ទីរពេទ្យ ឬខ្វាក់ភ្នែកអត់ដៃជើងជាដើម នៅពេលអ្នកឃើញពួកគេ នោះអ្នកនឹងមានអារម្មណ៍ថាទុក្ខលំបាករបស់អ្នកប្រៀបមិនស្មើនឹងពួកគេនោះឡើយ ហើយវាហួសពីអ្វីដែលពាក្យសម្ដីអាចរៀបរាប់ពីភាពខុសគ្នានេះទៅទៀត។
ធម្មជាតិយុត្តិធម៌បំផុត។ រឿងរ៉ាវដែលកើតឡើងចំពោះអ្នកគឺសុទ្ធតែមានហេតុដែលបណ្ដាលឲ្យវាកើតឡើងមក។ តាមពិតទៅអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ពិតប្រាកដគឺជាចិត្តរបស់អ្នកដែលមិនព្រមទទួលស្គាល់ការពិត មិនទទួលស្គាល់ការពិតថាគ្មានអ្វីដែលនៅឋិតថេរនោះទេ មិនទទួលស្គាល់ថាអ្វីៗមិនមែនចេះតែកើតឡើងទៅតាមការចង់បានរបស់អ្នករហូតនោះទេ។ ធម្មជាតិមានដំណើររបស់វា។ នៅពេលអ្នកព្រមទទួលស្គាល់ ក្រោយពីនេះប្រហែលជាអ្នកអាចស្វែងរកដំណោះស្រាយដែលល្អប្រសើរសម្រាប់ដោះស្រាយជាមួយបញ្ហារបស់អ្នកបាន៕
ដោយ៖ ស្រីពៅ