អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ៖ ត្រូវរៀនវិនិយោគមុននឹងរៀនរកស៊ី
«នៅពេលដែលខ្លួនឯងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មឬរកស៊ីទេ សូមកុំតាំងខ្លួនឯងថាជាអ្នកខ្លាំងអី គឺត្រូវរៀនវិនិយោគសិនមុនពេលដែលយើងចង់ចេញទៅរកស៊ី» ទាំងនេះជាការលើកឡើងរបស់លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (CAM-PAINT)។
លោកអគ្គនាយក សោម សម្បត្តិ លើកឡើងថា នៅពេលដែលយើងមានលុយតិចតួចយើងត្រូវស្វែងរកមើលអ្នកដែលពូកែរកស៊ី ហើយត្រូវយកលុយរបស់យើងទៅចូលរួមវិនិយោគជាមួយគេសិន ធ្វើបែបនេះគឺដើម្បីឲ្យយើងអាចរៀនសូត្រ និងលួចមើលពីរបៀបរកស៊ីរបស់គេថាតើគេរកស៊ីយ៉ាងមិច។ មិនត្រូវធ្វើខ្លួនជាខ្លាំង ជាអ្នកពូកែហើយចេញមកភ្លាមរកស៊ីតែម្ដង ទាំងដែលខ្លួននៅមិនទាន់មានបទពិសោធន៍តិចតួច ឬមិនទាន់មាននោះទេ។
លោកសម្បត្តិថា «បន្តក់(វិនិយោគ)តិចៗជាមួយគេទៅ ជូនកាលយើងមិនបាច់ទៅរកស៊ីផង ព្រោះបើយើងបន្តក់(វិនិយោគ)ត្រូវតែ២ ទៅ៣កន្លែង ការពិតទៅយើងបានចូលខ្លួនជាម្ចាស់ហ៊ុននោះ យើងក្លាយទៅជាការរកស៊ីបាត់ទៅហើយ» លោកបន្តដោយការនិយាយជាការលេងសើចផងថា «អ្នកខ្លះចង់ក្លាយជាអ្នករកស៊ី តែពេលខ្លះចង់ខ្លាំងពេករកមិនទាំងគ្រប់នឹងស៊ីទៀត»។
លោកបន្តលើកឡើងថា «ចំណេញតិចៗ វាប្រសើរជាងម្ដងខាតម្ដងចំណេញ ដូច្នេះទើបបានជាខ្ញុំថាឲ្យរៀនបន្តក់តិចៗជាមួយគេសិនទៅ ព្រោះថាខ្ញុំនេះគឺជាជើងមួយដែលចូលចិត្តហក់លោត ហើយបើនិយាយពីរឿងខាតវិញក៏មិនតិចដែរ ប៉ុន្តែដោយសារតែពូកែគំនិតទើបមានពេលខ្លះក៏អាចហក់ត្រូវបានខ្លះ»៕
ដោយ៖ ជួប ស្រីរ័ត្ន