លោកឧកញ៉ា នួន ឬទ្ធី ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ប្រចាំឆ្នាំ ២០១៩​



ក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ កក្កដា ២០១៩ នៅសណ្ឋារគារសូហ្វីតែល ភ្នំពេញភីគីត្រា បេក្ខភាពជ័យលាភីទាំង ៥ រូបដែលដណ្តើមបានពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ ២០១៩ នោះគឺលោក ឧកញ៉ា នួន ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal)។

លោក ជឿន វិចិត្រ សហប្រធានគម្រោងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួប ៥ ឆ្នាំហើយដែលកម្ពុជាបានប្រារព្ធពិធីនេះឡើងមកទល់ពេលនេះគ្រួសារសហគ្រិនវ័យក្មេងនេះមានសមាជិកប្រមាណ ៧០នាក់ហើយ។ ការដាក់ពិន្ទុលើអាជីវកម្មទាំងអស់ដែលបានដាក់ពាក្យប្រកួតត្រូវបានធ្វើឡើងយ៉ាងសុក្រឹត និងយុត្តិធម៌បំផុត ព្រោះក្រុមការងារពិនិត្យរួមទាំងគណៈកម្មការដាក់ពិន្ទុបានធ្វើការងារយ៉ាងសស្រាក់សស្រាំបំផុត។

លើសពីនេះអាជីវកម្មចំនួន ១១ ដែលអាចឈានជើងឆ្លងដំណាក់កាលជាច្រើនតាំងពីពេលចាប់ផ្តើមប្រកួត រហូតបានដល់វគ្គផ្តាច់ព្រ័តនេះគឺសុទ្ធសឹងជាអាជីវកម្មដែលបានចូលរួមចំណែកជួយដល់សង្គមបានយ៉ាងច្រើន បង្កើនឱកាសការងាររួមទាំងផលវិជ្ជមានដែលពួកគាត់ផ្តល់ជូនសង្គម។ ពិន្ទុរបស់អាជីវកម្មទាំង ១១ ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះគឺពិតជាមានភាពប្រកៀកប្រកិតគ្នាខ្លាំងមែនទែន ហើយអ្នកដែលលើកពាន និងអ្នកដែលមិនអាចលើកពានសុទ្ធសឹងជាអ្នកដែលមានសមត្ថភាពដូចៗគ្នា។

បេក្ខភាព ៤ រូបក្នុងចំណោមសហគ្រិនវ័យក្មេងចំនួនទាំង ៥ រូបដែលបានលើកពានតាមផ្នែកផ្សេងៗគ្នានៃអាជីវកម្មរបស់ខ្លួនមានដូចជា៖

១) លោក ប៊ុន ផាក ស្ថាបនិក Camazoon និង Phzar.com ទទួលបានពានរង្វាន់សហគ្រិនផ្នែកបច្ចេកវិទ្យា

២) លោក ឡុង សុភ័ក្រ នាយកប្រតិបត្តិ SL Supplier Co.,Ltd ទទួលបានពានរង្វាន់សហគ្រិនផ្នែកអាជីវកម្មចាប់ផ្តើមថ្មី

៣) កញ្ញា ឃុន ពិសី ស្ថាបនិក Careers Finder (Cambodia) Co.,Ltd ទទួលបានពានរង្វាន់សហគ្រិនផ្នែកស្រ្តីឆ្នើម

៤) លោក ឆុន គឹមពិចិត្រ នាយកប្រតិបត្តិ Mekong Valley Co.,Ltd និងជាអ្នកគ្រប់គ្រងទូទៅ Hanchey Bamboo Resort ទទួលបានពានរង្វាន់សហគ្រិនផ្នែកសង្គម

ដោយឡែក ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមម្ពុជាប្រចាំឆ្នាំ ២០១៩ បានទៅលើលោក ឧកញ៉ា នួន ឬទ្ធី ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal)។ 

គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal) ជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ (Top 5) ផ្នែកអចលនទ្រព្យ និងប្រឹក្សាយោបល់ ដែលមានលោកឧកញ៉ា នួន ឬទ្ធី ជាស្ថាបនិក។ ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា ក្រុមហ៊ុនអចលនទ្រព្យខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal) ជាក៏ជាក្រុមហ៊ុនស្របច្បាប់មួយមានចុះបញ្ជីស្នាមត្រឹមត្រូវក្នុងការប្រកបអាជីវកម្មពិក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាពជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ ក៏ដោយសារបានឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ផ្នែកអចលនទ្រព្យ ដែលជាហេតុនាំឲ្យក្រុមហ៊ុនពង្រីកខ្លួនចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តដូចជា សៀមរាប កំពង់ចាម និងកំពត ហើយនេះក៏ជាការចូលរួមជួយសង្គមក្នុងបង្កើនការងារ កាត់បន្ថយការធ្វើចំណាកស្រុកបានមួយផ្នែកដែរ។

ក្រុមហ៊ុនធ្លាប់បានទទួលពាន International Quality Crown Award កាលពីឆ្នាំ ២០១៧ ពី BID Group and IQC Selection Committee ទីក្រុងអង់គ្លេស។ បន្ថែមពីនេះកាលពីឆ្នាំ ២០១៨ កន្លងទៅក៏ធ្លាប់ទទួលបានពាន Cambodia Real Estate AWARD ២០១៨ ដោយ Realestate.com.kh ផងដែរ៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s