សុភាសិតអេស្ប៉ាញ «ស្វា​ដែល​ស្លៀកពាក់​ក្រណាត់​សូត្រ​នៅ​តែ​ជា​ស្វាដដែល»​



តម្លៃ​របស់​មនុស្ស​ផ្សំផ្គុំ​ដោយ​កត្តា​ច្រើន​យ៉ាង ប៉ុន្តែ​ក្នុង​នោះ​តម្លៃ​ដែល​សំខាន់​ជាង​គេ​របស់​មនុស្ស​អាច​ជា​ភាព​ស្មោះត្រង់​នឹង​ខ្លួនឯង។ អេស្ប៉ាញ​មាន​សុភាសិត​មួយ​ថា «ស្វា​ដែល​ស្លៀកពាក់​ក្រណាត់​សូត្រ​នៅ​តែ​ជា​ស្វាដដែល។» អ្នក​អាច​កុហក​អ្នកដទៃ​បាន​តែ​អ្នក​មិន​អាច​កុហក​ខ្លួនឯង​បាន​នោះ​ទេ។ សេចក្ដី​អាក្រក់​ឬ​សេចក្ដី​ល្អ​ដែល​អ្នក​បាន​សាង គឺ​មាន​តែ​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្លួនឯង​នេះ​ឯង​ទើប​ដឹង​ថា​ខ្លួនឯង​មាន​ចេតនា​បែប​ណា​យ៉ាង​ពិត​ប្រាកដ។

ការ​កុហក​ខ្លួនឯង​និង​អ្នកដទៃ​អាច​នឹង​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​បាន​មួយ​គ្រា ប៉ុន្តែ​ទី​បំផុត​ទៅ​អ្នក​គង់តែ​ត្រូវ​រស់នៅ​ជាមួយ​ការ​ពិត​ដដែល​នោះ​ទេ។ មនុស្ស​ខ្លះ​ធ្វើ​ពុត​សម្ដែង​ជា​មនុស្ស​ល្អ មាន​ចិត្ត​សប្បុរសធម៌ អាណិតអាសូរ​យល់​ទុក្ខធុរៈ​អ្នកដទៃ តែ​ចេតនា​ពិត​ខាងក្នុង​គឺ​ដើម្បី​បិទបាំង​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួនឯង ឬ​ធ្វើ​ដើម្បី​គ្រាន់តែ​ចង់​ឲ្យ​គេ​សរសើរ​តែ​ប៉ុណ្ណោះ ដោយ​ពុំ​មែន​ចេញ​ពី​ទឹកចិត្ត​ពិត​សោះ​ឡើយ។

បើ​សិន​ជា​អ្នក​ចង់​កសាង​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ពិត​ប្រាកដ នោះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ​គឺ​ទទួលស្គាល់​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួនឯង។ ទាល់តែ​អ្នក​ទទួលស្គាល់ នោះ​ទើប​អ្នក​អាច​ឆ្លង​រំលង​ផុត​ពី​វា​និង​កសាង​សេចក្ដី​ល្អ​ក្នុង​ខ្លួន​បាន។ មាន​ពេល​ខ្លះ​ទង្វើ​មិន​អាច​កំណត់​អ្វីៗ​បាន​ថា​ល្អ​ឬ​អាក្រក់​បាន​ទាំងអស់​នោះ​ទេ។ មាន​ពេល​ខ្លះ​ម្ដាយ​ស្ដី​ឲ្យ​កូន​ក៏​ដោយសារ​តែ​មាន​ចេតនា​ល្អ ពោល​គឺ​ចង់​ឲ្យ​កូន​ល្អ។ ឯ​អ្នក​ខ្លះ​ធ្វើ​ពុត​ជា​ផ្អែមល្ហែម​ដាក់​អ្នក​ខណៈ​ពេល​នៅ​ខាង​ក្នុង​ជម្រៅ​ចិត្ត​មាន​ចេតនា​ចង់​បំផ្លាញ​អ្នក​តែ​ប៉ុណ្ណោះ។


អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ចេតនា​ចិត្ត ហើយ​ត្រង់​ចំណុច​នេះ​មាន​តែ​ខ្លួនឯង​ដែល​ជា​អ្នក​ប្រព្រឹត្ត​នេះ​ឯង​យល់​ច្បាស់។ ការ​ពិត​អាច​ពិបាក​ទទួល​យក ប៉ុន្តែ​ទោះ​យ៉ាងណា​វា​នៅ​តែ​ជា​ការ​ពិត។ មិន​ថា​វា​ល្អ​ឬ​អាក្រក់ បើ​វា​ជា​ការ​ពិត នោះ​អ្នក​គួរ​ទទួល​យក​វា​ទៅ។ ទាល់តែ​អ្នក​ស្មោះត្រង់​ជាមួយ​ខ្លួនឯង នោះ​ទើប​អ្នក​អាច​កសាង​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​និង​មាន​ឧត្ដមគតិ​ម្នាក់​បាន។ វា​ជា​រឿង​ធម្មតា​នោះ​ទេ​ដែល​អ្នក​មាន​សេចក្ដី​អាក្រក់ ព្រោះ​វា​គឺជា​ធម្មជាតិ​របស់​មនុស្ស។ គ្មាន​នរណា​ម្នាក់​ដែល​មាន​តែ​ចំណុច​ល្អ​ទាំងអស់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​មាន​តែ​ចំណុច​អាក្រក់​នោះ​ដែរ៕

ដោយ៖ ស្រីពៅ

X
5s