ADBព្យាករណ៍​ថា​ឆ្នាំ​២០១៩​នេះ​ GDP​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ាន​



យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB) បាន​បង្ហាញ​ទិន្នន័យ​អំពី​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ថា អាច​នឹង​មាន​កំណើន​ក្នុង​រង្វង់​៧%​ដែល​ជា​តួលេខ​មួយ​ឈរ​នៅ​លំដាប់​ខ្ពស់​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​ចំនួន​៩​ផ្សេង​ទៀត ខណៈ​ដែល​ប្រទេស​វៀតណាម​ស្ថិត​នៅ​លេខរៀង​បន្ទាប់។

តាម​របាយការណ៍​ខាង​លើ​បាន​បង្ហាញ​ថា GDP​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ និង​រំពឹង​ថា​អាច​មាន​កំណើន ៤.៤% ខណៈ​ដែល​ចំនួន​អតិផរណា​មាន​ចំនួន ២.៥%។ ជា​មួយ​គ្នា​នេះ​របាយការណ៍​ក៏​បាន​ព្យាករណ៍​ផង​ដែរ អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​(GDP)​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ថា​អាច​នឹង​មាន​កំណើន​ក្នុង​រង្វង់ ៦.៨% ក្នុង​ឆ្នាំ​២០២០ ជា​មួយ​នឹង​GDP​សម្រាប់​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​រង្វង់​៤.២%  និង​ចំនួន​អតិផរណា​២.៥%។ 

តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​រំពឹង​ថា​នឹង​អាច​កើន​ឡើង​ក្នុង​កម្រិត ៧.១% ដែល​គាំទ្រ​ដោយ​កំណើន​រឹងមាំ​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ទោះ​បី​ជា​វិស័យ​កសិកម្ម​នៅ​មាន​កំណើន​ទាប​ក្ដី។ ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៨​ឆ្នាំ​ ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s