ក្នុង​ខែ​មិថុនានេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ជិត​២០០​លាន​ដុល្លារ​



ចំណូល​ពន្ធ​នៅ​ក្នុង​ខែ​មិថុនា​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំនួន ៧៨៨,០៦ប៊ីលាន​រៀល (ប្រមាណ ១៩៧,០២ លាន​ដុល្លារ​អាមេរិក) ដែល​ស្មើ​នឹង​៨,៦១% នៃ​ផែន​ការ​ប្រចាំ​ឆ្នាំ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ពន្ធដារ នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​មិថុនា និង​ឆមាស​ទី១ ឆ្នាំ​២០១៩ ព្រម​ទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

ឯកឧត្ដម  គង់ វិបុល មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រៀបធៀប​ចំណូល ពន្ធ-អាករ ដែល​ប្រមូល​បាន​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ ឃើញ​ថា​កើន​ឡើង​ចំនួន ២២៨,៧០ប៊ីលាន​រៀល (ប្រមាណ ៥៧,១៨ លាន​ដុល្លារ​អាមេរិក) ស្មើ​នឹង​៤០,៨៩%។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្ដម អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​កោត​សរសើរ​ចំពោះ​សមិទ្ធផល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​ក្នុង​ខែ​មិថុនា​នេះ។

បើ​គិត​ត្រឹម​៦​ខែ​នា​ដើម​ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​បាន​ (តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ) ចំនួន​៦១០៦,១៧ប៊ីលាន​រៀល​ (ប្រមាណ​១៥២៦,៥៤ លាន​ដុល្លារ​អាមេរិក) ស្មើ​នឹង​ ៦៦,៧១% នៃ​ផែន​ការ​ប្រចាំ​ឆ្នាំ៕

 

រូបភាព៖ អគ្គនាយកដ្ឋានពន្ធដារ

ដោយ៖ ជួប ស្រីរ័ត្ន

X
5s