សិង្ហបុរីរឹបអូសបានភ្លុកដំរីនិងស្រការសត្វពង្រូលខុសច្បាប់បានរាប់សិបតោន​



យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថាថ្មីៗនេះ ប្រទេសសិង្ហបុរីបានរឹបអូសនាវាមួយដែលដឹកភ្លុកដំរីជិត ៨.៨ តោនដែលនេះជាការរឹបអូសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារពីអាជ្ញាធរគយសិង្ហបុរី អាជ្ញាធរអន្តោប្រវេសន៍និងអធិការកិច្ច (ICA) និងក្រុមប្រឹក្សាភិបាលឧទ្យានជាតិបានចេញផ្សាយថាភ្លុកដំរីទាំងនោះត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសសិង្ហបុរីពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ក្នុងចំណោមទំនិញខុសច្បាប់នោះដែរគឺមានស្រការសត្វពង្រូលជាង ១១.៩ តោនដែលត្រូវបានរឹបអូសជាមួយនឹងភ្លុកដំរីទាំងនោះផងដែរ។ មុនដំបូង កុងតេន័រទាំងបីនៅលើនាវាដឹកជញ្ជូននោះត្រូវបានគេសង្ស័យថាផ្ទុកឈើប្រណិតខុសច្បាប់ ហើយគេបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់កាលពីថ្ងៃទី ២១ ខែកក្កដា។ ប៉ុន្តែផ្ទុយស្រឡះ ក្នុងកុងតេន័រទាំងនោះគឺផ្ទុកទៅដោយភ្លុកដំរីនិងស្រកាសត្វពង្រូលដែលជាទំនិញខុសច្បាប់ដែលមានតម្លៃរាប់លានដុល្លារអាមេរិកទៅវិញ។

អាជ្ញាធរនិយាយថាភ្លុកដំរីទាំងនោះដែលបានមកពីដំរីជិត ៣០០ ក្បាលមានតម្លៃ ១២.៩ លានដុល្លារអាមេរិកនិងស្រការសត្វពង្រួលដែលត្រូវបានគេប៉ាន់ប្រមាណថាបានមកពីសត្វពង្រូលជាង ២០០០ ក្បាលមានតម្លៃជាង ៣៥.៧ លានដុល្លារអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថាសត្វពង្រួលគឺជាសត្វទោលដែលមានស្រការពាសជុំវិញខ្លួនដែលត្រូវបានប្រជាជនអាស៊ីមួយចំនួនជឿថាជាថ្នាំបុរាណដែលអាចជួយព្យាបាលជម្ងឺរាប់រយមុខបានយ៉ាងប្រសិទ្ធភាព។ ហើយគេក៍ប្រមាញ់សត្វនេះសម្រាប់យកសាច់បរិភោគផងដែរ។ ស្រការសត្វពង្រួលក្នុងឆ្នាំ ២០១៩ នេះគឺសរុបបានទៅដល់ជាង ៣៧.៥ តោនជាងដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរីរឹបអូសបាន។ ហើយកាលពីខែមេសាឆ្នាំនេះ សិង្ហបុរីរឹបអូសបានភ្លុកដំរីជាង ១៧៧ គីឡូក្រាម។

ក្នុងទ្វីបអាហ្វ្រិក គឺព្រានព្រៃតែងតែប្រមាញ់សត្វដំរីរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំដើម្បីយកភ្លុកទៅធ្វើជំនួញក្នុងទីផ្សារងងឹត។ ភាគច្រើន តម្រូវការនៃភ្លុកដំរីទាំងនេះគឺមានច្រើនមកពីប្រទេសចិនដែលប្រជាជនចិនយល់ឃើញថាភ្លុកសត្វតំណាងឲ្យអំណាចនិងទ្រព្យសម្បត្តិ។ យោងតាមលោក Tanya Steele នាយកប្រតិបត្តិរបស់ World Wildlife Fund មានប្រសាសន៍ឲ្យដឹងថាតាមការប៉ាន់ប្រមាណគឺសត្វដំរីជាង ៥៥ ក្បាលត្រូវបានគេសម្លាប់យកភ្លុកជារៀងរាល់ថ្ងៃដែលភ្លុកទាំងនោះត្រូវបានយកទៅដាប់ជារូបចម្លាក់និងគ្រឿងអលង្ការផ្សេងៗ៕

ដោយ៖ នឿន វណ្ណៈ

X
5s