ឆមាសទី១នេះកម្ពុជានាំចេញផលិតផលក្នុងទំហំប្រាក់ជាង៦ប៊ីលានដុល្លារទៅកាន់ទីផ្សារធំៗ ៤
គិតត្រឹមឆមាសទី១ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារធំៗនៃប្រទេសចំនួន៤ ក្នុងទំហំសាច់ប្រាក់សរុបមានប្រមាណ ៦,៨ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះប្រទេសទាំងនោះរួមមាន ប្រទេសជប៉ុន ៧,៧%, ចក្រភពអង់គ្លេស ៦,៦%, សហរដ្ឋអាមេរិក ២៨% និង តំបន់អឺរ៉ុបមាន ២៦,៦%។ នេះបើតាមរបាយការរបស់ធនាគារជាតិនៃកម្ពុជា(NBC)។
បើទោះបីជាការនាំចេញមានជាង៦ប៊ីលានដុល្លារអាមេរិក ប៉ុន្តែបើងាកមកមើលពីទំហំនៃការនាំចូលផលិតផលពីបណ្ដាប្រទេសទាំងនោះមកកាន់ទីផ្សារកម្ពុជាវិញ គឺមានទំហំធំជាងការដែលកម្ពុជានាំចេញ។ ក្នុងនោះបើគិតពីទំហំសាច់ប្រាក់នៃការនាំចូលមានរហូតដល់ ១០,៤ប៊ីលានដុល្លារអាមេរិក។ ដោយក្នុងនោះកម្ពុជានាំចូលពី ប្រទេសចិន ៤៦%, ថៃ ១៥,៦%, វៀតណាម ១៣,២% និងប្រទេសជប៉ុនមានចំនួន ៤,៥%។
តាមប្រភពខាងលើបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបាន ៧,១% នៅឆ្នាំ២០១៩ តាមការរំពឹងទុក ដោយសារតែវឌ្ឍនៈភាពល្អនៃកំណើនការនាំចេញវិស័យសំណង់, វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ខណៈដែលវិស័យកសិកម្មមានកំណើនទាបនៅឡើយ ប៉ុន្តែកំពុងតែបន្តការកើនឡើងបន្តិចម្ដងៗ៕
ដោយ៖ ជួប ស្រីរ័ត្ន