ត្រូវប្រើពេលប៉ុន្មានឆ្នាំទើបមហាសេដ្ឋីគ្រាក់ៗនៅលើពិភពលោករកលុយបាន ១លានដុល្លារពីដំបូងដៃ?
ដើម្បីទទួលបានលុយ ១លានដុល្លារដំបូង មហាសេដ្ឋីម្នាក់ៗនៅ លើពិភពលោក ត្រូវតែចាប់ផ្តើមធ្វើអ្វីម្យ៉ាងនៅកន្លែងណាមួយ។ បើទោះបីជាអ្នកមើលឃើញថា មហាសេដ្ឋីអាមេរិកលោក Jeff Bezos មហាសេដ្ឋី Warren Buffett ឬមហាសេដ្ឋី Bill Gates បច្ចុប្បន្នមានលុយយ៉ាងច្រើនមហាសាលដេកចាយរាប់ជំនាន់ក៏មិនអស់ ក៏មហាសេដ្ឋីទាំងនេះត្រូវរៀនវារសិន មុននឹងអាចដើរបាន។
យ៉ាងណាមិញ ការធ្វើដំណើរបន្តិចម្តងៗពីមួយជំហានទៅមួយជំហានដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងការរកប្រាក់ឲ្យបាន ១ លានដុល្លារនៅដំបូងទី គឺជាសសរទ្រូងដ៏សំខាន់ណាស់នៃការកសាងទ្រព្យសម្បត្តិដែលផ្តល់មកនូវសុវត្ថិភាព និងទំនុកចិត្តសម្រាប់ធ្វើជាដើមទុន និងការវិនិយោគក្រោយៗមកទៀត។
១. ដំណើរផ្លូវដ៏តឹងតែងដើម្បីបានប្រាក់ ១លានដុល្លារដំបូង
ផ្អែកលើទិន្នន័យរបស់ Slotsia ដែលបានធ្វើការប្រៀបធៀបរយៈពេលនៃការរកប្រាក់ឲ្យបាន ១លានដុល្លារដំបូងរបស់មហាសេដ្ឋីនៅទូទាំងសាកលលោកបានបង្ហាញថា ជាមធ្យមមហាសេដ្ឋីទាំងនោះត្រូវប្រើពេលប្រហែល ៨ឆ្នាំ។ ពួកគេត្រូវចាប់ផ្តើមកសាងទ្រព្យសម្បត្តិនៅអាយុខ្ទង់ ២៧ឆ្នាំ ហើយជាមធ្យមនៅអាយុ ៣៦ ឆ្នាំ មហាសេដ្ឋីទាំងនោះអាចមានទ្រព្យ ១ លានដុល្លារ។ ប្រភពចំណូលសំខាន់នៃទ្រព្យសម្បត្តិនេះគឺបានមកពីការបណ្ដាក់ទុនរកស៊ី ឬបើកជំនួញ។
២. រយៈពេលផ្សេងៗគ្នានៃការទទួលបានប្រាក់ ១ លានដុល្លាររបស់ក្រុមមហាសេដ្ឋី
ទិន្នន័យរបស់ Slotsia បានរកឃើញថា នៅក្នុងចំណោមមហាសេដ្ឋីកំពូលៗ ១០០ នាក់ មានមហាសេដ្ឋី ៦៥ នាក់កសាងទ្រព្យសម្បត្តិពីបានដៃខ្លួនឯង។ ខាងក្រោមនេះជារយៈពេលដែលមហាសេដ្ឋីទាំង ៦៥ នាក់នេះត្រូវប្រើដើម្បីបានប្រាក់ ១ លានដុល្លារដំបូង៖
-ពី០-៥ឆ្នាំ មាន២៥នាក់ ស្មើនឹង៣៨%
-ពី៦-១០ឆ្នាំ មាន២០នាក់ ស្មើនឹង៣១%
-ពី១១-១៦ឆ្នាំ មាន១៦នាក់ ស្មើនឹង១៦%
-ពី១៧-២៥ឆ្នាំ មាន៤នាក់ ស្មើនឹង៦%។
ទោះបីជាបែបនេះក្តី មានមហាសេដ្ឋីដែលកសាងទ្រព្យពីបាតដៃទទេមួយចំនួនតូចជាលោក Mark Zukerberg មហាសេដ្ឋីចិន Jack Ma និងមហាសេដ្ឋី Wang Jianlin ជាដើម បានប្រើពេលមិនដល់៥ឆ្នាំផងដើម្បីរកទ្រព្យបាន ១លានដុល្លារ។ ផ្ទុយទៅវិញ មហាសេដ្ឋី Phil Knight ដែលជាស្ថាបនិករួមរបស់ក្រុមហ៊ុនកីឡា Nike ដ៏ល្បីល្បាញបានប្រើពេលដល់ទៅ ១៦ ឆ្នាំទើបមានលុយ ១ លានដុល្លារ។
៣. មុខជំនួញនានាដែលជួយឲ្យមហាសេដ្ឋីឆាប់មានប្រាក់ ១លានដុល្លារនៅក្នុងរយៈពេលខ្លីជាងគេ
មុខជំនួញដែលជួយឲ្យមហាសេដ្ឋីទាំងនេះមានប្រាក់ ១លានដុល្លារដំបូងដោយប្រើពេលខ្លីរួមមាន៖
-ទូរគមនាគមន៍ (Telecom) ប្រើពេល ៣,០ ឆ្នាំ
-បច្ចេកវិទ្យា (Technology) ប្រើពេល ៨,៨ ឆ្នាំ
-លោហធាតុ និងរ៉ែ (Metal & Mine) ប្រើពេល ៥,២ ឆ្នាំ
-អចលនទ្រព្យ (Real Estate) ប្រើពេល ៥,៨ ឆ្នាំ
-ចម្រុះ (Diversified) ប្រើពេល ៦,០ ឆ្នាំ
-រថយន្ត (Automotive) ប្រើពេល ៧,៥ ឆ្នាំ
-ថាមពល (Energy) ប្រើពេល ៨,៤ ឆ្នាំ
-ព័ត៌មាន និងកម្សាន្ត (Media & Entertainment) ប្រើពេល ៩,៥ ឆ្នាំ
-ល្បែង និងកាស៊ីណូ (Game & Casino) ប្រើពេល ៩,៥ ឆ្នាំ។
ជាលទ្ធផលបានបង្ហាញថា មហាសេដ្ឋីដែលរកស៊ីនៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាប្រើពេលឆាប់ជាងគេដើម្បីកសាងទ្រព្យសម្បត្តិ ១លានដុល្លារដំបូងរបស់ខ្លួន ខណៈដែលមហាសេដ្ឋីរកស៊ីខាងវិស័យកម្មន្តសាល (ផលិតកម្ម) សំណង់ និងវិស្វកម្ម សម្លៀកបំពាក់ និងលក់រាយប្រើពេលយូរជាងគេចាប់ពី ១៤ ដល់ជាង ១៦ ឆ្នាំ៕
ប្រភព៖ visualcapitalist