៥ខែដើមឆ្នាំ ២០១៩ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនឡើងជាង ១១%
គិតត្រឹមរយៈពេល ៥ខែនាដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ ដែលចំនួននេះបានកើនឡើងចំនួន ១១.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ប៉ុន្តែដោយឡែកភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាម អាកាសយានដ្ឋានអន្តរជាតិសៀមរាបបែរជាមានការធ្លាក់ចុះខ្លះទៅវិញ។ នេះបើយោងតាមក្រសួងទេសចរណ៍ដែលបានចុះផ្សាយ។
ក្នុងចំណោមចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជារួមមាន ភ្ញៀវទេសចរដែលមកតាមផ្លូវអាកាសមានចំនួន ២,០១៨,៩៣៥ ដែលមានការកើនឡើងចំនួន ១៦,៩%។ ដោយក្នុងចំណោមនោះភ្ញៀវដែលចូលមកតាមច្រកភ្នំពេញមានចំនួន ៩២៣,៧៧១នាក់ ដែលកើនឡើងចំនួន ១៧,៦% ចូលតាមច្រកសៀមរាបមានចំនួន ៨៤៦,២៦៧ នាក់ដែលមានការថយចុះ ៤.៥% និងតាមច្រកកងកេងមានចំនួន ២៤៨,៨៩៧នាក់ កើនបាន ៣៤៤,៩%។
តាមប្រភពដដែលបានបង្ហាញថា ចំនួនភ្ញៀវដែលចូលមកតាមផ្លូវគោកមានចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១% និងចូលមកតាមផ្លូវទឹកមានចំនួន ៨៣,៧៥២នាក់ កើនឡើង ១៥.៤%។ តាមរយៈរបាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ ដែលមានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕
ដោយ៖ ជួប ស្រីរ័ត្ន