កាណាដា​គ្រោង​ចំណាយ​ថវិកា​ជាង​ ៩១​លាន​ដុល្លារ​ទិញ​សំលៀកបំពាក់​ពី​កម្ពុជា​



បើ​តាម​តំណាង​ក្រុមហ៊ុន Reitman's Global Sourcing on Garment ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៩-២០២០​នេះ ប្រទេស​កាណាដា​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​៩១​លាន​ដុល្លារ​អាមេរិក លើ​ការ​ទិញ​សំលៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ ដែល​ទំហំ​នេះ​គឺ​ខ្ពស់​ជាង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​ទៅ​ទៀត។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម។

តាម​ប្រភព​ខាង​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ នៅ​ជំនួប​ជា​មួយ​ ឯក​ឧត្ដម​ ឱក ប៊ុង រដ្ឋមន្ត្រី​ស្ដី​ទី​ក្រសួង​ពាណិជ្ជកម្ម​ ប្រធាន​ក្រុមហ៊ុន​ Reitman លោក ហ្គារី រ៉ូស (Gary Ross) បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ភាព​រីកចម្រើន​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ព្រម​ទាំង​បាន​កោតសរសើរ​ចំពោះ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ។

ឯកឧត្ដម​រដ្ឋមន្ត្រី​ស្ដីទី បាន​ជម្រាប​ភាគី​កាណាដា អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​កំណើន​នាំចេញ​របស់​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ ដែល​បាន​កើន​ចាប់​ពី​ទឹក​ប្រាក់ ១ប៊ីលាន​ដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ត​គាំទ្រ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា (BFC) របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដើម្បី​លើក​ស្ទួយ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​សំលៀកបំពាក់៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s