ខេត្តព្រះសីហនុ ទទួលបានគម្រោងអគារពហុមុខងារកម្ពស់៣៥ជាន់ថ្មី១ទៀត ពីក្រុមហ៊ុនចិន លើឆ្នេរអូត្រេះ
ព្រះសីហនុ៖ អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុនចិន អេវើ អឹសេន ឌីវេឡុបម៉ិន ឯ.ក កម្ពស់៣៥ជាន់ ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ នៅលើផ្ទៃនៃអគារជិត ៤៥ម៉ឺនក្រឡា ក្នុងខេត្តព្រះសីហនុ។
ក្នុងពិធីបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan the pure bay នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងដែរថា ការបើករដ្ឋានសាងសង់អគារមួយនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានសន្ទុះរីចចំរើន ព្រោះការសាងសង់អគារ Morgan The Pure Bay នៅលើឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។
ឯកឧត្តមបន្តថា គម្រោងសាងសង់អគារ Morgan The Pure Bay នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជាមានការរីកចំរើនបន្ថែមទៀត តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ ហើយវត្តអាគារពហុមុខងារ Morgan The Pure Bay កំពស់៣៥ជាន់នេះ នឹងអាចចូលរួមផ្តល់ការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង ។
ឯកឧត្តមបន្តថា ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានការវិនិយោគពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេវិនិយោគិនជនជាតិចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមានសន្ទុះអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សស្ទើគ្រប់វិស័យ ។
លោកអភិបាលខេត្តបន្តថា វិនិយោគិន ភាគច្រើនបានបោះទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយផ្តោតទៅលើវិស័យពាណិជ្ជកម្ម សេវាកម្ម ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ និងកាស៊ីណូជាដើម ដោយក្នុងនោះប្រទេសចិន ស្ថិតនៅចំណាត់ថ្នាក់លេខ១ , កូរ៉េលេខ២ និងជប៉ុនលេខ៣។
គួរបញ្ជាក់ថា វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានសន្ទុះរីកចម្រើនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ២០០៧ រហូតដល់ខែកក្កដា ឆ្នាំ ២០១៩ មាន សំណង់ដែលទទួលបានលិខិតអនុញ្ញាតច្បាប់សាងសងមានចំនួន ៨១៩ គម្រោង ក្នុងនោះអគាររាប់ពីកំពស់ ៥ ជាន់ឡើងដល់ ៤០ ជាន់មាន ២១៨ គម្រោង៕
ដោយ៖ ស្រីពេជ្រ