បើ​អ្នក​មិនអាច​ឆ្លើយសនួរ ៦ ​នេះបានទេ អ្នក​​ទំនង​មិនមែន​ជា​អ្នកដឹកនាំ​ល្អ​ម្នាក់​​ដូច​អ្នក​គិត​​ឡើយ​



មនុស្ស​គ្រប់គ្នា​សុទ្ធតែជា​មេដឹកនាំ គ្រាន់តែ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ខ្លួនឯង​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​មួយ រីឯ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ក្រុម​ដែលមាន​មនុស្ស​ច្រើន​នាក់ ដើម្បី​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ទទួលបាន​លិទ្ធ​ផល​អ្វីមួយ​ដែល​ពួកគេ​ពេញចិត្ត។ ប្រសិនជា មិនមាន​គន្លឹះ​ឬ​វិធីសាស្ត្រ​ដឹកនាំ​ទេនោះ នោះ​អ្នក​មិន​​អាច​ទទួល​បាន​ភាព​​ជោគជ័យ​ឡើយ។ 

​​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​​​ល្អ​គឺ​​ទាមទារ​ឲ្យ​មាន​លក្ខណសម្បត្តិ​​ជា​ច្រើន។ ក៏ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា អ្នក​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកដឹកនាំ​គេ​ដែរ​ឬ​អត់ អ្នក​​អាច​សាកល្បង​ឆ្លើយ​សំនួរ​ ៦ ខាងក្រោម​នេះ​​ក៏​បាន​។ ប្រសិន​បើ​ចម្លើយ​​របស់​អ្នក​អវិជ្ជមាន នោះ​មានន័យ​ថា ភាព​ជា​អ្នកដឹកនាំ​របស់​អ្នក​នៅ​ឆ្ងាយ​នៅ​ឡើយ។ 

១.តើ​អ្នក​យល់​​ពី​អារម្មណ៍​របស់​អ្នក និង​អ្នកដទៃ​ដែរ​ឬទេ?
អ្នកដឹកនាំ​ដ៏​អស្ចារ្យ​​ម្នាក់ ត្រូវ​មាន​ឆន្ទៈ​ដើម្បី​ឲ្យ​មាន​តម្លាភាព និង​ជា​មនុស្ស​ដែល​អាច​យល់​ពី​​ពី​ខ្លួនឯង​ច្បាស់​​។ ​ទន្ទឹម​នឹង​នេះ​ បុគ្គល​ប្រភេទ​នេះ​មិន​មែន​​យល់​តែ​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ពោល​គឺ​ត្រូវ​យល់​ពី​អារម្មណ៍​របស់​អ្នកដទៃ​​នៅ​ជុំវិញ​ខ្លួន​ដែរ។ បើ​អ្នក​​មាន​ចំណុច​មួយ​នេះ អ្នក​ត្រូវតែ​បើក​ចិត្ត​ទូលាយ និង​​​ពេល​ខ្លះ​គិត​ប្រយោជន៍​របស់​​អ្នកដទៃ​​ឲ្យ​លើស​ពី​​​ប្រយោជន៍​របស់​​ខ្លួន​ទៀត​ផង​។

២.តើ​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែរ​ឬទេ?
​អ្នក​ដឹកនាំ​ល្អ​​ត្រូវ​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ​ដោយ​ការ​​ផ្តល់​ទំនុកចិត្ត និង​ភាព​ជឿជាក់​​ទៅ​លើ​មនុស្ស​​​ជុំវិញ​ខ្លួន​។ បុគ្គល​ប្រភេទ​នេះ ត្រូវ​បង្ហាញ​ការ​គោរព និង​ភាព​ថ្លៃថ្នូរ ហើយ​រក្សា​​បាន​នូវ​គុណតម្លៃ​​​សម្រាប់​បុគ្គលិក ឬ​មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន​​​នៅ​ក្នុង​កម្រិត​ជា​អតិបរមា។  ​ក្រៅ​ពី​នេះ អ្នកដឹកនាំ​​ល្អ​ជា​មនុស្ស​ពូកែ​ស្ដាប់​ដោយ​យកចិត្តទុកដាក់​​ដោយ​​​វិនិច្ឆ័យ​បាន​គ្រប់​ជ្រុងជ្រោយ និង​​​ជា​រឿយៗ​តម្កល់​តម្លៃ​អ្នកដទៃ​មុន​ខ្លួន​ជានិច្ច។

៣.តើ​អ្នក​មាន​​ចំណង់​ចំណូល​ចិត្ត​ពី​កំណើត​ជា​មនុស្ស​​​ចង់​រីកចម្រើន​ និង​ជួយ​ឲ្យ​អ្នក​ដទៃ​មាន​ការ​អភិវឌ្ឍ​​​ដែរ​ឬទេ? 
ក្នុង​នាម​ជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប ការ​សិក្សា​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ថ្វីត្បិត​តែ​កំពុង​ដឹកនាំ​គេ​ក៏​ពិតមែន ក៏​មនុស្ស​ប្រភេទ​នេះ​​លះបង់​ពេលវេលា​មួយ​ចំនួន​ដើម្បី​រៀនសូត្រ​ជា​ប្រចាំ។ ទន្ទឹម​នឹង​នេះ​ ខ្លួន​ក៏​ត្រូវ​​ចេះ​ចែករំលែក បណ្តុះបណ្តាល លើកទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នកដទៃ​ទទួល​បាន​​ចំណេះដឹង​ថ្មីៗ ព្រម​ទាំង​ទទួល​បាន​ការ​សិក្សា​អភិវឌ្ឍ​សមត្ថភាព​ផង​ដែរ។ 

៤.តើ​អ្នក​​បាន​ដឹកនាំ​ពួកគេ​ឲ្យ​​មាន​ភាព​ក្លាហាន និង​​មាន​ភាព​ជឿជាក់​​​នៅ​ពេល​អនាគត​ខាងមុខ​ដែរ​ឬទេ?
អ្នកដឹកនាំ​អស្ចារ្យ​ម្នាក់​​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជា​អ្នក​បង្កើត​ចក្ខុវិស័យ​សម្រាប់​ពេល​អនាគត និង​ដឹកនាំ​មនុស្ស​ក្រោម​បង្គាប់​ឲ្យ​​​ធ្វើ​ការ​​ជា​ធ្លុង​មួយ​។ មិន​តែប៉ុណ្ណោះ មេដឹកនាំ​ប្រភេទ​នេះ ជា​អ្នក​ផ្ដួចផ្ដើម និង​​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំងអស់​សម្រេច​បាន​សមិទ្ធផល​ប្រកប​ដោយ​ភាព​ជឿជាក់ និង​​មាន​ទំនុកចិត្ត​​ដូច​​បាន​គ្រោង​ទុក​។ 

៥.តើ​អ្នក​ចេះ​ចែករំលែក​ភាព​ជា​អ្នកដឹកនាំ​​របស់​អ្នក​ដែរ​ឬទេ?
អ្នក​ដឹកនាំ​ដ៏​ល្អ​ម្នាក់​មិន​​អាច​ហៅ​ថា ជា​​អ្នកដឹកនាំ​ល្អ​បាន​​ទេ​​ប្រសិន​បើ​ខ្លួន​មិន​អាច​ចែករំលែក​ ឬ ផ្តល់​សិទ្ធិ​អំណាច​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​​នៅ​ក្រោម​បង្គាប់​​ដើម្បី​បន្ត​វេន។ ​តាមរយៈ​​ការ​ចែករំលែក​ឋានៈ តួនាទី និង​សិទ្ធិអំណាច​ ​អ្នកដឹកនាំ​ល្អ​​មាន​ឥទ្ធិពល​ដល់​អ្នកដទៃ​​ដោយ​ការ​ប្រើប្រាស់​​​មធ្យោបាយ​ត្រជាក់​​ជំនួស​ឲ្យ​ការ​បង្ខិតបង្ខំ ឬ​​វិធីសាស្ត្រ​​បែប​អត្តនោម័តិ​។ 

៦.តើ​អ្នក​​បាន​អនុញ្ញាត​ឲ្យ​មាន​ភាព​សំបូរ​បែប​​នៅ​ក្នុង​ក្រុម​ការងារ ឬ​​វប្បធម៌​ការងារ​​​ក្នុង​ស្ថាប័ន​ដែរ​ឬទេ? 
អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​​ម្ចាស់ ​ត្រូវ​ចេះ​លើកកម្ពស់​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​​ទទួល​បាន​អារម្មណ៍​​ថា គុណ​តម្លៃ កម្មសិទ្ធិ និង​ការ​ទំនាក់ទំនង​នៅ​ក្នុង​ក្រុមហ៊ុន​ត្រូវ​បាន​គោរព ផ្តល់​ឲ្យ និង​ការពារ​​ក្នុង​ស្មារតី​ការងារ​ជា​ក្រុម។ ​​ ពួកគេ​ត្រូវ​ទទួលស្គាល់  និង​​គោរព​តម្លៃ​​នៃ​ភាព​ខុសគ្នា​របស់​ក្រុម​ការងារ​ម្នាក់ៗ​​​ទាំង​សមត្ថភាព ទេពកោសល្យ ជីវិត​ផ្ទាល់ខ្លួន និង​ទស្សនៈ​​នៅ​ក្នុង​កន្លែង​ការងារ​៕

ប្រភព៖ Businessinsider 

 

 

 

 

X
5s