វៀតណាមកំពុងទាក់ទាញវិនិយោគិនពីបរទេសដើម្បីធ្វើការអភិវឌ្ឍកំពង់ផែរបស់ខ្លួន
យោងតាមការឲ្យដឹងពី Vietnam Maritime Administration វៀតណាមកំពុងធ្វើការលើកទឹកចិត្តដល់វិនិយោគិនជុំវិញពិភពលោកឲ្យមកវិនិយោគដើម្បីអភិវឌ្ឍកំពង់ផែក្នុងប្រទេសរបស់ខ្លួន។ ប្រព័ន្ធកំពង់ផែប្រទេសមួយនេះមានភាពទាក់ទាញការវិនិយោគយ៉ាងសំបើម ជួយបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញពីចំនួន ៣.៤ លានតោនក្នុងឆ្នាំ ១៩៩៥ ទៅដល់ ១៦៥.៧ លានតោននៅឆ្នាំ ២០១៧។
រូបតំណាង
មូលនិធិសាធារណៈគឺជាការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលភ្ជាប់កំពង់ផែសំខាន់ ទៅកាន់មជ្ឍមណ្ឌលក្នុងតំបន់ (មជ្ឍមណ្ឌលសេដ្ឋកិច្ច)។ ដោយសារថវិកាមានកំណត់ ដូច្នេះចំពោះការអភិវឌ្ឍមានតែធ្វើការជំរុញលើកទឹកចិត្តឲ្យមានការបណ្តាក់ទុនវិនិយោគពីបរទេស និងអ្នកដឹកជញ្ជូនទូទាំងពិភពលោកដើម្បីបង្កើនប្រតិបត្តិការបន្ថែម ជាមួយនឹងការចូលរួមសហការជាលក្ខណៈសាធារណៈ-ឯកជនដើម្បីឲ្យប្រទេសមានកំពង់ផែធំជាងមុន នេះបើតាមប្រសាសន៍លោក Trịnh Thế Cường អ្នកគ្រប់គ្រងរដ្ឋបាលនៃ Vietnam Maritime Administration។
រូបតំណាង
លោក Nguyễn Ngọc Huệ ប្រធានសមាគមកំពង់ផែផ្លូវទឹក និងវិស្វកម្មនាយសមុទ្រវៀតណាមបានឲ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ។ ការដឹកជញ្ជូនទំនិញក្នុងស្រុកមានត្រឹមតែ ៥.២% ប៉ុណ្ណោះ ចំណែក ៩២% ទៀតនៃការដឹកជញ្ជូនជាការនាំចេញនាំចូល។ ទំហំនៃការដឹកជញ្ជូនតាមសមុទ្រមានការកើនឡើងជាមធ្យម ១០.៩% ក្នុងមួយឆ្នាំ។
Lê Quang Trung អគ្គនាយករងនៃ Việt Nam Maritime Corporation បាននិយាយថា វៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សលើការដឹកជញ្ជូនក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះឆ្នាំ ២០០៧ ទៅ ២០១៧ អត្រាកំណើនមាន ១៤.៤%។ ចំនួនកុងតេន័រដែលបានមកដល់កំពង់ផែវៀតណាមមានចំនួន ១១.៥ លាន TEU ក្នុងឆ្នាំ ២០១៨។
លោក Nguyễn Ngọc Huệ បានបញ្ជាក់បន្ថែមថា ការដឹកជញ្ជូនដែលបានឆ្លងកាត់កំពង់ផែមានតម្លៃសរុប ៤៤២ លានតោនក្នុងឆ្នាំ ២០១៧ ហើយគេព្យាករណ៍ថានឹងកើនដល់ ៦៤០ ទៅ ៦៨០ លានតោនក្នុងឆ្នាំ ២០២០ ហើយក៏នឹងបន្តកើនឡើងបន្ថែមទៀតក្នុងឆ្នាំ ២០៣០ រហូតដល់ ១.០៤ ទៅ ១.១៦ លានតោន។
យុទ្ធសាស្រ្តអភិវឌ្ឍន៍ដែនសមុទ្រ
យុទ្ធសាស្រ្តដែនសមុទ្ររបស់វៀតណាមរហូតដល់ឆ្នាំ ២០២០ គឺការបង្កើតភាពរឹងមាំមួយនៅដែនសមុទ្រ និងដើម្បីទទួលភាពមានបានពីសមុទ្រ។ ប្រទេសវៀតណាមបានសំឡឹងមើលការធ្វើទំនើបកម្មការដឹកជញ្ជូនតាមសមុទ្រ ពង្រឹងគុណភាព ធ្វើឱ្យវាមានតំលៃសមរម្យនិងមានសុវត្ថិភាព កាត់បន្ថយការបំពុល និងការប្រើប្រាស់ថាមពល មានការរួមបញ្ចូលជាមួយទីផ្សារនៃការដឹកជញ្ជូនទាំងក្នុងតំបន់ និងទូទាំងពិភពលោក។
គួរបញ្ជាក់ថា សព្វថ្ងៃវៀតណាមមានកំពង់ផែសរុប ៣១ និងមានសមត្ថភាពផ្ទុកចំនួន ៥៥០ លានតោនក្នុងមួយឆ្នាំ៕
ដោយ៖ យ៉ាយ៉ា