ម៉ាឡេស៊ីនឹងពង្រឹងការវិនិយោគបន្ថែមលើវិស័យកសិកម្មកម្ពុជា
ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ កាលពីពេលថ្មីៗកន្លងទៅ បានលើកឡើងពីគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ព្រមទាំងបានបង្ហើបថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួននឹងមកទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមអំពីសក្ដានុពលនៃវិស័យកសិកម្មកម្ពុជា។
ក្នុងជំនួបនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថាកន្លងមករដ្ឋាភិបាលរបស់ម៉ាឡេស៊ីតែងគាំទ្រដល់ផលិតផលកសិកម្មរបស់កម្ពុជា។ ក្នុងនោះលោកក៏បានបង្ហាញដល់ភាគីម៉ាឡេស៊ី ពីការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកប្រមាណជិត៤លានតោន ហើយឆ្នាំនេះកម្ពុជាក៏បាននាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧ លានតោន។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងឧស្សាហកម្ម។
ជាការឆ្លើយតបចំពោះការលើកឡើងខាងលើ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានកោតសរសើរ និងគាំទ្រចំពោះការលើកឡើងរបស់ភាគីកម្ពុជា លោកថា ភាគីម៉ាឡេស៊ីរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង៕
ដោយ៖ ជួប ស្រីរ័ត្ន