ក្រសួង​អនុញ្ញាត​លើ​គម្រោង​រុករក​រ៉ែ​លោហៈ​ក្នុង​ខេត្ត​ក្រចេះ​



បន្ទាប់​ពី​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​លើ​ការ​ពិនិត្យ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម (IESIA) ដែល​ដឹក​នាំ​ដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការនៃ​ក្រសួង​បរិស្ថាន កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​បាន​សម្រេច​អនុញ្ញាត​ដល់​ក្រុមហ៊ុន RENAISSACE MINERALS (CAMBODIA) LIMITED លើ​គម្រោង​រុករក​រ៉ែ​លោហៈ នៅ​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​ក្រចេះ លើ​ទំហំ​ផ្ទៃ​ដី​ចំនួន​១៩៨ គីឡូម៉ែត្រ​ការ៉េ (ស្មើ​នឹង ១៩.៨០០ ហិកតា) ។

តាម​ប្រភព​ពី​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំ​ស្នួល ឃុំ​ស្រែចារ ឃុំ​ឃ្សឹម ស្រុក​ស្នួល និង ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ របស់​ក្រុមហ៊ុន  RENAISSACE MINERALS (CAMBODIA) LIMITED (ម្ចាស់​គម្រោង) និង​រៀបចំ​របាយការណ៍ ​IESIA ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ E&A CONSULTANT CO.,LTD។

បន្ទាប់​ពី​ការ​ជជែក និង​ផ្តល់​យោបល់ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បាន​លើក​ឡើង​នូវ​លទ្ធផល​ដូច​ខាង​ក្រោម៖

១. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែលោហៈ​តំបន់​ស្នួល​នេះ

២. ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​យក​មតិយោបល់​របស់​អង្គ​ប្រជុំ​ដែល​បាន លើក​ឡើង​ទៅ ធ្វើ​ការ​កែសម្រួល​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ឡើង​វិញ​ឱ្យ​បាន ច្បាស់​លាស់ រួច​ដាក់​ជូន​ក្រសួង​បរិស្ថាន

៣. បញ្ហា​ដីធ្លី៖ ម្ចាស់​គម្រោង​ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផ្ទៃដី​ដែល ពាក់ព័ន្ធ​ទាំង​ដីសម្បទាន​សេដ្ឋកិច្ច និង​ដីរបស់​ប្រជាជនឱ្យ​បាន​រួចរាល់មុន​នឹង​ចាប់​ផ្តើម​ចុះសិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ ជៀសវាង​មាន​បាតុភាព​ណា​មួយ​កើត​ឡើង

៤. បញ្ហា​គុណភាព​ទឹក ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​សហការ​ជា​មួយ​ជំនាញ​ក្នុង​ការវិភាគ​ប៉ារ៉ាម៉ែត្រ អាសេនិច​ឡើង​វិញ

៥. ម្ចាស់​គម្រោង​ត្រូវ​យក​ចិត្ត​ទុកដាក់​លុប​រន្ធ​ខួង​នានា​ឱ្យ​បាន​ត្រឹមត្រូវ ក្រោយ​ពេល​បញ្ចប់ការខួង​រន្ធ៕ 

 

រូបភាព៖ La Reine Media

ដោយ៖ ជួប ស្រីរ័ត្ន

X
5s