ក្រៅពីដូណាលត្រាំនិងធនាគារកណ្តាល មានកត្តាអ្វីទៀតដែលនាំបញ្ហាដល់ទីផ្សារភាគហ៊ុន?​



អ្នកតាមដានសេដ្ឋកិច្ចពិភពលោក ពិសេសពាក់ព័ន្ធនឹងទីផ្សារភាគហ៊ុនពិភពលោកប្រាកដជាដឹងហើយថា ក្នុងរយៈពេលជាងមួយសប្តាហ៍នេះផ្សារហ៊ុនពិភពលោក ពិសេសក្នុងប្រទេសអាមេរិកផ្ទាល់តែម្តងកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ 

តាមការឲ្យដឹងពីសារព័ត៌មាន Bloomberg ការធ្លាក់ចុះនេះបណ្តាលមកពី ធនាគារកណ្តាលអាមេរិកបានប្រកាសកាត់អត្រាការប្រាក់ ក៏រួមផ្សំនឹងការចរចាសេដ្ឋកិច្ចរវាងចិននិងអាមេរិកដែលមិនទទួលបានផ្លែផ្កាផងដែរនោះ។ តែបើតាមការឲ្យដឹងពីលោក Jerome Powell ប្រធាន Federal Reserve បានបញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះនៃផ្សារហ៊ុននេះមិនត្រឹមតែមកពីការកំណត់របស់ធនាគារកណ្តាល និង ដោយសារលោក ដូណាលត្រាំ ប៉ុណ្ណោះទេ តែវាក៏បណ្តាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូលផងដែរ ពោលគឺវិនិយោគិនបានធ្វើការព្យាករណ៍ពីចំណូលរបស់ពួកគេក្នុងត្រីមាសទី ១ ដើមឆ្នាំនេះ។

 

រូបភាពពី៖ Bloomberg

ក្រុមហ៊ុនក្នុងចំណោមចង្កោម S&P 500 បានបង្ហាញពីលទ្ធផលរបាយការណ៍ត្រីមាសទី ២ របស់ពួកគេដែលបានព្យាករណ៍ដោយអ្នកជំនាញថា ភាគហ៊ុនរបស់គេនៅក្រោមតម្លៃទីផ្សារដល់ទៅ ៣% ហើយទិន្នន័យនោះចងក្រងដោយក្រុមហ៊ុន Goldman Sachs។ 

ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកធ្វើឲ្យវិនិយោគិនមានការព្រួយបារម្ភ និងធុញថប់យ៉ាងខ្លាំងព្រោះបរិយាកាសនៃម៉ាក្រូសេដ្ឋកិច្ចហាក់មិនអំណោយផលទាល់តែសោះ ពួកគេដឹងថាក្រុមហ៊ុន ក៏ដូចជាការវិនិយោគរបស់ពួកគេនឹងមិនអាចទទួលបានចំណូល និងផលល្អតាមការចង់បាននោះទេ ហើយក៏គ្មានលទ្ធភាពធ្វើឲ្យសកម្មភាពទីផ្សារមានភាពល្អប្រសើរបានដែរ។ មានក្រុមហ៊ុនមិនតិចទេដែលបានបន្ថយការព្យាករណ៍ពីកំណើនរបស់ខ្លួនសម្រាប់រយៈពេលរហូតទៅដល់ ៤ ឆ្នាំជាប់ៗគ្នា។

ពិតណាស់ តម្លៃភាគហ៊ុន និងសន្ទុះផ្សារហ៊ុនហាក់ត្រូវបានគែដាក់ច្រវ៉ាក់ជាប់ទៅនឹងគោលនេយោបាយរូបិយវត្ថុ និងគោលនយោបាយពាណិជ្ជកម្ម ដូចជាភាគហ៊ុននៅ S&P 500 បានធ្លាក់ចុះបន្ទាប់ពីធនាគារកណ្តាលអាមេរិកប្រកាសកាត់អត្រាការប្រាក់ កាលពីថ្ងៃពុធក្នុងសប្តាហ៍កន្លងទៅ ហើយវាក៏បានធ្លាក់ម្តងទៀតបន្ទាប់ពី ដូណាលត្រាំ ប្រកាសថានឹងដាក់ពន្ធសារជាថ្មីលើទំនិញចិន ដែលនេះជាការប្រកាសព័ត៌មានដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ច។ ទាំងនេះវាជាដើមចមដែលបណ្តាលឲ្យប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន និងការវិនិយោគត្រូវបានកាត់ផ្តាច់ ក៏ដូចជាការដាក់ទោសដោយប្រយោលលើវិនិយោគិន និងសេដ្ឋកិច្ចទាំងមូល។ 

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យសុទិដ្ឋិនិយមមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំពឹងទុករបស់ក្រុមហ៊ុនថា ក្រុមហ៊ុនអាចនឹងបង្កើនចំណូលដល់ជិត ៦% នៅក្នុងត្រីមាសទី ៤ និងឈានដល់ ១០% សម្រាប់ពេញមួយឆ្នាំ ២០២០ តែម្តង។

រូបភាពពី៖ Bloomberg 

គួរបញ្ជាក់ជាថ្មីឡើងវិញថា ដូណាលត្រាំ បានគ្រោងដាក់ពន្ធចំនួន ៣០០ ប៊ីលានដុល្លារលើទំនិញនាំចូលរបស់ប្រទេសចិន ដែលអាចកាត់បន្ថយប្រាក់ចំណេញរបស់ S&P 500 ពី ៦០ ទៅ ៧០% ខណៈការចំណាយ និង Corporate Confidence មានការកើនឡើង នេះបើយោងតាមការឲ្យដឹងពីធនាគារអាមេរិក៕

ដោយ៖ យ៉ាយ៉ា

 

X
5s