ហ្វីលីពីនប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសារតែចំនួនអ្នកជំងឺកើនខ្ពស់​



យោងតាមបណ្តាញសារព័ត៌មាន Channel News Asia វាបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានប្រកាសអាសន្នលើការផ្ទុះឡើងនូវជំងឺគ្រុនឈាមជាច្រើនសិបពាន់ករណីគិតត្រឹមឆមាសទី១ ដើមឆ្នាំ ២០១៩ នេះ។ 

ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសកាលពីថ្ងៃពុធ ទី១៧ កក្កដា ២០១៩ ថា នឹងមានការរៀបចំត្រៀមមន្ទីរពេទ្យយោធា និងគ្លីនិកយោធាមួយចំនួនបន្ថែមទៀតដើម្បីទទួលព្យាបាលអ្នកជំងឺគ្រុនឈាម ខណៈដែលអត្រានៃអ្នកកើតជំងឺគ្រុនឈាមនេះបានកើនឡើងយ៉ាងគំហុក។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាលហ្វីលីពីនបានប្រកាសអាសន្នលើកដំបូងពី ជំងឺគ្រុនឈាមថ្នាក់ជាតិ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ។

មានការផ្ទុះឡើងជំងឺគ្រុនឈាមប្រមាណ ១០៦,៦៣០ ករណីរាប់ចាប់ពីថ្ងៃទី១ មករា មកទល់នឹងថ្ងៃទី២៩ មិថុនា ២០១៩ នេះ កើនឡើង ៨៥% លើសឆ្នាំកន្លងទៅបើធៀបនឹងរយៈពេលដូចគ្នា។ គិតត្រឹមរយៈពេល ១ ឆមាសដើមឆ្នាំនេះ ហ្វីលីពីនមានអ្នកស្លាប់ដោយសារគ្រុនឈាម ៤៥០ នាក់ទៅហើយ នេះបើតាមការរាយការណ៍ពីសារព័ត៌មានរបស់ហ្វីលីពីន។

ប្រភព​រូបពី៖ CNN

ការរាតត្បាតត្រូវបានគេប្រកាសនៅក្នុងតំបន់ចំនួន ៤ ក្នុងប្រទេសមានដូចជា មីមីម៉ារ៉ូផា (Mimaropa)  វីសាយ៉ាស (Visayas) ភាគខាងជើង តំបន់កណ្តាល វីសាយ៉ាស និងភាគខាងជើងមីនដាណាវ ដែលមានមនុស្សរស់នៅជាង ២០ លាននាក់។ កាកបាទក្រហមជាតិហ្វីលីពីននឹងបង្កើនក្រុមគ្រូពេទ្យទៅកាន់តំបន់ដែលរងផល​ប៉ះពាល់ និងផ្តល់ការដឹកជញ្ជូនបន្ទាន់ ខណៈដែលក្រសួងអប់រំនឹងបន្ថែមលើកកម្ពស់ការយល់ដឹងអំពីជម្ងឺគ្រុនឈាម ក៏ដូចជាដំឡើងនូវការបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែច្រើន  និងការដាក់ថ្នាំសំលាប់សត្វល្អិត បាញ់ថ្នាំកំចាត់មូសនៅតាមសាលារៀន។

គួររម្លឹកផងដែរថា ជំងឺគ្រុណឈាមនេះវាជាករណីជំងឺដែលនៅតាមបណ្តាប្រទេសជាង ១០០ ចាត់ទុកថាជារឿងធម្មតាក្នុងការកើតមាន ហើយជាមធ្យមមានអ្នកកើតនិងឆ្លងជំងឺគ្រុនឈាមប្រមាណ ៤០០ លាននាក់ក្នុងមួយឆ្នាំៗ។ ក្នុង ១០០ លាននាក់នៃអ្នកកើតជំងឺគ្រុនឈាម មាន ២២,០០០ នាក់បានស្លាប់នេះបើតាមការឲ្យដឹងពី Centers for Disease Control and Prevention។ អាការៈនៃជំងឺគ្រុនឈាមមានដូចជា ក្តៅខ្លួន ចង់ក្អួត ក្អួត ឡើងកន្ទួលក្រហមលើស្បែក ឈឺចាប់ខ្លួនប្រាណ និងសាច់ដុំ។ នៅកម្ពុជាក្នុងឆ្នាំនេះក៏មានករណីផ្ទុះជំងឺគ្រុនឈាមមិនតិចជាង ១២,០០០ នាក់ទេ ដែលក្នុងនោះមនុស្ស ២១ នាក់ត្រូវបានស្លាប់ដោយសារគ្រុនឈាម៕

ដោយ៖ យ៉ាយ៉ា

 

X
5s