អ្នកនេសាទឥណ្ឌូនេស៊ីរងផលប៉ះពាល់ដោយសារការកំពប់ប្រេងនៅខាងលិចកោះជ្វា
នៅតំបន់ការ៉ាវាង ភាគខាងលិចកោះជ្វា អ្នកនេសាទសមុទ្រជាច្រើនពាន់នាក់កំពុងជួបបញ្ហាជីវភាព ដោយសារអាជីវកម្មនិងរបរប្រចាំថ្ងៃរបស់ពួកគេបានគំរាមកំហែងដោយសារប្រេងកំពប់ក្នុងសមុទ្រ។
ត្រីនិងជីវិតសត្វសមុទ្រជាច្រើនបានស្លាប់ និងមួយចំនួនបានភៀសខ្លួនទៅតំបន់ផ្សេងបន្ទាប់ពីមានករណីកំពប់ប្រេងក្នុងសមុទ្រដែលនៅមិនឆ្ងាយពីឆ្នេរប៉ុន្មានទេ ប្រហែលជា ២គីឡូម៉ែត្រ នៅភាគខាងលិចកោះជ្វា នេះបើតាមការឲ្យដឹងពីអ្នកនេសាទម្នាក់ដេលកំពុងលាងសម្អាត និងជួសជុលសំណាញ់របស់គាត់នៅជិតឆ្នេរនោះ។ លោកបន្តថា លោកធ្លាប់តែអាចនេសាទបានហើយចំណូលពីការលក់គឺប្រមាណ ១លានរូពី (ប្រហែល ៧០ ដុល្លារ) ក្នុងមួយថ្ងៃ តែពេលនេះលោកមិនអាចរកចំណូលបានទេ ព្រោះមិនអាចចេញនេសាទបាន(គ្មានត្រីដូចមុន) ជាងនេះទៀតលើផ្ទៃទឹកមានសុទ្ធតែប្រេងខ្មៅពាសពេញ ទោះជានេសាទបានក៏គ្មាននរណាចង់ទិញដែរ។
រូបភាពពី CNA ដោយ៖ Nivell Rayda
អ្នកនេសាទដដែលបានបន្តទៀតថា “គណនីសន្សំរបស់ខ្ញុំកាន់តែហោចទៅហើយ ខ្ញុំមិនដឹងថាគ្រួសារខ្ញុំអាចរស់ដល់ពេលណាទេបើស្ថានការណ៍អាក្រក់នេះកាន់តែអូសបន្លាយនោះ”។
គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីឈ្មោះ Pertamina ដែលប្រតិបត្តិការស្ថានីយ៍ខួងប្រេង YYA-1 ដែលមានបញ្ហាបាននិយាយថា ការបញ្ចេញឧស្ម័នភ្លាមៗនៅថ្ងៃទី ១២ ខែកក្កដា បណ្តាលឱ្យមានការបញ្ចេញប្រេងឆៅចេញពីអណ្តូងប្រេង។ Pertamina បាននិយាយថាខ្លួនបានដាក់ពង្រាយនាវាផ្ទុកប្រេងច្រើនជាង ២ គ្រឿងមានប្រវែងជាង ២ គីឡូម៉ែត្រ ដែលនាំឲ្យការលេចធ្លាយប្រេង ហើយនាំឲ្យអ្នកនេសាទនិងអាជីវករក្នុងស្រុករាប់ពាន់នាក់កំពុងរងផលប៉ះពាល់ពីផលប៉ះពាល់បរិស្ថាននិងសេដ្ឋកិច្ច។
ទោះបីជាស្ថានការណ៍ពេលនេះមិនអាក្រក់ដូចសប្តាហ៍ទី ១ បន្ទាប់ពីការកំពប់ប្រេងក៏ដោយ ក៏ប្រេងនៅតែបន្តសាយភាពឆ្ពោះទៅកាន់តំបន់ឆ្នេរ ហើយក៏បន្តធ្វើដំណើរទៅកាន់តែឆ្ងាយទៅកាន់កោះរាប់ពាន់នៅហ្សាការតាគិតជាចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភាគខាងលិចអណ្តូងខួង។ ការកំពប់ប្រេងបានបំពុលទឹកក្នុងផ្ទៃទឹកទំហំ ៤៥ គីឡូម៉ែត្រក្រឡា នេះបើយោងតាមការវាយតម្លៃរបស់សកម្មជនមកពីវេទិកាឥណ្ឌូនេស៊ីដើម្បីបរិស្ថានដែលប៉ះពាល់ដល់ជីវភាពរបស់អ្នកនេសាទរាប់ពាន់នាក់៕
ដោយ៖ យ៉ាយ៉ា