លោក គុយ វ៉ាត ប្រាប់បញ្ហាធំមួយដែលត្រូវគិតនៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្ម
សហគ្រិនដែលក្ដាប់ក្រុមហ៊ុនប្រមាណ៧ក្នុងដៃលើវិស័យជាច្រើន រួមជាមួយនឹងបទពិសោធន៍អាជីវកម្មជាង១០ឆ្នាំ លោក គុយ វ៉ាត ប្រាប់ថា ការកសាងក្រុម (Build up Team) គឺជាចំណុចសំខាន់បំផុតដែលសហគ្រិនគួរយកចិត្តទុកដាក់នៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្ម លោកថានៅពេលដែលចាប់ផ្ដើមដំបូងលោកមិនបានគិតដល់ចំណុចនេះទេ រហូតដល់ធ្វើអាជីវកម្មយូរឆ្នាំទៅទើបលោកដឹងថាចំណុចនេះសំខាន់ខ្លាំងណាស់។
លោក គុយ វ៉ាត លើកឡើងថា អាជីវកម្មមួយចំនួននៅពេលដែលពួកគាត់កសាងក្រុមមិនទាន់បាន អាជីវកម្មអ្វីក៏ពួកគាត់ធ្វើដែរ ពោលគឺពួកគាត់ធ្វើដោយចម្រុះ ដោយអ្នកខ្លះចេះតែធ្វើទៅតាមគេ ហើយអ្នកខ្លះទៀតបើកអាជីវកម្មតាមចិត្តស្រលាញ់ដោយមិនបានគិតដល់ភាពជាក្រុម។ លោកថា ដូចជារូបលោកផ្ទាល់ លោកបានបើកក្រុមហ៊ុន IT ក្រោយមកក៏មកបើកភោជនីយដ្ឋាន Park Cafe ដែលរវាងអាជីវកម្មទាំងពីរនេះគឺខុសគ្នា ដូច្នេះវាតម្រូវឲ្យយើងត្រូវមានកម្លាំងខ្លាំងនៅក្នុងការគ្រប់គ្រងអាជីវកម្មទាំងនោះ។
ម្ចាស់អាជីវកម្មលេចធ្លោរូបនេះបន្តថា នៅពេលមិនទាន់អាចកសាងក្រុមបានយើងចេះតែធ្វើនេះធ្វើនោះច្រើនក្នុងពេលតែមួយដោយមិនអាចផ្ដោតបាន ដូច្នេះនៅ ពេលដែលយើងវង្វេងចេះតែធ្វើនេះធ្វើនោះយើងនឹងជួបបញ្ហាហិរញ្ញវត្ថុ។ លោកថា Park Cafe ក៏ធ្លាប់ជួបបញ្ហាហិរញ្ញវត្ថុដែរកាលពីកំឡុងឆ្នាំ២០០៨។ បន្តដោយទឹកមុខមាំ លោក គុយ វ៉ាត ថា ប្រសិនបើពេលដែលចាប់ផ្ដើមដំបូងលោកអាចដឹងពីរបៀបនៃការកសាងជាក្រុម លោកជឿថាលោកនឹងអាចធ្វើបានល្អជាងនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន