អ្នកវិទ្យាសាស្ត្រចិនរកឃើញវិធីកម្ចាត់​សត្វមូសនៅតំបន់កោះរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព​



តាមការចេញផ្សាយពីសារព័ត៌មានចិន South China Morning Post បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តចិនបានធ្វើការលុបបំបាត់ចំនួនសត្វមូសនៅលើកោះមួយនៅភាគខាងត្បូងប្រទេសចិន ការធ្វើបែបនេះគឺដើម្បីមានលទ្ធភាពប្រឆាំងនឹងជំងឺជាច្រើនប្រភេទដែលបង្កដោយសត្វមូស។

អ្នកវិទ្យាសាស្រ្តបានចេញផ្សាយថា ត្រឹមរយៈពេលជិត ២ ឆ្នាំ មានមូសខ្លាច្រើនជាង ២០០ លានក្បាលត្រូវបានបង្កាត់ពូជនៅតំបន់អាស៊ីយើង ជាពិសេសនៅលើកោះ Shazai និង Dadosha នៅតំបន់ដីសណ្ដទន្លេមេគង្គនៅភាគខាងត្បូងនៃទីក្រុងក្វាងចូវ ហើយតំបន់នោះក៏ត្រូវបានគេកត់សម្គាល់ថាជាតំបន់ដែលមានករណីជំងឺគ្រុនឈាមកើតឡើងច្រើនបំផុតនៅប្រទេសចិន។

តាមការខិតខំស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហើបថា ការដែលពួកគេអាចកំចាត់បានទាំងស្រុងនូវចំនួន និងវត្តមានសត្វមូសនៅលើកោះទាំងពីខាងលើគឺដោយសារការប្រើកាំរស្មីដាក់ឲ្យប៉ះលើរាងកាយសត្វមូស (ពិសេសមូលខ្លាញី) បន្ទាប់ពីមានប្រតិកម្មវានឹងធ្វើឲ្យសត្វមូសទាំងនោះមិនអាចបង្កកំណើតបាន។ ចំណែកមូសខ្លាឈ្មោលវិញ គេប្រើស្ករដែលមានផ្ទុកសារធាតុថ្នាំវាងាយទាក់ទាញមូសខ្លាញីក្នុងការបង្កកំណើត តែពងរបស់មូសទាំងនោះគ្មានលទ្ធភាពញាស់ជាដង្កូវទឹកនិងវិវត្តទៅជាសត្វមូសបានទេ។ ជាលទ្ធផលបន្ទាប់ពីការសាកល្បងនេះមកគេឃើញថាវាមានប្រសិទ្ធភាព និងអាចលុបបំបាត់ចំនួនមូសអស់ពិតមែនពីតំបន់នោះ។

ការពិសោធន៍សាកល្បងនេះត្រូវ​បាន​ធ្វើឡើងបន្ថែម​នៅតំបន់ក្វាងទុង តែតាមការវិភាគហ្សែនរបស់សត្វមូស អ្នកវិទ្យាសាស្រ្តបានរកឃើញថាវាពពួកមូសដែលគេបានកំចាត់នោះមាននៅតាមតំបន់ផ្សេងៗទៀត ហើយអ្នកវិទ្យាសាស្ត្រក៏កំពុងគ្រោងប្រើវិធីសាស្រ្តដើម្បីលុបបំបាត់សត្វមូសនៅតំបន់ផ្សេងទៀតដូចគ្នា។

ការស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោកសាស្រ្តាចារ្យស៊ីជីហ្សីងមកពីសាកលវិទ្យាល័យ Sun Yat-sen មហាវិទ្យាល័យ Michigan នៃមជ្ឈមណ្ឌលត្រួតពិនិត្យវ៉ិចទ័រសម្រាប់ជំងឺត្រូពិចដោយមានការគាំទ្រជាផ្លូវការពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺនៅក្វាងចូវ។ ការសិក្សាបានរកឃើញថានៅដើមដំបូងមានប្រជាជនត្រឹមតែ ១៣% ប៉ុណ្ណោះនៅកោះ Shazai ដែលបានគាំទ្រកិច្ចការនេះ។

មូសជាប្រភពបង្កជំងឺសាហាវគ្រោះថា្នក់នានាដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនលឿង ហ្ស៊ីកា ជំងឺរលាកស្រោមខួរក្បាលជាដើម។ តាមការសិក្សាស្រាវជ្រាវសត្វមូសបានសំលាប់មនុស្សប្រមាណ ៧០០,០០០ នាក់ទូទាំងពិភពលោក។ ដោយឡែកចំពោះប្រទេសកម្ពុជាយើងវិញ រយៈពេល ២០ សប្តាហ៍ក្នុងឆ្នាំ ២០១៩ នេះចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមបានកើនឡើងដល់ ២១ នាក់ ខណៈដែលអ្នកឈឺដោយសារជំងឺនេះកើនឡើងដល់ជាង ១ ម៉ឺន ២ សែននាក់ នេះបើតាមការលើកឡើងពីមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។ ចំនួននេះគិតតែលើជំងឺគ្រុនឈាមមួយមុខ នៅមិនទាន់បានគិតចូលជំងឺផ្សេងៗដែលបង្កឡើងដោយសត្វមូលនៅឡើយទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s