គម្រោងសណ្ឋាគារនិងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជាង១០០លានដុល្លារនឹងលេចឡើងក្នុងខណ្ឌទួលគោក
តាមរយៈសំណើសុំវិនិយោគលើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ និងមជ្ឈមណ្ឌលពាណិជ្ជកម្មពីសំណាក់ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD ក្នុងទំហំទុនវិនិយោគចំនួន ១៣៤លានដុល្លារអាមេរិក គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនខាងលើ។
ក្រុមហ៊ុនខាងលើមានគម្រោងសាងសង់និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលគម្រោងសាងសង់នេះនឹងស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហើយតាមរយៈគម្រោងនេះនឹងរំពឹងថាអាចផ្ដល់ការងារជូនពលរដ្ឋបានចំនួន ៧២៩កន្លែង។
គួរបញ្ជាក់ផងដែរថា ទួលគោកបានក្លាយជាតំបន់ទាក់ទាញនឹងលេចធ្លោមួយសម្រាប់វិនិយោគិនទាំងក្នុងនឹងក្រៅស្រុក ជាក់ស្ដែងគេសង្កេតឃើញថាតំបន់នេះបច្ចុប្បន្នកំពុងតែមានកំណើននៃសំណង់អាគារប្រណីត ទំនើបៗ និងខ្ពស់ស្កឹមស្កៃជាច្រើន ដែលនាំឲ្យគេជឿថាទួលគោកគឺជាតំបន់គោលដៅសម្រាប់ការវិនិយោគ បន្ទាប់ពីតំបន់បឹងកេងកង៕
រូបភាព៖ Property area asia
ដោយ៖ ជួប ស្រីរ័ត្ន