គម្រោង​រោងចក្រ​៣​តម្លៃ​ជាង​១៦​លាន​ដុល្លារ​ទទួល​បាន​ការ​អនុម័ត​ពី​CDC​



គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​លើ​ការ​សាងសង់​ រោងចក្រ​ផលិត​ប្រដាប់​ព្យួរ​សំលៀកបំពាក់ រោងចក្រ​ផលិត​ស្រោម​ពូក​ខ្នើយ និង​រោងចក្រ​ផលិត​ស្បែក​ជើង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១៦,៦​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​បាន​ចំនួន ៥,៣៨៥​កន្លែង។

ទី១ ក្រុមហ៊ុន​ “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ព្យួរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤,៥​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៣៦​កន្លែង។

ទី​២ ក្រុមហ៊ុន “JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​ស្រោម​ពូក ស្រោម​ខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សំលៀកបំពាក់​ផ្ទះបាយ កន្សែង និង​សម្ភារៈ​ក្មេង​លេង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួលអំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣.៨៥០កន្លែង។

ទី៣ ក្រុមហ៊ុន​ CHUAN LIH INTERNATIONAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិសឹង្ហ ឃុំ​សឹង្ហ និង​ភូមិ​ស្វាយ ឃុំសំរោង ស្រុក​សំរោង ខេត្ត​តាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥,៨លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.១៩៩​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s