សហស្ថាបនិកក្រុមហ៊ុន Inbiznest៖ ត្រូវគិត២ចំណុចនេះមុនសម្រេចចិត្តបើកអាជីវកម្ម
កុំសម្លឹងឃើញតែពីភាពជោគជ័យរបស់បុគ្គលឆ្នើមមួយចំនួនដែលនៅចំពោះមុខអ្នក រហូតធ្វើឲ្យខ្លួនឯងពុះកញ្ជ្រោលចង់ធ្វើតាមគេ ហើយភ្លេចគិតពីឧបសគ្គជាច្រើនដែលនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់បុគ្គលទាំងនោះ។ មុនសម្រេចចិត្តចាប់ផ្ដើមអាជីវកម្ម អ្នកគួរត្រៀមខ្លួនឲ្យបានសព្វជ្រុងជ្រោយតាមរយៈការទទួលយកចំណេះដឹងពីអ្នកជំនាញ និងមានបទពិសោធន៍ផ្នែកនេះ។ ខាងក្រោមនេះជាការចែករំលែកពី លោក ឆេង មករា សហស្ថាបនិកនៃក្រុមហ៊ុន Inbiznest នូវតិចនិកច ២ចំណុចដែលអ្នកត្រូវត្រៀមខ្លួនមុនចាប់ផ្ដើមបើកអាជីវកម្ម។
សហស្ថាបនិកនៃក្រុមហ៊ុន Inbiznest លោក ឆេង មករា បានប្រាប់ថាមុនចាប់ផ្ដើមអាជីវកម្មវាជាការចាំបាច់ណាស់ដែលតម្រូវឲ្យយើងត្រូវគិតគូរឲ្យបានល្អិតល្អន់។ ចំណុចដំបូងដែលត្រូវគិតនោះគឺផ្នែកទីផ្សារ ជាក់ស្ដែងទីផ្សារបច្ចុប្បន្នបានចូលជាទីផ្សារ Digital អ្វីៗត្រូវពឹងផ្អែកច្រើនលើប្រព័ន្ធអ៊ីនធឺណេត។ មួយវិញទៀតយើងត្រូវសម្លឹងថាតើទីផ្សារដែលយើងចង់ចូលនោះមានទំហំប៉ុនណា ហើយអ្នកណាខ្លះនឹងក្លាយជាអតិថិជនរបស់យើង ហើយតើយើងអាចទំនាក់ទំនងជាមួយពួកគាត់តាមវិធីណា។
លោកបន្តថា ធ្វើជាម្ចាស់អាជីវកម្មយើងត្រូវមានជំនាញច្រើន រួមមានជំនាញគ្រប់គ្រងក្នុងក្រុមហ៊ុន ការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការនានានៅក្នុងក្រុមហ៊ុនជាដើម សុទ្ធតែជាអ្វីដែលទាមទារឲ្យយើងត្រូវយល់ដឹងនិងស្វែងយល់ពីវិធីសាស្ត្រ ក៏ដូចជាយុទ្ធសាស្ត្របច្ចេកទេស ព្រោះនៅក្នុងក្រុមហ៊ុននីមួយៗគឺមានស្ថានភាពខុសៗគ្នា ដូច្នេះត្រូវចេះជំនាញឲ្យបានច្រើនទើបអាចគ្រប់គ្រងអាជីវកម្មរបស់ខ្លួនបាន៕
ដោយ៖ ជួប ស្រីរ័ត្ន