រដ្ឋបាលរបស់លោកដូណលត្រាំបានធ្វើការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលបាននាំចូលប្រេងពីប្រទេសអ៊ឺរ៉ង់
នេះជាលើកទីមួយហើយដែលរដ្ឋបាលរបស់លោក ដូណាលត្រាំ បានធ្វើការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលបាននាំចូលប្រេងពីប្រទេសអ៊ឺរ៉ង់។ សេចក្ដីសម្រេចនេះអាចជាបន្ទុកបញ្ហាមួយទៀតដែលអាចធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកាន់តែតានតឹងជាងមុន។
លោក Mike Pompeo រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថារដ្ឋបាលរបស់លោក ដូណាលត្រាំ កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមហ៊ុនជួញដូរប្រេងរបស់រដ្ឋចិននិងនាយកប្រតិបត្តិការកំពូលរបស់ក្រុមហ៊ុនទាំងនោះក្នុងការទិញប្រេងរបស់អ៊ីរ៉ង់ដែលជាការរំលោភលើការហាមឃាត់របស់អាមេរិក។
លោក Pompeo បាននិយាយនៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសនៅក្នុងសន្និបាតរបស់អតីតយុទ្ធជននៅរដ្ឋផ្លរីដាថាក្រុមហ៊ុន Zhuhai Zhenrong និងនាយកប្រតិបត្តិការក្រុមហ៊ុននេះគឺលោក Li Youmin បានរំលោភលើការរឹតត្បិតរបស់អាមេរិកលើផ្នែកវិស័យប្រេងរបស់អ៊ីរ៉ង់។ នេះគឺជាលើកទីមួយហើយដែលរដ្ឋបាលលោក Trump បានដាក់ពិន័យក្រុមហ៊ុនចិននិងប្រតិបត្តិករមួយរូបនេះដែលបានបំពាននឹងការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងអ៊ីរ៉ង់។
ជំហានមួយនេះរបស់អាមេរិកគឺនឹងបង្កើនភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលសព្វថ្ងៃនេះភាគីទាំងពីរកំពុងតែស្ញេញចង្គូមដាក់គ្នាលើសមរភូមិសង្គ្រាមពាណិជ្ជកម្មនិងការប្រកួតប្រជែងយុទ្ធសាស្រ្តក្នុងការបញ្ចេញឥទ្ធិពលគ្របដណ្តប់ជុំវិញពិភពលោក។ ជាពិសេសនោះបញ្ហានេះគឺជាការបន្ថែមទម្ងន់ទៅលើវិបត្តិនៅក្នុងតំបន់ឈូងសមុទ្រពែរ (Persian Gulf) ដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនស្វាគមន៍វត្តមានគ្នាទៅវិញទៅមកនិងតំបន់នេះជាកន្លែងដែលទាហានអ៊ីរ៉ង់កំពុងឈរជើងហើយរឹបអូសនាវាពាណិជ្ជកម្មទាំងឡាយដែលបានឆ្លងកាត់ទីនោះ។
ប្រេងគឺជាប្រភពចំណូលធំបំផុតសម្រាប់ប្រទេសអ៊ីរ៉ង់ហើយរដ្ឋបាលលោកត្រាំ មានគោលដៅចង់ឲ្យការនាំចេញប្រេងទាំងនោះធ្លាក់ដល់កម្រិតសូន្យដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មដើម្បីទប់ស្កាត់មហិច្ឆតាអ៊ីរ៉ង់ណាមួយដែលប្រទេសនេះអាចមានលើអាវុធនុយក្លេអ៊ែរ និងផ្ដាច់ខ្សែជំនួយរវាងអ៊ឺរ៉ង់និងពួកសកម្មប្រយុទ្ធនៅមជ្ឈឹមបូព៌ា។
បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់នុយក្លេអ៊ែរកាលពីឆ្នាំមុនដែលអ៊ីរ៉ង់បានធ្វើកិច្ចព្រមព្រៀងជាមួយពួកមហាអំណាចពិភពលោកនៅឆ្នាំ ២០១៥ លោកត្រាំបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់។ ទោះបីជាមានការដាក់ទណ្ឌកម្មថ្មីនេះក៏ដោយក៏រដ្ឋបាលលោកត្រាំ បានផ្តល់ការលើកលែងអនុញ្ញាតឱ្យតែប្រទេស ៨ ប៉ុណ្ណោះដែលអាចបន្តបន្តទិញប្រេងពីអ៊ីរ៉ង់ក្នុងខែវិច្ឆិកាឆ្នាំ ២០១៨ ប៉ុន្តែមានតែ ៥ ប្រទេសទេដែលបានបន្តនាំចេញប្រេងអ៊ឺរ៉ង់។ ការលើកលែងនោះបានបញ្ចប់នៅក្នុងខែឧសភាឆ្នាំ ២០១៩ ហើយលោក Pompeo និងមន្រ្តីលោកត្រាំ ផ្សេងទៀតបាននិយាយថាប្រទេសទាំង ៥ ដែលបានប្រើប្រាស់ការលើកលែងនោះនឹងតម្រូឲ្យបញ្ឈប់រាល់ការនាំចូលប្រេងអ៊ីរ៉ង់។
ប្រទេសចិនគឺជាប្រទេសនាំចូលប្រេងច្រើនបំផុតរបស់ប្រទេសអ៊ីរ៉ង់។ ប៉ុន្តែមន្ត្រីនៅទីក្រុងប៉េកាំងបាននិយាយថាពួកគេមិនយល់ស្របនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកហើយនឹងបន្តនាំចូលប្រេង។ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃទី ២២ ខែមេសានៅពេលដែលក្រសួងការបរទេសបានប្រកាសអំពីការបញ្ចប់នៃការលើកលែងនោះថារដ្ឋាភិបាលចិននឹងប្តេជ្ញាការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់សហគ្រាសចិនដែលមានដូចជាសហគ្រាស Zhuhai Zhenrong និង Sinopec ជាដើមដែលបាននាំចូលប្រេងអ៊ីរ៉ង់៕
ដោយ៖ នឿន វណ្ណៈ