ក្រុងនៃខេត្តទាំង៣នេះនឹងត្រូវអភិវឌ្ឍន៍ក្លាយជាគោលដៅទាក់ទាញទេសចរណ៍
ទីក្រុងនៃខេត្តចំនួនបីគឺ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ត្រូវបានក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» ដែលនឹងក្លាយទៅជាគោលដៅទាក់ទាញទេសចរណ៍ទី២បន្ទាប់ពីតំបន់ទេសចរណ៍ធំៗរបស់កម្ពុជាដូចជា សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងរាជធានីភ្នំពេញ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍ កាលពីទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រុងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ផងដែរ។ ឯកឧត្ដមក៏បានផ្ដល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរកិច្ចសហប្រតិបត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍
ដោយ៖ ជួប ស្រីរ័ត្ន