គោលការណ៍ ១០-១០-១ ដើម្បីសម្រេចក្ដីសុបិនរបស់អ្នក​



លោកស្រី Rachel Hollis និយាយថាមនុស្សម្នាក់ៗតែងតែមានក្ដីសុបិនធំ ប៉ុន្តែយើងមិនបានផ្ដល់នូវកម្លាំងថាមពលដល់ពួកគេនោះទេ។ ពេលខ្លះអ្នកចង់សម្រេចក្ដីសុបិនរបស់អ្នកឆាប់ៗ ដោយមិនបានគិតថាក្ដីសុបិនធំទាមទារការអត់ធ្មត់ និងការលះបង់នោះឡើយ។ លោកស្រី Rachel Hollis បានបង្ហាញនូវគោលការណ៍ ១០-១០-១ ដូចខាងក្រោម៖

១០ ឆ្នាំ (10 years)

ស្រមើស្រមៃពីចក្ខុវិស័យរបស់អ្នកក្នុងរយៈពេល១០ឆ្នាំខាងមុខ។ តើអ្នកចង់ឲ្យខ្លួនអ្នកក្លាយជានរណា? តើអ្នកនឹងស្លៀកសំលៀកបំពាក់បែបណា? តើអ្នកនឹងរស់នៅកន្លែងណា? តើអ្នកនឹងធ្វើអ្វី? តើអ្នកមានអារម្មណ៍បែបណា? អ្នកត្រូវសរសេរគោលដៅទាំងអស់នោះចូលក្នុងសៀវភៅកត់ត្រារបស់អ្នកទាំងអស់។  

ក្ដីសុបិន ១០ (10 dreams)

បន្ទាប់មក អ្នកត្រូវសរសេរនូវក្ដីសុបិនរបស់អ្នកចំនួន១០ដែលអ្នកចង់ក្លាយឲ្យវាក្លាយជាការពិត ដោយប្រើប្រាស់ចក្ខុវិស័យដែលអ្នកទើបតែស្រមៃ។ ឧទាហរណ៍ ប្រសិនបើអ្នកស្រមៃចង់ទិញឡានមួយគ្រឿងក្នុងរយៈពេល១០ឆ្នាំទៀត នោះក្ដីសុបិនរបស់អ្នកត្រូវមានលុយគ្រប់គ្រាន់ក្នុងការទិញឡាននៅក្នុងគណនីធនាគារបស់អ្នក។ សរសេរនូវក្ដីសុបិនរបស់អ្នកចូលក្នុងកូនសៀវភៅកត់ត្រារៀងរាល់ព្រឹក។ ឧទាហរណ៍៖ ខ្ញុំមានលុយ ៥០ ០០០ដុល្លារនៅក្នុងគណនីធនាគាររបសខ្ញុំ។ ការធ្វើបែបនេះធ្វើឲ្យអ្នកមានការគិតនិងការធ្វើសកម្មភាពដូចអ្នកជាមនុស្សដែលអ្នកចង់បាន។

គោលដៅ ១ (1 goal)

ដើម្បីពង្រឹងការផ្ដោតអារម្មណ៍របស់អ្នក អ្នកត្រូវស្រមៃគោលដៅមួយដែលអាចនាំអ្នកទៅកាន់គោលដៅរយៈពេល១០ឆ្នាំ។ ប្រហែលជាអ្នកមិនចង់មានបំណុល ហើយមានលុយសន្សំមួយចំនួនប្រើប្រាស់សម្រាប់ការចំណាយណាមួយ។ ឧទាហរណ៍៖ ខ្ញុំចង់មានលុយគ្រប់គ្រាន់។ នេះមិនទាន់ច្បាស់លាស់នោះទេ ការសរសេររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ និងអាចសម្រេចបាន។ អ្នកគួរតែសរសេរថា ខ្ញុំចង់មានលុយ ១០០ ០០០ដុល្លារក្នុងមួយឆ្នាំ និងចង់មានលុយ ៥០ ០០០ដុល្លារក្នុងគណនីធនាគាររបស់ខ្ញុំ។ ការសរសេរបែបនេះជួយឲ្យអ្នកអាចស្រមៃដោយភាពច្បាស់លាស់៕

ដោយ៖ លង់ វណ្ណៈ 

 

X
5s