ហេតុផល ១៥ យ៉ាងបង្ហាញថាភាពស្មោះត្រង់គឺសំខាន់បំផុត
អ្វីទៅជាភាពស្មោះត្រង់? ពាក្យពីរម៉ាត់ខ្លី ងាយអាន ងាយយល់ តែមិនងាយកំណត់មួយនេះ គ្មាននរណាម្នាក់អាចវាស់ស្ទង់វាបានជាក់លាក់ឡើយ។
អ្នកដែលអាចប្រើពាក្យស្មោះត្រង់នេះឲ្យបានត្រឹមត្រូវមានតែអ្នកដែលកំពុងប្រព្រឹត្តទេ ទើបអាចដឹងថាខ្លួនកំពុងស្មោះត្រង់ឬអត់។ វាជាអារម្មណ៍ដ៏រឹងមាំមួយ ជឿច្បាស់ តែមិនអាចពណ៌នាបានដោយពាក្យសម្តីបានទេ។ ហេតុអ្វីបានជាពាក្យថា “ស្មោះត្រង់" គេចាត់ទុកថាជារឿងសំខាន់ខ្លាំងម្ល៉េះក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា? តើភាពស្មោះត្រង់បង្រៀនអ្វីខ្លះដល់អ្នក? ចង់ដឹងចម្លើយទៅអាចចំនុចទាំង ១៥ ខាងក្រោមទាំងអស់គ្នា៖
១) ធ្វើឲ្យមានសុវត្ថិភាព
គ្មានអ្វីត្រូវព្រួយបារម្ភទេបើម្នាក់ៗសុទ្ធតែមានភាពស្មោះត្រង់ ចំពោះការរស់នៅគឺមិនចាំបាច់ព្រួយបារម្ភពីអសន្តិសុខបរិស្ថាននៃការរស់នៅ ចំណែកក្នុងទំនាក់ទំនងវិញគឺផ្តល់សន្តិសុខសុវត្ថិភាពផ្លូវចិត្ត មិនបានរម្ភពីការក្បត់នៃដៃគូឬភាគីណាមួយរបស់ខ្លួន។
២) បង្កើតបានជាទំនាក់ទំនង
ការរាប់អាន ភាពស្និតស្នាលកើតឡើងពីការទុកចិត្ត ការទុកចិត្តបានមកពីភាពស្មោះត្រង់។ គ្មាននរណាម្នាក់អាចបន្តទំនាក់ទំនង ឬសម្ព័ន្ធភាពជាមួយមនុស្សដែលខ្លួនមិនអាចទុកចិត្តបាន ឬមនុស្សដែលតែងក្បត់ខ្លួនឡើយ។
៣) ក៏ជាការស្មោះត្រង់ចំពោះខ្លួនឯងដែរ
កុំស្មោះតែជាមួយអ្នកដទៃ អ្វីដែលអ្នកគួរធ្វើគឺការស្មោះត្រង់ជាមួយខ្លួនឯង។ ស្មោះត្រង់ចំពោះខ្លួនឯងគឺជាការគោរពខ្លួនឯង មានភាពទទួលខុសត្រូវ និងធ្វើឲ្យខ្លួនមានសីលធម៌។
៤) សកម្មភាពមួយនៃភាពមិនស្មោះត្រង់ គឺបំផ្លាញអ្វីៗដែលអ្នកធ្លាប់បានសាងឡើងមក
បោកប្រាស់ ក្បត់ទំនុកចិត្តដៃគូអ្នកម្តង ភាគរយនៃការទុកចិត្តរវាងអ្នកនឹងគេត្រូវបានកាត់បន្ថយបន្តិច ហើយបើអ្នកបន្តបោកប្រាស់ ឬក្បត់គេទៀតមិនយូរទេ ភាគរយនៃទំនុកចិត្តនោះនឹងនៅសល់ត្រឹមសូន្យភាគរយជាក់ជាមិនខាន វាបានបំផ្លាញអស់ហើយអំពើល្អដែលអ្នកបានសាងកន្លងមក។
៥) ភាពស្មោះត្រង់នាំមកជូនអ្នកនូវក្តីស្រលាញ់
មនុស្សនៅជុំវិញខ្លួនអ្នកនឹងស្រលាញ់អ្នក ដោយសារភាពស្មោះត្រង់ដែលអ្នកផ្តល់ឲ្យគេ។ ស្រលាញ់មិនមែនសំដៅតែលើស្នេហាមួយមុខទេ វាជាការសណ្តោសប្រណីដែលអ្នកនឹងទទួលបានពីទង្វើអ្នក។
៦) វាបង្កើតនូវទំនាក់ទំនងពិសេសមួយដល់អ្នក
វាអាចជាទំនាក់ទំនងលើសពីមិត្ត មិនឈានដល់កម្រិតមួយជ្រាលជ្រៅ។ អ្នកមិនអាចស្វែងរកស្នេហាពិតមួយឃើញទេដរាបណាអ្នកមិនទាន់បង្រៀនចិត្តខ្លួនឯងឲ្យចេះស្មោះ។
៧) អ្នកនឹងទទួលបានភាពស្មោះត្រង់ត្រលប់មកវិញ
មិនខុសទេ ពេលអ្នកសាងអ្វី អ្នកនឹងទទួលបានអំពើដែលអ្នកសាងដូចគ្នា ទោះមិនមែនម្នាក់នោះ (អ្នកដែលអ្នកបានប្រព្រឹត្តអ្វីមួយលើគេ) មិនតបស្នង តែនៅមានអ្នកដទៃនឹងតបស្នងវាមកអ្នកវិញមិនខាន។
៨) អ្នកមិនដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនអ្នកត្រូវខកចិត្តពីរឿងស្មោះត្រង់ទេ
ការសម្ងាត់ ឬមានអ្វីកើតឡើង អ្នកនឹងមិនធ្វើឲ្យដៃគូ ឬអ្នកនៅជុំវិញខ្លួនមានការព្រួយបារម្ភថា ការសម្ងាត់ ឬបញ្ហារបស់គេត្រូវបានលាតត្រដាងដោយសារអ្នកដែរ។ ដោយសារភាពស្មោះត្រង់របស់អ្នកវាធ្វើឲ្យគេមានអារម្មណ៍ថាកក់ក្តៅពេលនៅជាមួយអ្នក។
៩) អ្នកនឹងមានមិត្តច្រើន
អ្នកនឹងមិនបានសង្កេតទេថាអ្នកមានមិត្តច្រើន ឬតិច ពេលខ្លះដោយសារអ្នកជាមនុស្សមិនសូវចេះនិយាយស្តីអ្នកអាចគិតថាខ្លួនមិនមានអ្នករាប់អានច្រើន។ តែពេលដែលអ្នកមានបញ្ហាអ្នកប្រាកដជាដឹងថា ភាពស្មោះត្រង់បានជួយអ្នកឲ្យរកបានមិត្តច្រើន អាចជួយយកអាសារអ្នកបានពេលមានទុក្ខលំបាក។
១០) ភាពមិនស្មោះត្រង់នឹងធ្វើឲ្យអ្នកឈឺចាប់ជាងអ្នកបានធ្វើវាចំពោះអ្នកដទៃទៅទៀត
កម្មពារមានពិតមែន ហើយមិនចាំទាល់តែដល់ជាតិក្រោយទើបឃើញផលទេ វានឹងបង្ហាញអ្នកឆាប់ៗពីទង្វើដែលអ្នកបានធ្វើ។ ពិសេសបើអ្នកបំផ្លាញនរណាម្នាក់ដោយភាពមិនស្មោះត្រង់របស់អ្នក អ្នកដទៃនឹងបំផ្លាញអ្នក ហើយអ្នកនឹងឈឺចាប់ជាងអ្វីដែលអ្នកដទៃគេទទួលពីអ្នកទៀត។
១១) គ្មាននរណាអាចបំភ្លេចភាពស្មោះត្រង់របស់អ្នកបានឡើយ
អំពើល្អមិនសាបសូន្យទេ វានឹងស្ថិតក្នុងការចងចាំរបស់អ្នកដែលទទួលបានភាពស្មោះត្រង់ពីអ្នក។
១២) អ្នកនឹងក្លាយជាបុគ្គលិកដ៏ល្អម្នាក់
បូកផ្សំជាមួយចំនេះដឹង និងបទពិសោធន៍ អ្នកនឹងក្លាយជាបុគ្គលិកម្នាក់ដែលក្រុមហ៊ុនណាក៏ចង់បានអ្នកដែរ។
១៣) ការអភិវឌ្ឍខ្លួន
អ្នកនឹងអាចអភិវឌ្ឍខ្លួនបានល្អជាងអ្នកដទៃព្រោះដោយសារភាពស្មោះត្រង់របស់អ្នក។
១៤) ការគោរព
ភាពស្មោះត្រង់ធ្វើឲ្យអ្នកជាមនុស្សដែលចេះគោរពខ្លួនឯង ដូច្នេះអ្នកដទៃក៏ផ្តល់ការគោរពដល់អ្នកវិញដូចគ្នា។
១៥) អ្នកនឹងមានមោទនភាពចំពោះខ្លួនឯង
ដោយសារអ្នកអាចធ្វើអ្វីមួយដែលអ្នកដទៃមិនងាយធ្វើបាន ហើយអ្នកនៅតែប្រកាន់ទង្វើនោះជាប់ជានិច្ចដើម្បីរក្សាតម្លៃខ្លួនជាអ្នក។ មានមនុស្សច្រើនណាស់លើពិភពលោក ហេតុអ្វីគេមិនអាចធ្វើបានដូចអ្នក នេះហើយជាចំនុចខ្លាំងរបស់អ្នក៕
ដោយ៖ យ៉ាយ៉ា