ឧកញ៉ា សុង សារ៉ន៖ ការមើលឃើញទីផ្សារថ្ងៃនេះអាចនឹងខុសនៅឆ្នាំក្រោយ
ចែករំលែកនៅក្នុងកម្មវិធី BIO Business Forum កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោកឧកញ៉ាល្បីឈ្មោះក្នុងវិស័យស្រូវអង្ករ សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE បានលើកឡើងថា អាជីវកម្មប្រហែល៣០%អាចនឹងដួលនៅឆ្នាំទី១ ប៉ុន្តែនៅតិចជាងសហគ្រិនដែលចូលទីផ្សារនោះទេ គឺអ្នកចូលអាចដល់៥០% ដូច្នេះប្រសិនបើចង់ចាប់ផ្ដើមអាជីវកម្មយើងត្រូវត្រៀមខ្លួនឲ្យហើយ ព្រោះថាការមើលឃើញពីទីផ្សារនៅថ្ងៃនេះពេលនេះ អាចនឹងខុសនៅឆ្នាំក្រោយនិងពេលក្រោយ។
លោកឧកញ៉ា សុង សារ៉ន ថា លោកចូលប្រឡូកអាជីវកម្មដោយសារទីផ្សារ ហើយ AMRU កាលចូលទីផ្សារ២ឆ្នាំដំបូង អាចនិយាយថានៅក្នុងកម្រិតមួយដែលសុវត្ថិភាព។ ប៉ុន្តែក្រោយមកក៏មានការចូលរួមទីផ្សារដោយក្រុមហ៊ុនអន្តរជាតិធំៗ បានធ្វើឲ្យទីផ្សារប្រកួតប្រជែងកាន់តែច្រើនឡើង ដូច្នេះចង់មិនចង់យើងអាចនឹងដួលនៅក្នុងស្ថានភាពណាមួយ។
គ្មានអ្វីឈឺចាប់ជាងការដែលយើងខំបង្កើតអាជីវកម្មមកយូរហើយប៉ុន្តែត្រូវដួលនោះទេ លោកឧកញ៉ាចែករំលែកបន្ថែមថា ទោះបីជាអាជីវកម្មយើងដើរដល់កម្រិតមួយដែលសុវត្ថិភាពហើយក៏ដោយ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន ហើយចាំបាច់ត្រូវមានក្រុម R&D (Recsearch and Development) បើទោះបីជាអាជីវកម្មតូចក៏ដោយប្រសិនបើគ្មានពីរនេះទេ អាជីវកម្មអាចនឹងដួលនៅថ្ងៃណាមួយ៕
ដោយ៖ ជួប ស្រីរ័ត្ន