សេដ្ឋី ៤នាក់ ​លាតត្រដាង​ថា តើ​ធ្វើការ​ថ្ងៃ​ចុង​សប្តាហ៍​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​​ដែរ​ឬ​អត់​?​



ជា​ទូទៅ សម្រាប់​ជីវិត​អ្នក​ធ្វើ​ការ​ឲ្យ​គេ តែង​មាន​ពេល​សម្រាក ២ ឬ​ ១​ថ្ងៃ​នៅ​ថ្ងៃ​​ចុង​សប្តាហ៍។ ក៏ប៉ុន្តែ​មាន​សំនួរ​មួយ​គឺ​ថា តើ​ធ្វើការ​ថ្ងៃ​ចុង​សប្តាហ៍​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​​ដែរ​ឬ​អត់​? ទាក់ទង​ទៅ​នឹង​ប្រធានបទ​នេះ មាន​សេដ្ឋី ៤ រូប​ចូល​មក​ពន្យល់ ក៏​ដូច​ជា​ផ្តល់​ដំបូន្មាន​ដល់​អ្នក​​ដើម្បី​ស្វែង​​យល់​បន្ថែម​លើ​ទស្សនៈ​ខាង​លើ​​នេះ​។ 

១. “របៀប​ដែល​អ្នក​ចំណាយ​ពេល​នឹង​ប្រាប់​ពី​អ្វីៗ​ដែល​អ្នក​​បាន​ផ្តល់​តម្លៃ​ឲ្យ​”
“ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ អ្នក​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​ការងារ​​អាទិភាព និង​សមត្ថភាព​ដើម្បី​និយាយ​បដិសេធន៍​ទៅ​កាន់​អ្វីៗ​ផ្សេង​ទៀត។ ការងារ​អាទិភាព​របស់​ខ្ញុំ គឺ​គ្រួសារ និង​ការងារ​។ សម្រាប់​ការងារ នៅ​ពេល​ណាក៏ដោយ ខ្ញុំ​មាន​បញ្ជី​ការងារ​​ចំនួន ៣ ដែល​ត្រូវ​ធ្វើ​​ដែល​ជួយ​ផ្តល់​គុណតម្លៃ​ដល់​អតិថិជន ក្រុមការងារ និង​ដៃគូ​រកស៊ី​របស់​យើង។ ខ្ញុំ​មាន​កូន ៣ នាក់។ ដោយសារ​ខ្ញុំ​រវល់​ធ្វើ​ការ​​ និង​ឧស្សាហ៍​ចេញក្រៅ​​ចាប់​ពី​ច័ន្ទ​ដល់​សុក្រ ដូច្នេះ​ខ្ញុំ​យក​ពេល​ថ្ងៃ​ចុង​សប្តាហ៍​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ និង​ទទួលទាន​អាហារ​ជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សុក្រ។ ខ្ញុំ​ជឿ​ថា ជម្រើស​របស់​យើង​នាំ​ឲ្យ​យើង​ធ្វើ​សកម្មភាព សកម្មភាព​របស់​យើង​នាំ​ឲ្យ​យើង​បង្កើត​បាន​ជា​ទម្លាប់ ហើយ​ទម្លាប់​បង្ហាញ​ពី​​អត្តចរិត​របស់​យើង។ ខ្ញុំ​ជឿ​ថា របៀប​ដែល​អ្នក​ចំណាយ​ពេល​លើ​​ធ្វើ​អ្វី​មួយ គឺ​បាន​បង្ហាញ​​ថា សកម្មភាព​នោះ​វា​សំខាន់​សម្រាប់​អ្នក​”។ 

​​លោកស្រី Marla Beck  ជា​ស្ថាបនិក​រួម និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CEO of Bluemercury។

២. “តុល្យភាព​ជីវិត និង​ការងារ គ្រាន់តែ​ជា​រឿង​ព្រេង​តែប៉ុណ្ណោះ”
“តុល្យភាព​រវាង​ជីវិត និង​ការងារ​គឺ​គ្រាន់តែ​ជា​រឿង​ព្រេង​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បើក និង​បិទ​​ច្រក​ផ្លូវ​​ក្នុង​ជីវិត​ការងារ​ឡើយ​។ វា​​កើតឡើង​ក្នុង​ពេល​ដំណាល​គ្នា។ ខ្ញុំ​មិន​​ដាក់​កំហិត​​ខ្លួន​ឯង​​​ឲ្យ​ត្រូវតែ​ធ្វើការ​តិច​ឬ​ច្រើន​ឡើយ​។ ខ្ញុំ​​ចំណាយ​ពេល​ធ្វើការ​នៅ​ពេលណា​ដែល​​ចាំបាច់ ហើយ​មិន​ចំណាយ​ពេល​លើ​វា​នៅ​ពេល​ណា​ដែល​មិន​ចាំបាច់។ ​​ខ្ញុំ​​ជួប​ប្រពន្ធ​ខ្ញុំ​គ្រប់ពេល​​ព្រោះ​គាត់​ជា​ផ្នែក​មួយ​​យ៉ាង​សំខាន់​នៃ​ក្រុមហ៊ុន​របស់​ខ្ញុំ​។ ខ្ញុំ​​​ដើរ​កម្សាន្ត ប៉ុន្តែ​​មិនមែន​មានន័យ​ថា ខ្ញុំ​បោះបង់​ការងារ​ទាំងស្រុង​ទេ​។ ជីវិត​ និង​ការងារ​ខ្ញុំ​ត្រូវតែ​ពេញចិត្ត​វា ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​វា​មាន​ប្រសិទ្ធភាព​បំផុត មិនមែន​ចេះតែ​រវល់​លើ​រឿង​ដែល​ឥតបានការ​ទេ។ ខ្ញុំ​បែងចែក​ពេល​បាន​ច្បាស់លាស់​ណាស់ ដូច​ជា មិន​លើក​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​​ឆ្លើយតប​បាន​ដែរ​បើ​​អ្នកណា​ម្នាក់​ដូច​ជា​ក្រុមការងារ​របស់​ខ្ញុំ​មាន​ការ​ចាំបាច់​ជាមួយ​ខ្ញុំ​​នៅ​ពេល​ខ្ញុំ​កំពុង​សម្រាក​លំហែកាយ”។ 

​​លោកPatch Baker ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CEO of Mobius Media Solutions ។ 

៣. “ជោគជ័យ​ទាមទារ​​ការ​កសាង​ទំនាក់ទំនង​នៅ​ជុំវិញ​​ទ្រនិច​នាឡិកា​របស់​អ្នក​”
“នៅ​ពេល​អ្នក​គ្រប់គ្រង​ជំនួញ អ្នក​ត្រូវ​កំណត់​តម្រូវការ​របស់​អតិថិជន​ថា ​ជា​រឿង​ចាំបាច់​។ វា​អត់​មាន​ពេល​ត្រូវ​និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាក អត់​ធ្វើការ​​ទេ! ជា​ពិសេស​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ​តែម្តង។ អ្នក​ចង់​ទិញ​ផ្ទះ គេ​មាន​ពេល​សម្រាក​តែ​ថ្ងៃ​ចុង​សប្តាហ៍។ អញ្ចឹង​ មិន​ធ្វើ​ការ​ថ្ងៃ​សៅ-អាទិត្យ​ មិនមែន​ជា​ជម្រើស​ល្អ​ទេ។ ចង់​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​ធ្វើ​ការ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ និង ៣៦៥ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ជំនួញ​អី​ក៏ដោយ ដើម្បី​ជោគជ័យ​បាន ទាល់តែ​អ្នក​អាច​ធ្វើ​ឲ្យ​គេ​ពឹងពាក់​បាន ទំនាក់ទំនង​បាន និង​​អាច​ឆ្លើយតប​​តម្រូវការ​​អតិថិជន​​បាន​។ មុន​ពេល​ខ្ញុំ​បញ្ចប់​ការងារ​​ក្នុង​ថ្ងៃ​នីមួយៗ ខ្ញុំ​​​បាន​បែកចែក​ពេល​មួយ​ឆ្លើយតប​សារ​ដែល​​បាន​ផ្ញើ​​ទៅ​​អ៊ីមែល និង​​បណ្ដាញ​សង្គម​របស់​ខ្ញុំ ។ ខ្ញុំ​ប្រកាន់​គោលការណ៍​ថា រាល់​ពាក្យពេចន៍​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​ពួកគេ​ គឺ​ត្រូវ​ផ្ដោត​លើ​ការ​កសាង​ទំនាក់ទំនង​ល្អ​ទៅ​វិញ​ទៅ​មក​​ជា​ធំ។ ”

លោកស្រី Dottie Herman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​អចលនទ្រព្យ​ Douglas Elliman  

៤. “យើង​មិន​គួរ​បែងចែក​រវាង​ថ្ងៃ​ធ្វើការ និង​ថ្ងៃ​ចុង​សប្តាហ៍​ទេ”
“ការ​បែងចែក​រវាង​ថ្ងៃ​​ធ្វើការ និង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ គឺ​ជា​ផ្នែក​មួយ​ធ្វើ​​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ប្រធានបទ​នេះ។ ​ខណៈ​ដែល​យើង​អាច​កំណត់​បាន​ច្បាស់​ថា​  តើ​ពេលណា​ត្រូវ​ធ្វើការ និង​ពេលណា​វា​មិន​ចាំបាច់​ធ្វើ ការ​យល់​ឃើញ​​​បែប​នេះ​វា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​វិញ។ តាម​ពិត​ទៅ តុល្យភាព​រវាង​​ជីវិត និង​ការងារ វា​មិនមែន​​ជា​ការ​បែងចែក​ច័ន្ទ-សុក្រ និង​សៅ-អាទិត្យ​អី​នោះ​ទេ! វា​គឺ​​ជា​ការ​ស្វែងរក​តុល្យភាព​​ទៅ​លើ​របៀប​ធ្វើការ​របស់​អ្នក។ សម្រាប់​ខ្ញុំ​ ​មានន័យ​ថា​ ថ្ងៃ​ចុង​សប្តាហ៍​អត់​​​កំណត់​ទេ​។ ប៉ុន្តែ​ដើម្បី​​ឆ្លើយតប​ទៅ​​នឹង​ការ​យល់​ឃើញ​នេះ ខ្ញុំ​ដឹង​ថា​ ខ្ញុំ​មិន​ចាំបាច់​ធ្វើការ​ ដល់​ទៅ​ ៤០ ម៉ោង​​ក្នុង​មួយ​សប្តាហ៍​​ដែរ​។  ជីវិត​របស់​ខ្ញុំ​​​បាន​​​ផ្ស៊ាំ​ទៅ​នឹង​ទម្លាប់​​មួយ​គឺ​ធ្វើ​ការ​នៅ​ពេល​ចាំបាច់ និង​​ទុក​វា​ចោល​ពេល​ដែល​មិន​ចាំបាច់”។

លោក  Dennis Najjar ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន  AccountingDepartment៕ 

ប្រភព៖ cnbc 

X
5s