បច្ចេកវិទ្យា ៣ នេះនឹងវាយលុកអាជីវកម្មរបស់អ្នកនៅពេលអនាគត
កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនស្វីស KPMG បានស្រាវជ្រាវលើក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗក្នុងលោកចំនួន ៨០០ ដែលមានឈ្មោះនៅក្នុងបញ្ជីទស្សនាវដី្តដ៏ល្បីល្បាញ Fortune 500។ នៅក្នុងលទ្ធផលស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុននេះបានរកឃើញថា មានបច្ចេកវិទ្យាចំនួន ៣ ដែលនឹងត្រូវបានប្រើប្រាស់កាន់តែខ្លាំងក្លាឡើងត្រឹមតែរយៈពេល២ ឆ្នាំខាងមុខ។
តាមការគូសបញ្ជាក់ពីក្រុមហ៊ុនខាងលើ បច្ចេកវិទ្យាទាំង៣នេះ ដើរតួនាទីសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មនៃយុគសម័យថ្មីដែលក្នុងនោះគឺ៖
១. បច្ចេកវិទ្យាអ៊ីនធឺណិត Internet of Things (IoT)
Internet of Things (ការតភ្ជាប់បណ្ដាញអ៊ីនធឺណិតទៅកាន់ឧបករណ៍បច្ចេកវិទ្យា) គឺជានិន្នាការនៃបច្ចេកវិទ្យាឈានមុខគេមួយនៅពេលបច្ចុប្បន្ន។ ម្ចាស់ក្រុមហ៊ុនធំៗក្នុងលោកចំនួន ២០% បានទទួលស្គាល់ថា វាកំពុងធ្វើឲ្យអាជីវកម្មរបស់ពួកគេកំពុងផ្លាស់ប្ដូរ។ ឧបករណ៍តភ្ជាប់ (Devices) កាន់តែ ឆ្លាតវៃទៅៗ។ យ៉ាងណាមិញ IoT ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ដោយសារតែទំហំប្រជាជន (ជាពិសេសឥណ្ឌា) និងការកើនឡើងនៃក្រុមអ្នកមាន។
ក្រុមហ៊ុនស្រាវជ្រាវរបស់ចិន IDC បានរកឃើញថា ការចំណាយលើ IoT បានកើនឡើង ១៧% នៅឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។ IoT ពេញនិយមនៅក្នុងការជួយឲ្យមានការកែប្រែមុខមាត់អាជីវកម្ម ពោលគឺវាបង្កើនប្រសិទ្ធភាពអាជីវកម្ម ផលិតភាព ចំណាយតិច ងាយស្រួល និងកាន់តែឆាប់រហ័សជាងមុន។
ដូច្នេះរឿងនេះមិនមែនគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ត្បិតអីបច្ចេកវិទ្យាមួយនេះត្រូវបានគេរំពឹងថា នឹងមានសក្ដានុពលកាន់តែខ្លាំងក្លា។ នៅក្នុងឆ្នាំ ២០២០ ខាងមុខ ក្រុមហ៊ុន Gartner ជឿជាក់ថា ឧបករណ៍តភ្ជាប់ (Devices) ចំនួន ២០,៤ ពាន់លាននឹងត្រូវបានប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ហើយនៅក្នុងឆ្នាំ ២០២១ ការចំណាយលើ IoT នឹងកើនដល់ទៅ ១,៤ ពាន់ពាន់លានដុល្លារឯណោះ។
២. បច្ចេកវិទ្យារ៉ូបូត (Robotics)
ម្ចាស់ក្រុមហ៊ុនកំពូលៗក្នុងលោកចំនួន ៧% យល់ថា ការប្រើប្រាស់បច្ចេកវិទ្យា រ៉ូបូត នឹងក្លាយជាបច្ចេកវិទ្យាពេញនិយមជាងគេបំផុតលំដាប់ទី២។ បច្ចេកវិទ្យាមួយនេះមានការអភិវឌ្ឍកាន់តែទំនើប ដោយមានបំពាក់ដោយឧបករណ៍ចាប់សញ្ញា (Sensors) ភាពឆ្លាតវៃ និងមានសមត្ថភាពខ្ពស់។ នៅក្នុងករណីជាច្រើន វត្តមានរបស់វាគឺជំនួសឲ្យការងារណាមួយដែលមនុស្សមិនអាចធ្វើបានមិនថា ការងារសាមញ្ញ ឬ ការងារគ្រោះថ្នាក់នោះឡើយ។
គេរំពឹងថា ការចំណាយលើបច្ចេកវិទ្យាមួយនេះនឹងកើនឡើងដល់ ២២៦ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១។ កាលពីឆ្នាំ ២០១៦ កន្លងទៅវាបានឆ្លងផុតព្រំដែនរបស់វា ចូលមកជំនួសឲ្យការងាររបស់មនុស្សនៅក្នុងវិស័យផ្សេងៗដែលមិនមែនជាវិស័យឧស្សាហកម្ម។ សម្បត្តិដ៏ពិសេសនៃការប្រើប្រាស់បច្ចេកវិទ្យានេះគឺ បង្កើនប្រសិទ្ធភាព និងផលិតភាពនៅក្នុងវិស័យអាជីវកម្ម ហើយអាចមានប្រសិទ្ធភាពជាង IoT ទៀតផង។
៣. បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត (AI)
AI កំពុងត្រូវបានគេមើលឃើញថា ប្រៀបដូចជាខ្យល់ព្យុះមួយដែលនឹងវាយលុកទីផ្សារយ៉ាងធំសម្បើមនៅពេលអនាគត។ ថ្វីត្បិតតែ ក្រុមហ៊ុនធំៗ មើលឃើញថា អាជីវកម្មរបស់ពួកគេនៅមិនទាន់បានប្រើប្រាស់បច្ចេកវិទ្យាមួយនេះឲ្យបានទូលំទូលាយនៅឡើយ និងស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍ AI នឹងធ្វើឲ្យមនុស្សភ្ញាក់ផ្អើលជាងបច្ចេកវិទ្យាផ្សេងៗទៀតដែលធ្លាប់បង្កើតឡើងដោយមនុស្សនៅពេលកន្លងមក។
ក្រុមហ៊ុនចិន IDC ជឿជាក់ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខ ការចំណាយលើបច្ចេកវិទ្យា AI នឹងមានដល់ទៅ ៤៦ ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១៧ កន្លងទៅវាមានត្រឹមតែ ១២,៥ ពាន់លានដុល្លារ និងខ្ពស់ជាង ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។
មិនខុសពីបច្ចេកវិទ្យាទាំងពីរ ខាងលើ AI ជួយផ្លាស់ប្ដូរមុខមាត់អាជីវកម្មឲ្យកាន់តែប្រសើរជាងមុនតាមរយៈការបង្កើនផលិតភាព ប្រសិទ្ធភាព ពេលវេលា និងកាត់បន្ថយការចំណាយមកកាន់ចំនួនមួយទាបបំផុត។ ក៏ប៉ុន្តែលក្ខណៈពិសេសរបស់វានោះគឺថា វាធ្វើការកាន់តែស៊ីជម្រៅដែលអាចរៀនសូត្រ ស្វែងយល់ វិភាគ ធ្វើការសម្រេចចិត្តដូចអ្វីដែលមនុស្សយើងមាន និងឆ្លាតវៃជាងមនុស្សទៅទៀត។ វិស័យដែលពេញនិយមបំផុតដែល AI នឹងត្រូវបានយកមកប្រើ គឺវិស័យសេវាកម្មហិរញ្ញវត្ថុ។
វត្តមានដំណាលគ្នានៃបច្ចេកវិទ្យា Internet of Things បច្ចេកវិទ្យា រ៉ូបូត និង AI កំពុងបង្កើតតម្លៃទីផ្សារថ្មី និងជួយផ្លាស់ប្ដូរផលិតផល និងសេវាកម្មដែលមានស្រាប់នៅលើទីផ្សារសាកលលោក។ ក្នុងទិសដៅសុទិដ្ឋិនិយម បច្ចេកវិទ្យាទាំងនេះកំពុងប្រែក្លាយវិស័យឧស្សាហកម្ម គំរូអាជីវកម្មក៏ដូចជាជីវិតរបស់មនុស្ស សង្គមនិងបរិស្ថានមានការផ្លាស់ប្ដូរជា វិជ្ជមាននៅពេលអនាគត។
ម្ចាស់អាជីវកម្មទាំងអស់ ត្រូវទទួលស្គាល់បរិបទថ្មីនៃការលូតលាស់បច្ចេកវិទ្យាទាំងនេះ។ ចុះអ្នកវិញ បានត្រៀមខ្លួនហើយឬនៅ?
ប្រភព៖ Inc