CDC អនុម័ត​គម្រោង​រោងចក្រ​៣​បន្ថែម​និង​អាច​ផ្ដល់​ការងារ​ជិត​៣ពាន់​កន្លែង​ដល់​ពលរដ្ឋ​



បន្ទាប់​ពី​សំណើ​ស្នើ​សុំ​បង្កើត​រោងចក្រ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣ លើ​ការ​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង, កាបូប​និង​ស្រោម​ដៃ, និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ នៅ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១១,៣ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ការងារ​ដល់​ពល​រដ្ឋ​រហូត​ដល់ ២,៧៤៨​កន្លែង។

ទី​មួយ​ក្រុមហ៊ុន JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេសកាតុង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុង​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៤,៨លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៤៩​កន្លែង។

ទី២ ក្រុមហ៊ុន NIU GENG DI (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្រោមដៃ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ត្រពាំងទា សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៧លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៣៧៨​កន្លែង។

ទី​៣ ក្រុមហ៊ុន “CHUNLEI GARMENT (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ ២,៨លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ១.២២១​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s