វិធី ៥ យ៉ាងផ្តល់ជាគំនិតយោបល់ជំរុញឲ្យនរណា​ម្នាក់​រីកចម្រើនដោយមិនរុញរា​



មនុស្សម្នាក់ដឹងច្បាស់ថាខ្លួនឯងកំពុងស្ថិតនៅចំនុចណា ឈរនៅត្រង់កន្លែងណា តែដោយសារការមិនទុកចិត្តខ្លួនឯងទើបបណ្តាលឲ្យមនុស្សម្នាក់មានភាពរុញរាក្នុងការធ្វើការងារអ្វីមួយ ឬការសម្រេចចិត្តណាមួយ។

ចង់លើកទឹកចិត្តនរណាម្នាក់តាមរយៈការផ្តល់ជាគំនិតជំរុញឲ្យគេបានរីកចម្រើនដោយមិនរុញរាគួរធ្វើតាម ៥ ចំនុចខាងក្រោមនេះ៖

១) ផ្តោតអារម្មណ៍លើគេឲ្យបានច្រើន

បើអ្នកចង់ឲ្យមនុស្សម្នាក់អភិវឌ្ឍខ្លួនឯងពិតមែន អ្នកគួរយល់ពីម្នាក់នោះឲ្យបានច្បាស់ថាគេជាមនុស្សមានអត្តចរិតបែបណា គេខ្សោយអ្វីខ្លះ គេពូកែផ្នែកណាខ្លះ គេចាប់យល់កម្រិតណា ចូលចិត្តឲ្យអ្នកដទៃផ្តល់ដំបូន្មាន ឬណែនាំឬទេ។ បើអ្នកមិនបានសិក្សាពីគេឲ្យបានល្អិតល្អន់ទេ អ្នកនឹងក្លាយជាមនុស្សម្នាក់ខុសដោយសារតែអំពើល្អរបស់ខ្លួនជាមិនខាន។ 

២) និយាយជាមួយគេបែបឯកជនបំផុត

ការលើកទឹកចិត្ត ការផ្តល់ដំបូន្មាន ឬគំនិតយោបល់ដល់មនុស្សម្នាក់ មិនថារឿងល្អឬរឿងអាក្រក់ទេ អ្នកគួរគប្បីធ្វើវាជាលក្ខណៈឯកជនតែពីរនាក់គេទៅបានហើយ។ ធ្វើបែបនេះជាការផ្តល់កិត្តិយស ការណែនាំដែលមានទំនុកចិត្តបំផុតព្រោះមនុស្សមួយចំនួនមិនចូលចិត្តបើកកកាយបញ្ហារបស់ខ្លួនក្នុងចំណោមមនុស្សទេ។

៣) ត្រូវប្រាកដថាគេជាមនុស្សដែលត្រូវការការណែនាំ ឬផ្តល់យោបល់ពីអ្នក

ការដែលចង់ឲ្យនរណាម្នាក់មានភាពរីកចម្រើនជារឿងមួយល្អ តែមិនប្រាកដថាអ្នកដទៃទាំងឡាយដែលអ្នកហួងហែងនោះបានយល់ពីការព្រួយបារម្ភចង់ជួយនិងការយកចិត្តទុកដាក់របស់អ្នកឬទេ។ មនុស្សមួយចំនួនដឹងច្បាស់ថាខ្លួននៅក្នុងកម្រិតណា ហើយត្រូវការរីកចម្រើនបន្ថែមកម្រិតណាទៀត តែអ្វីៗមិនអាចទៅជាប្រសើរឡើងបានដោយសារការមិនទទួលយកដំបូន្មាន និងគំនិតយោបល់អ្នកដទៃ។

៤) ផ្តោតលើអ្វីដែលអ្នកបានកត់សម្គាល់

ពេលអ្នកផ្តល់យោបល់ក្នុងន័យកែលម្អបុគ្គលណាម្នាក់ អ្នកត្រូវធ្វើការផ្តោតសំខាន់លើចំនុចដែលអ្នកបានកត់សម្គាល់ទុកថាគេនៅខ្វះខាតចំនុចណា សមត្ថភាពផ្នែកអ្វីដែលគេត្រូវពង្រឹងបន្ថែម តែត្រូវចាំថាឲ្យគេកែប្រែម្តងមួយឬពីរចំនុចសិន ចៀសវាងការណែនាំដែលឲ្យគេកែប្រែម្តងសឹងទាំងអស់ទោះបីគេខ្សោយគ្រប់មុខក៏ដោយ។ ហេតុដែលអ្នកចាំបាច់ធ្វើបែបនេះព្រោះដើម្បីកុំឲ្យគេមានអារម្មណ៍ថាគេកំពុងទទួលរងសម្ពាធពីអ្នកហើយបែរជាធុញថប់នឹងទឹកចិត្តដ៏ល្អរបស់អ្នកទៅវិញ។

៥) បង្ហាញពីគំនិត និងគោលបំណងថាគេអាចបង្កើនសមត្ថភាពបាន

មុនពេលដែលអ្នកព្យាយាមផ្តល់យោបល់ដើម្បីឲ្យនរណាម្នាក់កែប្រែ ឬអភិវឌ្ឍខ្លួនអ្នកគួរតែផ្តល់ហេតុផលឲ្យបានច្បាស់លាស់ពីគោលបំនងនៃការកែប្រែនេះ ថាតើគេនឹងទទួលបានអ្វីពីការកែលម្អមួយនេះ។ ពេលគេដឹងថាការកែប្រែខ្លួននឹងបានផលប្រយោជន៍អ្វីខ្លះ ពេលនោះគេនឹងមិនរុញរាក្នុងការធ្វើវាទេ ហើយគោលបំណងដែលអ្នកចង់ឃើញភាពរីកចម្រើនរបស់គេក៏មិនត្រូវបានខកចិត្តដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s