អជ្ញាធរ​ជាតិ​អប្សរា​គ្រោង​សាងសង់​ផ្លូវ​សម្រាប់ទេសចរជិះ​កង់ ប្រវែង​២៣​គីឡូ​ម៉ែត្រ​នៅ​តំបន់​អង្គរ​



ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរដែល​មាន​បំណង​ចង់​ចូល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ការ​ជិះ​កង់ អជ្ញាធរជាតិ​អប្សរា​គ្រោង​នឹង​សាងសង់​ផ្លូវ​សម្រាប់​កង់​ដែល​មាន​ប្រវែង​២៣​គីឡូម៉ែត្រ​នា​ពេល​អនាគត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុជាតិ​កម្ពុជា។

លោក ឡុង កុសល អនុប្រធាន​ផ្សព្វផ្សាយ​អជ្ញាធរ​ជាតិ​អប្សរា ប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា​ ក្រុម​ជំនាញ​កំពុង​សិក្សា​លើ​លទ្ធភាព​នៃ​ការ​សាងសង់​ផ្លូវ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាជន​ក្នុង​តំបន់ ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​ជិះកង់​ទៅ​រៀន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ​ផង​ដែរ។

លោក​ថា គម្រោង​ផ្លូវ​នេះ​គឺ​សាងសង់​ដាច់​ដោយ​ឡែក​ពី​ផ្លូវ​ម៉ូតូ-ឡាន​ដែល​ជា​ផ្លូវ​ទ្វេ​ទិស​ មាន​ទទឹង​២​ម៉ែត្រ និង​មាន​ចង្អូរ​ផ្លូវ​ទឹក​សងខាង ដើម្បី​កុំ​ឲ្យ​មាន​ទឹក​ដក់​រដូវ​វស្សា ហើយ​ផ្លូវ​នេះ​គឺ​ស្រប​នឹង​ផ្លូវ​ធ្វើ​ដំណើរ​បច្ចុប្បន្ន។ ជា​មួយ​និង​គម្រោង​នេះ​ដែរ រមណីយដ្ឋាន​អង្គរ​នា​ថ្ងៃ​អនាគត​នឹង​ត្រូវ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ផ្សែង​ពល និង​សំឡេង​រំញ័រ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ៕

រូបភាព៖ PhnomPenh Time

អត្ថបទ៖ ក្រសួង​ព័ត៌មាន

 

X
5s