នៅ​អាមេរិក​មាន​លុយ​ប៉ុន្មាន​ទើប​ចាត់​ទុក​ថាជា​អ្នកមាន?​



ដើម្បី​ចាត់ទុក​ថា​ជា "អ្នកមាន” ប្រជាជន​អាមេរិក​និយាយ​ថា អ្នក​ត្រូវការ​ទ្រព្យសម្បត្តិ​យ៉ាងហោចណាស់ ២,៣ លាន​ដុល្លារ​ដែរ។ នេះ​បើ​យោង​តាម​ការ​​បោះឆ្នោត​ស្ទាបស្ទង់​មួយ​​ដែល​ទើប​បញ្ចប់​ថ្មីៗ ធ្វើ​ឡើង​ដោយ​គេហទំព័រ ​​  SeniorLiving.org ​ទៅ​លើ​មនុស្ស​ពេញវ័យ​ចំនួន ១ ០០០ នាក់។

សម្រាប់​ជីវិត​អ្នក​ធ្វើ​ការ​ឲ្យ​គេ​វិញ អ្នក​ត្រូវការ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​​លើស ៣ សែន​ដុល្លារ​​ទើប​អាច​​ចាត់ទុក​ថា ជា​អ្នកមាន។ បើ​គេ​យក​ចំនួន​នេះ​ទៅ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់​ចំណូល​ប្រជាជន​អាមេរិក​កាល​ពី​ឆ្នាំ ២០១៧ ជា​មធ្យម​ពួកគេ​អាច​រក​បាន ៦០ ៣៣៦ ដុល្លារ ខណៈ​ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​វិញ ជា​មធ្យម​មាន​ចំនួន ៩៧ ៣០០ ដុល្លារ​សម្រាប់​ឆ្នាំ ២០១៦ កន្លង​ទៅ។ 

លទ្ធផល​នេះ​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​ទៅ​នឹង​ការសិក្សា​ស្រាវជ្រាវ Schwab Modern Wealth Index ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ។ មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី ២១ ដល់​ ៧៥ ឆ្នាំ​បាន​និយាយ​ថា អ្នក​ត្រូវ​មាន​ទ្រព្យសម្បត្តិ​ចំនួន ២,២៧ លាន​ដុល្លារ​ទើប​ចាត់ទុក​ថា អ្នក​ជា​អ្នកមាន​នៅ​លើ​ទឹកដី​អាមេរិក។

យ៉ាងណាមិញ​បើ​ទោះបីជា​​​អ្នក​គិត​ថា ចង់​ក្លាយ​ជា​អ្នក​មាន​តាមវិធី​ណា​ក៏ដោយ សូម​កុំ​រង់ចាំ​​ពេលវេលា​មក​ដល់​ដើម្បី​កសាង​ភាព​មាន​បាន​របស់​អ្នក។  អ្នក​​​​មិន​អាច​ចំណាយ​ពេល​ត្រឹម​មួយ​យប់​ហើយ​ភ្ញាក់​ឡើង​ក្លាយ​ជា​អ្នកមាន​​បាន​ទេ។ ​ប៉ុន្តែ​តាមរយៈ​ការ​សន្សំ​ពេញ​មួយ​ជីវិត និង​ការ​វិនិយោគ​​​របស់​អ្នក​​អាច​​​ធ្វើ​ឲ្យ​អ្នក​មាន​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន ​និង​​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ។

ដូច​លោកស្រី Farnoosh Torabi អ្នក​ជំនាញ​ហិរញ្ញវត្ថុ និង​ជា​អ្នកនិពន្ធ​ជនជាតិ​អាមេរិក​ដើមកំណើត​អ៊ីរ៉ង់​បាន​លើក​ឡើង​ថា ការ​កសាង​ភាព​មាន​បាន​ ​​គឺ​​បេសកកម្ម​ដែល​អ្នក​ត្រូវ​បំពេញ​អស់​ជីវិត។ ​

«ក្នុង​ករណី​ខ្លះ​ ​ចង់​ធ្វើ​អ្វី​ជាមួយ​លុយ​របស់​អ្នក អាច​មាន​ដែន​កំណត់ ជា​ពិសេស​នៅ​ពេល​អ្នក​មាន​បំណុល ឬ​ការ​ចំណាយ​ផ្សេងៗ។ ប៉ុន្តែ​ការ​ផ្សាំ​ខ្លួន​ទៅ​នឹង​ទម្លាប់​សន្សំសំចៃ​ គឺ​ជា​រឿង​សាមញ្ញ​​ណាស់ ហើយ​វា​អាច​ផ្តល់​ផល​ត្រឡប់​មក​ឲ្យ​យើង​វិញ​នៅ​ក្នុង​រយៈពេល​យូរ»។ អ្នកស្រី Farnoosh Torabi ពន្យល់​បន្ថែម។ 

ប្រភព៖ cnbc ​

 

X
5s