ហេតុអ្វីមនុស្សដែលអ្នករៀបការជាមួយ ជះឥទ្ធិពលដល់ភាពជោគជ័យរបស់អ្នក?
អ្នកទាំងអស់គ្នាពិតជាធ្លាប់បានឭមកហើយនូវពាក្យមួយឃ្លាដែលគេនិយាយថា "នៅពីក្រោយខ្នងបុរសជោគជ័យទាំងអស់ គឺមាននារីល្អម្នាក់”។ ការលើកឡើងនេះ មិនមែនត្រឹមត្រូវសម្រាប់តែបុរសនោះទេ។ សូម្បីតែនារីៗដែលបានជ្រើសរើសបុរសល្អធ្វើជាដៃគូជីវិត ក៏អាចជំរុញឲ្យនារីនោះក្លាយជានារីជោគជ័យដែរ។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Carnegie Mellon របស់អាមេរិកបានឲ្យដឹងថា មនុស្សដែលមានដៃគូជីវិតជួយគាំទ្រឲ្យគ្នាទៅវិញទៅមក បានផ្តល់ឱកាសឲ្យពួកគេជោគជ័យច្រើន។ ដោយបានសិក្សាលើគូស្នេហ៍ ១៦៣ គូ សាកលវិទ្យាល័យខាងលើបានអះអាងទៀតថា គូស្នេហ៍ប្រភេទនេះ ជាមនុស្សមានភាពជឿជាក់ក្នុងការប្រឈមមុខបញ្ហាផ្សេងៗជាមួយគ្នា មានភាពរីកចម្រើន សុភមង្គល និងសុខុមាលភាពផ្លូវចិត្តច្រើនទៀតផង។
លទ្ធផលស្រាវជ្រាវខាងលើនេះបានឆ្លុះបញ្ចាំងពីរឿងពិតនៃជីវិតផ្ទាល់ខ្លួនរបស់បុគ្គលល្បីៗក្នុងលោកជាច្រើន ហើយសូម្បីតែអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ក៏ធ្លាប់បានលើកឡើងផងដែរថា ឆាកជីវិតនយោបាយរបស់លោកប្រហែលមិនជោគជ័យដូចបច្ចុប្បន្នទេ ប្រសិនបើគ្មានលោកស្រី Michelle Obama។
អតីតប្រធានាធិបតីស្បែកខ្មៅរូបនេះធ្លាប់ថ្លែងនៅក្នុងបទសម្ភាសន៍មួយទៅកាន់លោកស្រី Oprah Winfrey កាលពីឆ្នាំ ២០១១ ដូច្នេះថា៖« ការពិតទៅ ខ្ញុំមិនអាចធ្វើអ្វីៗបានគ្រប់យ៉ាងទេ បើគ្មានភរិយារបស់ខ្ញុំ។ អ្នកទាំងអស់គ្នាធ្លាប់សួរខ្ញុំថា ធ្វើជាមនុស្សត្រឹមត្រូវរបៀបម៉េច ធ្វើម៉េចឲ្យមានតុល្យភាព ខ្ញុំអាចប្រឈមមុខទៅនឹងសម្ពាធទាំងឡាយបាន ក៏ព្រោះតែមាននារីម្នាក់នៅជិតខ្ញុំ។ គាត់មិនត្រឹមតែជាស្ត្រីដ៏អស្ចារ្យម្នាក់ប៉ុណ្ណោះទេ តែគាត់ជាខ្នងបង្អែកដ៏រឹងមាំមួយសម្រាប់ខ្ញុំ។ មួយថ្ងៃៗភរិយាខ្ញុំបានជួយខ្ញុំច្រើនយ៉ាងណាស់»។
ងាកទៅមើលប្រវត្តិគូស្នេហ៍ប្រធានក្រុមហ៊ុន Facebook ដ៏ល្បីល្បាញគឺលោក Mark Zuckerberg ឯណេះវិញ ក៏បានលើកឡើងដូចគ្នានេះពីភាពជោគជ័យរបស់លោកដែលបានរួមចំណែកយ៉ាងធំធេងចេញពីភរិយាអ្នកស្រី Priscilla Chan។ លោកថា ភរិយារបស់លោកគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតដែលជំរុញឲ្យលោកជោគជ័យរហូតមកដល់ពេលនេះ។ នេះបើយោងតាមការថ្លែងរបស់លោកមួយកាលពីឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យ Harvard។
យ៉ាងណាមិញបទពិសោធន៍ទាំងអស់នេះ មិនមែនកើតមានសម្រាប់តែបុរសៗជាស្វាមីឡើយ។ កាលពីឆ្នាំ ២០១៣ កន្លងទៅ ក្នុងបទសម្ភាសន៍មួយជាមួយលោកស្រី Winfrey តារាចម្រៀងអាមេរិក Beyonce ក៏ធ្លាប់បាននិយាយផងដែរថា ស្វាមីរបស់នាង គឺតារាងចម្រៀងរ៉េប Jay-Z គឺជាដៃជីវិតមិនអាចកាត់ថ្លៃបានដែលបានគាំទ្រ និងជួយនាងជោគជ័យជាបន្តបន្ទាប់។
«ខ្ញុំប្រហែលមិនអាចក្លាយជានារីម្នាក់នៅពេលនេះ ប្រសិនបើខ្ញុំត្រឡប់ទៅផ្ទះវិញដោយគ្មានបុរសម្នាក់នេះ។ គាត់ជាមនុស្សដែលបានផ្តល់មូលដ្ឋានគ្រឹះគ្រប់យ៉ាងឲ្យខ្ញុំ»។ នេះជាការលើកឡើងរបស់តារាចម្រៀង Beyonce ។
ហេតុដូច្នេះ តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះដើម្បីជំរុញឲ្យដៃគូជីវិតរបស់ខ្លួនជោគជ័យ? ការសិក្សាបានបង្ហាញថា ការលើកទឹកចិត្ត កោតសរសើរ និងការឲ្យតម្លៃដល់ការខិតខំប្រឹងប្រែងទៅវិញទៅមក ផ្តល់ទំនុកចិត្តដល់ដៃគូជីវិតរបស់អ្នក និងការពិភាក្សាពីអត្ថប្រយោជន៍នៃការទទួលខុសត្រូវ ឬការប្រឈមទៅនឹងបញ្ហាថ្មីៗ គឺជាមាគ៌ាសំខាន់នៃភាពជោគជ័យក្នុងជីវិតគូ៕
ប្រភព៖ cnbc