​ក្រសួងកំពុងស្វែងរកក្រុមហ៊ុន​ដែល​នាំ​ចូល​សំរាម​ខុស​ច្បាប់​ទាំង​៨៣​ទូរ​កុងតឺន័រ ដើម្បីផាកពិន័យ​



ឯកឧត្តម នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​និង​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដែល​នាំ​ចូល​សំរាម​ខុស​ច្បាប់​ចំនួន​៨៣​ទូរ​កុងតឺន័រ ដោយ​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​តាម​ច្បាប់ និង​បញ្ជូន​សំរាម​ទាំង​នោះ​ទៅ​ប្រភព​ដើម​វិញ។ នេះ​បើ​តាម​វិទ្យុជាតិ​កម្ពុជា។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់ ថា​តើ​ប្រភព​សំរាម​ថង់ប្លាស្ទិច​ទាំង​នោះ​នាំ​ចេញ​ពី​ប្រទេស​ណា ហើយ​តើ​អ្នក​ណា​ដែល​នៅ​ពីក្រោយ​ការ​នាំ​ចូល​នេះ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ ដោយ​ទី​១​ត្រូវ​បញ្ជូន​សំណល់​ប្លាស្ទិច​ទាំង​នេះ​ទៅ​ប្រទេស​ដើម​វិញ និង​ទី​២​ធ្វើ​ការ​ផាក​ពិន័យ​លើ​ក្រុមហ៊ុន​ណា​ដែល​នាំ​ចូល។

ឯកឧត្ដម​បាន​ឲ្យ​ដឹង​ថា កន្លង​មក សម្ដេច​ ហ៊ុន សែន បាន​គូរ​បញ្ជាក់​ថា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​នាំ​សំណល់​ប្លាស្ទិកមក​កែច្នៃ​នៅ​កម្ពុជា​ជា​ដាច់ខាត​ ព្រោះ​កម្ពុជា​មិនមែន​ជា​ធុង​សំរាម​សម្រាប់​ការ​បោះចោល​បច្ចេកវិទ្យា​ហួស​សម័យ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជា​និច្ច​និង​ការ​នាំ​ចូល​សំណល់​ប្លាស្ទិក និង​ប្រេង​ម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សំណល់​ប្លាស្ទិចកចំនួន​៨៣​ទូរ​កុងតឺន័រ ត្រូវ​បាន​ក្រសួង​បរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​រក​ឃើញ នា​កំពង់ផែ​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s