ក្នុងឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ​CDC​ បានអនុម័ត​​ ១៥៣​គម្រោង​ក្នុង​ទំហំ​ទុន​ជាង​៥ពាន់​លាន​ដុល្លារ​



គិត​ត្រឹម​រយៈពេល​ ៦ខែ​នា​ដើម​ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ១៥៣​គម្រោង ក្នុង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៣​គម្រោង និង​ខាង​ក្រៅ​ចំនួន ១១០​គម្រោង សរុប​ទុន​វិនិយោគ​ប្រមាណ​ជាង ៥ ១៨០ ​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ការ​ងារ​សម្រាប់​ពលរដ្ឋ​បាន​ជាង ១៧០​ពាន់​កន្លែង។ នេះ​បើ​តា​ម​ការ​លើក​ឡើង​របស់​ឯកឧត្ដម ឯក ថា អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា ក្នុង​សន្នីសីទ​សារព័ត៌មាន​ស្ដី​ពី​សមិទ្ធផល​១ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត។

ឯកឧត្ដម ឯក ថា លើក​ឡើង​ថា  ​រយៈពេល​៦​ខែ​ដូច​គ្នា​កាល​ពី​ដើម​ឆ្នាំ​២០១៨ CDC ទទួល​បាន​តែ​១០៦​គម្រោង​ទេ ដោយ​ក្នុង​នោះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៣១​គម្រោង និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ ៧៤​គម្រោង សរុប​ទុន​ប្រមាណ​ជាង​ ៣៥០០​លាន​ដុល្លារ​អាមេរិក។ បើ​ប្រៀបធៀប​និង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៩​នេះ​គឺ​មាន​ការ​កើន​ឡើង​រហូត​ដល់​៥ពាន់​លាន​ដុល្លារ​អាមេរិក។

ឯកឧត្ដម​ថា ការ​ដែល​វិនិយោគិន​ជាតិ​នឹង​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា​ដោយ​សារ​តែ​ គេ​សម្លឹង​ឃើញ​ពី​សក្ដានុពល​របស់​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍។ ហើយ​បើ​យើង​និយាយ​ពី​វិស័យ​ទេសចរណ៍​វិញ​អាច​និយាយ​បាន​ថា​ កម្ពុជា​យើង​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ខ្លាំង​ណាស់​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​វិស័យ កសិឧស្សាហកម្ម ស្ថិរភាព​សេដ្ឋកិច្ច រួម​ទាំង​ច្បាប់​ក្នុង​ការ​វិនិយោគ​ដ៏​ល្អ​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៨ CDC ទទួល​បាន​គម្រោង​វិនិយោគ​សរុប​ចំនួន ២៥៥​គម្រោង​ ដោយ​ក្នុង​នោះ​មាន​១៧៦ ស្ថិត​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​៧៩​កន្លែង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សរុប​ទំហំ​ទុន​វិនិយោគ​មាន​ប្រមាណ​ជាង ៦៤៥០​លាន​ដុល្លារ ក្នុង​នោះ​វិនិយោគិន​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ មាន​៥១%, កម្ពុជា​លេខ២​មាន ៣៦%, និង ជប៉ុន​លេខ​៣ មាន​១៣៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s