អគ្គនាយករងក្រុមហ៊ុនGGear៖ បើមិនអាចពង្រីកអាជីវកម្មទេមានន័យថាយើងដើរថយក្រោយហើយ
«មានអ្នករកស៊ីមួយចំនួនតែងនិយាយថា រកស៊ីមិនបាច់រីកចម្រើនក៏បានដែរឲ្យតែបានប៉ុណ្ណេះរាល់ថ្ងៃទៅគឺបានហើយ ភាសានេះគឺជាភាសាខុស ព្រោះបើសិនជាយើងនៅដដែលគឺមានន័យថាយើងដើរថយក្រោយហើយ ព្រោះថាទីផ្សារគឺតែងតែដើរទៅមុខ» នេះជាការលើកឡើងរបស់លោក ហ៊រ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន Ggear Group នៅក្នុងកម្មវិធី BIO Business Forum កាលពីពេលថ្មីៗកន្លងទៅ។
លោកអគ្គនាយករង ហ៊រ ហាប់ ចែករំលែកថា ទីផ្សារតែងតែដើរទៅមុខ ហើយប្រាក់ខែបុគ្គលិក និងតម្លៃនៃផលិតផលផ្សេងៗក៏ត្រូវការដំឡើងថ្លៃរាល់ឆ្នាំដែរ ដូច្នេះបើសិនជាយើងមិនអាចបង្កើនឬពង្រីកអាជីវកម្មរបស់យើងបានទេ យើងនឹងត្រូវសម្លាប់ដោយគូរប្រជែងរបស់យើង ព្រោះគូប្រជែងរបស់យើងគេតែងដើរទៅមុខ ដូច្នេះយើងនឹងកាន់តែនៅឆ្ងាយទៅៗរហូតដល់ពេលមួយផលិតផលរបស់យើងនឹងលែងមានអ្នកប្រើប្រាស់។
លោកបន្តថា ការលើកឡើងខាងលើនេះគឺក្នុងនាមជាក្រុមហ៊ុនមួយដែលនាំចូលផលិតផលមកពីបរទេសគឺផលិតផលLG។ លោកថា កាលពីប៉ុន្មានឆ្នាំមុនផលិតផលទូរស័ព្ទដៃ LG នៅស្រុកខ្មែរអាចមានគេស្គាល់ខ្លះ ប៉ុន្តែសម្រាប់បច្ចុប្បន្នអាចនិយាយថាផលិតផលនេះបានស្លាប់ទៅហើយនៅទីផ្សារស្រុកខ្មែរ។ ដោយឡែកបើយើងក្រឡេកទៅមើលផលិតផលLG អេឡិចត្រូនិកវិញគឺមិនស្លាប់ទេ ហើយអាចនិយាយថាយើងទៅទីណាក៏ឃើញមានដែរ។
ដូច្នេះយើងត្រូវមានទំនុកចិត្តលើផលិតផលរបស់យើង ហើយត្រូវព្យាយាមពង្រីកអាជីវកម្មរបស់យើង។ ប៉ុន្តែត្រូវត្រៀមថា ការពង្រីកអាជីវកម្មយើងត្រូវការចំណាយដើមទុន ពេលវេលា ត្រូវយល់ដឹងពីបញ្ហាច្បាប់ ព្រមទាំងទីផ្សារច្បាស់ផងដែរ។ លោកថា ការពង្រីកអាជីវកម្មមិនមែនជារឿងដែលងាយស្រួលទេ ប៉ុន្តែវាជារឿងដែលសប្បាយនៅពេលដែលយើងចូលចិត្តវា៕
ដោយ៖ ជួប ស្រីរ័ត្ន