គម្រោង​រោងចក្រ​៤​ក្នុង​ទំហំ​ទុន​ជាង​២០​លាន​ដុល្លារ​ទទួល​បាន​ការ​យល់​ព្រម​ពី​CDC​



គម្រោង​រោងចក្រ​ផលិត​ថង់​ក្រណាត់ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ រោងចក្រ​ផលិត​កេស​កាតុង​ និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ សរុប​ទុន​វិនិយោគ​ប្រមាណ​ ២០,២​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​អនុម័ត​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ហើយ​តាម​រយៈ​គម្រោង​នេះ​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​ចំនួន ២.៤៩០ កន្លែង។

ក្រុមហ៊ុន “KPNL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ក្រណាត់​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ដីឡូតិ៍លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៩លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៤៨​កន្លែង។

ក្រុមហ៊ុន “XINYAO UNION (CAMBODIA) GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ២ ភូមិ​ត្រកៀត ឃុំ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៥លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.០២៣​កន្លែង។

ក្រុមហ៊ុន “XING BANG PAPER INDUSTRIAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស ផលិត​កេស​កាតុង និង​ថង់​ក្រដាស ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ក្រាំងទ្រា ឃុំ​ព្រៃនិព្វាន្ត ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឹ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៨លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៨២ កន្លែង។

ក្រុមហ៊ុន “KHMER FRESH MILK CO.,LTD.” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​រោងចក្រ​កែច្នៃ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ឧកាសាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ មាន​ទុន​វិនិយោគ ១០លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៧​កន្លែង៕

 

រូបភាព៖ RFI

ដោយ៖ ជួប ស្រីរ័ត្ន

X
5s