ផ្លាតុង៖ «អ្នកប្រាជ្ញនិយាយដោយសារតែពួកគេមានអ្វីត្រូវនិយាយ មនុស្សល្ងង់និយាយពីព្រោះតែពួកគេត្រូវនិយាយ។»
ជាធម្មជាតិ មនុស្សម្នាក់ៗមានមាត់មួយដូចគ្នា ប៉ុន្តែមិនប្រាកដថាមនុស្សទាំងអស់សុទ្ធតែចេះប្រើមាត់និយាយនោះទេ។ មនុស្សមួយចំនួននិយាយដោយសារតែចង់អួតអាង ដើម្បីយកមុខយកមាត់ និយាយដើម្បីខ្លួនល្អ ខ្លួនត្រឹមត្រូវ ខណៈមនុស្សមួយចំនួនទៀតនិយាយដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។
ផ្លាតុង ផ្លាតុងគឺជាបិតាទស្សនវិជ្ជាលោកខាងលិច បាននិយាយថា៖ «អ្នកប្រាជ្ញនិយាយដោយសារតែពួកគេមានអ្វីត្រូវនិយាយ មនុស្សល្ងង់និយាយពីព្រោះតែពួកគេត្រូវនិយាយ។» នេះបានន័យថាអ្នកមានចំណេះដឹងគេមិននិយាយដោយសារតែចង់និយាយនោះទេ ប៉ុន្តែគេនិយាយដើម្បីជាប្រយោជន៍ដល់អ្នកដ៏ទៃ និយាយផ្ដល់ចំណេះដឹង ផ្ដល់ការត្រិះរិះពិចារណា និយាយលើកទឹកចិត្ត។ ពួកគេមិននិយាយអ្វីដែលមិនមែនជាការពិត ដើម្បីខ្លួនល្អត្រឹមត្រូវ ដើម្បីឲ្យអ្នកដទៃមើលទៅខ្លួនអស្ចារ្យនោះទេ។
ចំណែកមនុស្សខួរក្បាលអន់ឬមនុស្សល្ងង់វិញនិយាយដើម្បីឲ្យអ្នកដទៃឈឺចាប់ ដើម្បីបញ្ឈឺអ្នកដ៏ទៃ និយាយដើម្បីបង្កាច់បង្ខូចអ្នកដ៏ទៃ និយាយដើម្បីអ្នកដទៃក្ដៅក្រហាយ និយាយឥតប្រយោជន៍ និយាយឆ្កឹះឆ្កៀល និយាយបោកប្រាស់ និយាយដើមគេ និយាយដោយមិនមើលហេតុផល ពេលខ្លះនាំរឿងឈឺក្បាលដល់អ្នកជិតខ្លួនថែមទៀតផង។
ជាមនុស្ស គួរតែនិយាយអ្វីដែលមានប្រយោជន៍ដល់អ្នកដទៃ និយាយផ្ដល់ចំណេះដឹង និយាយផ្ដល់ការអប់រំ និយាយផ្ដល់ដំណោះស្រាយ និយាយលើកទឹកចិត្ត និយាយផ្ដល់ពុទ្ធិដល់អ្នកស្ដាប់។ កុំធ្វើជាមនុស្សគ្មានប្រយោជន៍ នាំរឿងឈឺក្បាលដល់អ្នកដទៃ តែត្រូវធ្វើជាមនុស្សមានប្រយោជន៍។ ដូចនេះមុននឹងនិយាយអ្វីមួយអ្នកត្រូវប្រើប្រាស់ខួរក្បាលក្នុងការគិតពិចារណាឲ្យបានល្អិតល្អន់ កុំមានមាត់ចេះតែនិយាយ។
សូក្រាត បាននិយាយថា៖ «ធម្មជាតិផ្ដល់អ្នកត្រចៀកពីរ ភ្នែកពីរ អណ្ដាតមួយ ដូច្នេះអ្នកគួរស្ដាប់និងមើលឲ្យច្រើនមុននិយាយ»។
ព្រះសម្មាសម្ពុទ្ធ មានពុដ្ឋីការថា៖ «អណ្ដាតប្រៀបដូចជាកាំបិតដ៏មុតស្រួច វាអាចសម្លាប់មនុស្សដោយគ្មានឈាមមួយតំណក់»៕
ដោយ៖ លង់ វណ្ណៈ