ធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សម្នាក់អាចស៊ូទ្រាំជាមួយការឈឺចាប់ជាងអ្នកដទៃ?​



ការឈឺចាប់គឺជាអ្វី? ហេតុអ្វីមនុស្សត្រូវរងទុក្ខជាមួយការឈឺចាប់? តែមានមនុស្សមួយចំនួនអាចអត់ទ្រាំជាមួយការឈឺចាប់បាន ខណៈមានមនុស្សមួយចំនួនប្រើការឈឺចាប់ដើម្បីបំផ្លាញខ្លួនឯង។ ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​អត់​ទ្រាំនឹង​បញ្ហា​ នឹ​ងការ​ឈឺ​ចាប់​ទៅវិញ​ តោះ​ទៅ​មើលចំនុចខាងក្រោម៖

១) មនុស្សម្នាក់ៗកើតមកដើម្បីរៀន

ការឈឺចាប់ មានខុសអីពីរឿងបរាជ័យ ហេតុអ្វីអ្នកត្រូវយកវាជាទណ្ឌកម្មដាក់លើខ្លួនឯង។ អ្នកមិនអាចដឹងមុនបានទេត្រូវទេថា ការឈឺចាប់មួយនេះវានឹងផ្តល់ជាមេរៀនល្អយ៉ាងណាដល់អ្នក ហើយអ្នកនឹងប្រើវាជាបទពិសោធន៍អ្វីខ្លះសម្រាប់ពេលអនាគត។ មនុស្សម្នាក់ៗ មិនមែនកើតមកសម្រាប់តែអត់ទ្រាំរហូតទេ តែមកពីគេចេះប្រើការឈឺចាប់នោះឲ្យមានន័យ ជាងអ្នកឯទៀតដែលបណ្តោយខ្លួនឲ្យការឈឺចាប់ជាន់ពន្លិច។

២) ពេលអ្នកប្រើការឈឺចាប់ជាតម្លៃសម្រាប់ខ្លួនឯង

បើគិតឲ្យដិតដល់ ហើយអ្នកចេះឲ្យតម្លៃនូវអ្វីដែលមាននៅជុំវិញខ្លួនរាប់ចាប់ពីរឿងដែលធ្វើឲ្យអ្នករីករាយ និងបញ្ហាដែលធ្វើឲ្យអ្នកឈឺក្បាល ខកចិត្តអ្វីទាំងអស់។ ហេតុអ្វីបានជាវាមានតម្លៃបើការឈឺចាប់ធ្វើឲ្យយើងប៉ះទង្គិចផ្លូវចិត្តទៅហើយនោះ តែដូចដែលបានលើកឡើងខាងដើមអ្នកប្រាកដជានឹងមានបទពិសោធន៍កាន់តែច្រើននៅពេកដែលអ្នកប្រើការឈឺចាប់ដើម្បីសិក្សា និងបង្កើនការប្រុងប្រយ័ត្នក្រែងជួបបញ្ហាដដែលម្តងទៀត។

៣) ពេលខ្លះអាចបណ្តាលមកពីការឈឺចាប់ខុសគ្នា ទំហំនៃការអត់ទ្រាំក៏ខុសគ្នា

រឿងរ៉ាវរបស់មនុស្សម្នាក់ៗវាមិនដូចគ្នាទេ អ្នកអាចជួបរឿងនេះតែអ្នកដទៃជួបរឿងនោះ។ តែពេលខ្លះបីជាបញ្ហាដូចគ្នាក៏ដោយ តែទំហំនៃបញ្ហានៅតែខុសគ្នាព្រោះមានតែខ្លួនឯងម្នាក់ៗទេទើបដឹងថាការឈឺចាប់វាជ្រៅកម្រិតណា ឬរាក់កម្រិតណា ឬម្នាក់នោះគាត់មានបញ្ហាបន្ថែមមកច្រើនជាងយើងកម្រិតណាទៀត។ 

៤) ការអត់ធ្មត់អាចជួយឲ្យអ្នកមានសេរីភាព

ការដែលអត់ធ្មត់ព្រោះចង់ធ្វើឲ្យខ្លួនឯងមានសេរីភាព សេរីភាពនេះមានន័យថាយើងមិនដាក់គំនាបខ្លួនជាមួយនឹងការឈឺចាប់នោះ។ យើងដឹងថាខ្លួនឯងកំពុងជួបការលំបាក ជួបរឿងរ៉ាងឈឺចាប់គឺយើងកំពុងមានដំបៅ ដូច្នេះយើងចេះទុកពេលឲ្យខ្លួនឯងមើលថែខ្លួនឯង ព្យាបាលរបួសឲ្យបានជាសះស្បើយ នេះហើយជាជម្រើសដែលមនុស្សម្នាក់ជ្រើសរើសការអត់ធ្មត់ជាជាងទ្រុឌទ្រោមតាមការឈឺចាប់។

៥) ព្រោះអ្នកមានភាពចាស់ទុំគ្រប់គ្រាន់

មនុស្សដែលតែងអត់ធ្មត់បង្ហាញថាជាមនុស្សដែលមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងអារម្មណ៍ និងគ្រប់គ្រងមហិច្ឆតាខ្លួនឯង ព្រោះមនុស្សដែលឈឺចាប់មួយចំនួនមិនមែនមកពីអ្នកដទៃធ្វើឲ្យឈឺចាប់ទេ តែមកពីភាពចង់បានហួសហេតុរបស់ខ្លួន តែបែរជាមិនបានទើបទៅជាខូចចិត្តជាប់ជាមួយភាពឈឺចាប់បែបនេះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s