នាយិកាក្រុមហ៊ុនរៀបចំកម្មវិធី រំដួល៖ កម្លាំងចិត្តនិងសាមគ្គីភាពជាកត្តាធំបំផុតនៃដំណើរការអាជីវកម្ម
រំដួល ជាក្រុមហ៊ុនរៀបចំកម្មវិធីនានា (ក្រុមហ៊ុន Event Planner) ចាប់ដំណើរការក្នុងឆ្នាំ ២០១៥។ បើកដំណើរការអាជីវកម្មជាង ៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរៀបចំកម្មវិធី រំដួល បានជួបនូវរឿងរ៉ាវជាច្រើនទាំងល្អ ទាំងជូរចត់ តែអ្នកស្រី នុត រត្ថា ដែលជានាយិកាមិនបានបោះបង់អាជីវកម្មមួយនេះចោលឡើយ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយក្រុមការងារ BizKhmer អ្នកស្រីនាយិកាបានរៀបរាប់ត្រួសៗពីដំណើរការអាជីវកម្មមួយនេះថា បន្ទាប់ពីសម្រេចចិត្តបោះបង់ការសិក្សាផ្នែកវេជ្ជសាស្រ្តដោយសារជួបការលំបាកក្នុងគ្រួសារ អ្នកស្រីបានបង្ខំចិត្តស្វែររកការងារផ្សេងមួយក្រៅពីវិស័យពេទ្យជាការងាររដ្ឋបាល។ បន្ទាប់ពីចំណាយពេលវេលាជាច្រើនឆ្នាំ និងផ្លាស់ប្តូរក្រុមហ៊ុនពីរបីមក បទពិសោធន៍ក៏មានច្រើនគួរសមដែលអាចផ្លាស់ប្តូរខ្លួនជាអ្នកគ្រប់គ្រងមួយរូបផ្នែកទីផ្សារ និងទំនាក់ទំនង។ ក្រោយមកមានក្រុមហ៊ុនរៀបចំកម្មវិធីមួយរបស់ប្រទេសម៉ាឡេស៊ីបានចូលមកតាំងពិព័រណ៍នៅកម្ពុជា ហើយក៏មានបើកវគ្គខ្លីទាក់ទងនឹងការរៀបចំកម្មវិធី អ្នកស្រីក៏មានការចាប់អារម្មណ៍និងចូលរួម។ ដោយមើលឃើញថាទីផ្សារវិស័យមួយនេះនៅមានច្រើនអាចលូកដៃចូលប្រឡូកបាន អ្នកស្រីក៏សម្រេចចិត្តលាឈប់ពីការងារ ហើយងាកមកសួរយោបល់មិត្តរួមការងារពីរបីនាក់ក្នុងមុខរបរនេះ។
ដោយមើលឃើញថាទាំងអស់គ្នាកំពុងមានក្តីសុបិនរួមគ្នា ក៏សម្រេចបង្កើតក្តីសុបិនមួយនេះឲ្យលេចចេញជារូបរាងឡើង។ ចេញពី Comfort zone មួយដែលគ្រប់គ្នាធ្លាប់តែធ្វើការយកប្រាក់ខែ តែត្រូវរកផ្លូវនិងវិធីសាស្រ្តបង្កើតចំណូលដោយខ្លួនឯង វាមិនមែនជារឿងងាយស្រួលដូចក្តីស្រមៃដែលធ្លាប់បានគិតទេ ហើយអ្វីដែលកាន់តែពិបាកជាងនេះទៅទៀត គឺធ្វើយ៉ាងណាដើម្បីឲ្យមិត្តរួមទុនមានទំនុកចិត្តលើអាជីវកម្មមួយនេះ បើវាមិនទាន់មានរូបរាងមួយជាក់លាក់កើតឡើងផងនោះ នេះជាបញ្ហាដែលអ្នកស្រី នុត រត្ថា បានលើកឡើង។
ទោះបីជាជួបការលំបាកទាំងគំនិតអាជីវកម្ម ទាំងការកសាងក្រុមមួយឲ្យបានរឹងមាំ ទាំងការបញ្ជ្រាបខ្លួនចូលក្នុងទីផ្សារនិងដើម្បីប្រកួតជាមួយដៃគូក្តី អ្នកស្រី នៅតែមិនបោះបង់ចោលគោលដៅដែលបានកំណត់រួចមកនេះជាដាច់ខាត។ រឿងតែមួយដែលអ្នកស្រីនៅតែបន្តធ្វើ និងបន្តខិតខំរហូតរំដួលអាចមានថ្ងៃនេះនោះគឺ “កម្លាំងចិត្ត” ហើយកម្លាំងចិត្តដែលបានមកសំខាន់ជាងគេគឺជាការផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងព្យាយាមបន្ថែមមិនរាថយ។ វាបូកផ្សំពីការលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមករវាងមិត្តរួមទុន ព្រោះទាំងអស់គ្នាកំពុងកាន់ដៃគ្នាដើរលើផ្លូវរួមគ្នាមួយ ដើម្បីបានទៅដល់គោលដៅជាមួយគ្នា។ ពេលដែលទាំងអស់គ្នាមានការជឿជាក់ និងទំនុកចិត្តលើអាជីវកម្មមួយនេះហើយ ការព្យាយាម សាមគ្គីភាព រួមគំនិតគ្នា ធ្វើការជាក្រុមជាមួយគ្នាជាអ្វីដែលនាំឲ្យអាជីវកម្មមួយនេះមានការទទួលស្គាល់ដូចសព្វថ្ងៃនេះ៕
ដោយ៖ យ៉ាយ៉ា