ផ្លាស់ប្តូរ ១១ ចំនុចនេះសិនមុនចូលដល់វ័យ ៣០ឆ្នាំដើម្បីភាពជោគជ័យក្នុងជីវិត
ឆ្លងកាត់ដំណាក់កាលជីវិតតាំងពីតូចមកដល់វ័យ ១៨ ទៅដល់ ២១ ឬ ២២ឆ្នាំ ជាពេលមួយដែលអ្នកត្រូវកាត់ការសិក្សា ចូលចិត្តការសប្បាយរីករាយច្រើន មិនសូវជាមានការព្រួយបារម្ភច្រើនលើបញ្ហាជិវិត។
បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ អ្នកអាចនឹងដល់ពេលដែលត្រូវគិតគូរលើបញ្ហាការងារ បញ្ហាជីវិតនៃការរស់នៅ និងរឿងរ៉ាវសម្រាប់អនាគត។ ឈានចូលដល់វ័យ ៣០ឆ្នាំ គឺជាវ័យមួយដែលអ្នកត្រូវមានភាពទទួលខុសត្រូវខ្ពស់ អ្នកអាចនឹងមានគ្រួសារផ្ទាល់ខ្លួន អាចមានឱកាសចាប់ផ្តើមមុខរបរមួយដោយខ្លួនឯង ហើយក៏ជាវ័យមួយដែលអ្នកចាប់ផ្តើមស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯង។ តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីឲ្យអ្នកអាចរកភាពជោគជ័យឲ្យខ្លួនឯងមានក្នុងវ័យ ៣០ ឆ្នាំ?
១) ចាប់ផ្តើមកំណត់ពេលវេលាដូចជាការចូលគេងពីព្រលប់ ហើយក្រោកពីព្រលឹម
សម័យនេះជាសម័យបច្ចេកវិទ្យា ឬនិយាយឲ្យចំថាជាសម័យ Facebook យុវវ័យភាគច្រើនចូលចិត្តចំណាយពេលវេលាច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យា ចុចទូរស័ព្ទ លេង Chat ដល់យប់ជ្រៅ ហើយមានទម្លាប់ក្រោយយឺត។ បើអ្នកនៅតែបន្តចំនាយពេលវេលាខ្ជះខ្ជាយបែបនេះទៀតអ្នកនឹងមិនអាចរកជីវិតមួយជោគជ័យបានទេ ព្រោះការគ្រប់គ្រងពេលវេលាគឺសំខាន់បំផុត។
២) ចាប់ផ្តើមធ្វើលំហាត់ប្រាណជាប្រចាំ
សុខភាពជារឿងសំខាន់ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារល្អៗដល់សុខភាព ចំណែកការហាត់ប្រាណក៏ជារឿងដែលអ្នកមិនគួរមើលរំលងដែរ។ នៅក្មេងចូលចិត្តញ៉ាំអាហារឆ្ងាញ់ដែលមិនសូវជាល្អសម្រាប់សុខភាព ហើយក៏មិនចាប់អារម្មណ៍លើការធ្វើលំហាត់ប្រាណដែរ តែទម្លាប់នេះមិនអាចជួយអ្នកឲ្យមានសុខភាពល្អបានទេ ចាប់ផ្តើមគិតគូពីសុខភាពឡើងវិញចាប់ពីថ្ងៃនេះតទៅ។
៣) ចាប់ផ្តើមសន្សំប្រាក់
ចំណាយពេលអស់ជាង ២០ឆ្នាំ ក្នុងជីវិត ពេលរីករាយក៏បានជួបច្រើនមកហើយដែរ អ្នកគួរតែដល់ពេលត្រៀមសម្រាប់អនាគតឲ្យបានច្រើនពិសេសលើបញ្ហាលុយកាក់នេះតែម្តង។
៤) ចាប់ផ្តើមយកក្តីសុបិនមកធ្វើវាឲ្យក្លាយជាការពិត
មនុស្សម្នាក់ៗសុទ្ធតែមានក្តីស្រមៃរៀងៗខ្លួន ហេតុអ្វីអ្នកដទៃអាចសម្រេចបំណងប្រាថ្នារបស់គេបាន តែអ្នកមិនអាចធ្វើវាបាន? ព្យាយាមរកផ្លូវកសាងអនាគតឲ្យបានល្អ យកក្តីសុបិនដែលអ្នកមានតាំងពីក្មេង មកបំលែងឲ្យវាក្លាយជាការពិតទៅ។
៥) រៀនសប្បាយរីករាយជាមួយអ្វីដែលអ្នកមាន
នរណាក៏ចង់ល្អ ចង់មាន ចង់បាន តែមិនត្រូវលោភលន់ហួសព្រំដែនដែរ។ អ្នកអាចនឹងមិនទាន់មានអ្វីដូចអ្នកដទៃ តែអ្នកគួររីករាយជាមួយអ្វីដែលអ្នកកំពុងមាន ព្រោះអាចមានអ្នកដទៃដែលនឹងគ្មានអ្វីសោះជាងអ្នកច្រើនទៀត។ បើអ្នកព្យាយាមនោះអ្វីដែលអ្នកចង់បានវានឹងកា្លយមកជារបស់យើងជាក់ជាពុំខាន។
៦) ឈប់គិតថាអ្នកត្រូវបំពេញចិត្តអ្នកដទៃ
វាលែងជាពេលមួយដែលអ្នកត្រូវដេកព្រួយថា ត្រូវធ្វើឲ្យមនុស្សគ្រប់គ្នាទូទាំងពិភពលោកសប្បាយចិត្ត ទោះខ្លួនឯងមិនចង់ក៏ដោយនោះ។
៧) ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃវាមិនខុសទេ តែភាគច្រើនមនុស្សចូលចិត្តប្រើការប្រៀបធៀបនេះដើម្បីបំផ្លាញ និងបំបាក់ទឹកចិត្តខ្លួនឯង គិតថាខ្លួនឯងគ្មានតម្លៃដូចអ្នកដទៃ។ បើអ្នកចង់អភិវឌ្ឍខ្លួនឯងគួរយកការប្រៀបធៀបនោះមកធ្វើជាចំនុចដែលអាចឲ្យខ្លួនឯងរីកចម្រើនវិញ។
៨) រៀនអត់ទោសឲ្យខ្លួនឯង
លើលោកនេះគ្មាននរណាកើតមកសុទ្ធតែត្រូវរហូត និងធ្លាប់សាងកំហុសទេ តែអ្វីដែលអ្នកគួរធ្វើគឺរៀនអត់ឱនទោសឲ្យស្លួនឯង ហើយកែប្រែកំហុសនោះនិងមិនធ្វើឲ្យមានកំហុសនោះកើតឡើងម្តងហើយម្តងទៀត។
៩) ឲ្យតម្លៃខ្លួនឯង
ការចេះឲ្យតម្លៃខ្លួនឯងគឺសំខាន់បំផុត ទោះជានៅលើលោកនេះគ្មានមនុស្សសូម្បីម្នាក់មើលឃើញពីតម្លៃអ្នកក៏ដោយ តែអ្នកត្រូវតែឲ្យលើកទឹកចិត្ត និងឲ្យតម្លៃខ្លួនឯងជាងនរណាៗទាំងអស់។ ហើយអ្នកត្រូវធ្វើឲ្យមនុស្សដែលមិនផ្តល់តម្លៃអ្នកដឹងថា អ្នកមិនអន់អ្នកមិនទន់ជ្រាយ ហើយអ្នកអាចនឹងល្អជាងពួកគេទៀត។
១០) ចាប់ផ្តើមបង្កើតទម្លាប់នៃការអាន
ការអានគឺសំខាន់ណាស់សម្រាប់មនុស្ស គេសង្កេតឃើញថានៅក្នុងផ្ទះ ក្នុងបន្ទប់របស់មហាសេដ្ឋីលំដាប់ពិភពលោកគ្រប់គ្នាសុទ្ធតែមានសៀវភៅ ហើយពួកគេតែងចំណាយពេលអានសៀវភៅមិនតិចជាង ១ ម៉ោងទេក្នុងមួយថ្ងៃ។ អានច្រើនបង្កើនចំណេះកាន់តែច្រើន។
១១) ឈប់វិនិច្ឆ័យអ្នកដទៃ
ការវិនិច្ឆ័យអ្នកដទៃវាគ្មានផ្តល់ប្រយោជន៍អ្វីដល់អ្នកឡើយ អ្នកគួរចំណាយពេលគិតពីខ្លួនឯងឲ្យបានច្រើនជាង យកខួរក្បាលគិតរឿងគ្មានប្រយោជន៍ ហើយចាំនិន្ទាអ្នកដទៃ៕
ដោយ៖ យ៉ាយ៉ា