មនុស្ស​ជុំវិញ​អ្នក​ អាច​មាន​ឥទ្ធិពល​​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន​



តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​​ចាស់​និយាយ​ថា ឆ្នាំង​ណា​គ្រប​ហ្នឹង​ដែរ​ទេ? ហេតុអ្វី​អ្នកមាន​ចូលចិត្ត​រាប់អាន​អ្នកមាន​ដូចគ្នា? មនុស្ស​ល្អ​រត់​ទៅ​រក​មនុស្ស​ល្អ។ មនុស្ស​​​អាក្រក់​រាប់អាន​ក្រុម​មនុស្ស​​អន្ធពាល​។ នេះ​ជា​រឿង​ធម្មតា​ពីព្រោះ​​ជា​ទូទៅ​មនុស្ស​ចូលចិត្ត​រាប់អាន​មនុស្ស​ដែល​មាន​អត្តចរិត ឬ​ស្ថានភាព​​​ប្រហាក់ប្រហែល​ខ្លួន។

 

យោង​ទៅ​តាម​​ការ​​អះអាង​របស់​​លោក Nicolas Christakas ដែល​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទំនាក់ទំនង​សង្គម​ទម្លាប់​របស់​មនុស្ស​រីក​រាលដាល​ដូចជា​វីរុស​​។ នេះ​អាច​ជា​រឿង​ល្អ​បើ​អ្វីៗ​ដែល​​អ្នក​កំពុង​មាន​នៅ​​​ក្នុង​ខ្លួន​ជាទូទៅ​មាន​​ទម្លាប់​​បែប​ស្ថាបនា និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។

ឧទាហរណ៍​ថា ប្រសិន​បើ​នៅ​ក្នុង​រង្វង់​​ទំនាក់ទំនង​​របស់​អ្នក​​ហ៊ុមព័ទ្ធ​​ទៅ​ដោយ​ក្រុម​មនុស្ស​ដែល​ពូកែ​​សន្សំប្រាក់ ​នោះ​វា​ទំនង​ធ្វើ​ឲ្យ​អ្នក​ទទួល​រង​ឥទ្ធិពល​ពី​ពួកគេ​នូវ​ទម្លាប់​ដ៏​ឆ្លាតវៃ​ផ្នែក​ហិរញ្ញវត្ថុ​​នេះ​។ ប៉ុន្តែ​​វា​អាច​ក្លាយ​ជា​រឿង​ក្រឡាប់ចាក់​ប្រសិន​បើ​នៅ​ក្នុង​រង្វង់​ទំនាក់ទំនង​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ក្រុម​មនុស្ស​ដែល​បំផ្លិចបំផ្លាញ ឬ​​ក្រុម​មនុស្ស​ពុល)​។ 

 

បើ​យោង​​តាម​សៀវភៅ "Rich Habits"   បាន​​សរសេរ​ថា អ្នក​ដែល​ជួបប្រទះ​​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​ជា​អចេតនា​បាន​ហ៊ុមព័ទ្ធ​​​ខ្លួនឯង​​ទំនាក់ទំនង​ជាមួយ​​ក្រុម​មនុស្ស​ពុល (Toxic People)។ ក្រុម​មនុស្ស​​ពុល ជា​ក្រុម​មនុស្ស​​​​អវិជ្ជមាន​ដែល​មាន​ទម្លាប់​គ្រប់គ្រង​ចាយវាយ​ប្រាក់កាស​  សុខភាព ​​អារម្មណ៍ ​ក្រមសីលធម៌  ការងារ និង​អ្វីៗ​ផ្សេងទៀត​មិន​បាន​ល្អ​​ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ភាព​ជោគជ័យ​ក្នុង​ជីវិត។

ផ្ទុយ​មក​វិញ បើ​ផ្អែក​លើ​សៀវភៅ​នេះ​ដដែល ក្រុម​អ្នក​មាន​ដូច​ជា​សេដ្ឋីៗ​ជា​ច្រើន​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​បាតដៃ​ទទេ​​រហូត​ដល់​មាន​ប្រាក់​​រាប់​រយ​លាន​ដុល្លារ​បាន​ជ្រើសរើស​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ក្រុម​មនុស្ស​​​អ្នក​មាន ឬ​បុគ្គល​ជោគជ័យ។ ​ក្រុម​សេដ្ឋី​ទាំង​នេះ​ គឺ​ជា​បុគ្គល​ដែល​មាន​ភាព​ឆ្លាតវៃ​ផ្នែក​ហិរញ្ញវត្ថុ ​មាន​ទម្លាប់​គ្រប់គ្រង​ចាយវាយ​ប្រាក់កាស​  សុខភាព ​​អារម្មណ៍ ​ក្រមសីលធម៌  ការងារ និង​អ្វីៗ​ផ្សេងទៀត​​​បាន​ល្អ​​​ប្រសើរ​​ព្រមទាំង​រក្សា​ទំនាក់ទំនង​បាន​យូរ​អង្វែង​ជាមួយ​មនុស្ស​ជោគជ័យ​ដូចគ្នា​ដែល​នាំ​ទៅ​រក​សម្រេច​បាន​ភាព​​ជោគជ័យ​ក្នុង​ជីវិត។

ហេតុដូច្នេះ​ហើយ​ ការ​បង្កើន​គុណភាព​ជីវិត​របស់​អ្នក​គឺ​ជា​រឿង​សំខាន់​ណាស់។ អ្នក​ត្រូវ​ជ្រើសរើស​ក្រុម​មនុស្ស​ដែល​មាន​ទម្លាប់​ល្អៗ​ ឬ​ក្រុម​មនុស្ស​ដែល​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ ហើយ​កាត់​បន្ថយ​ការ​ប្រជ្រៀត​ខ្លួន​នៅ​លាយឡំ​ជាមួយ​​ក្រុម​មនុស្ស​​​ពុល​ឲ្យ​មក​ក្នុង​ចំនួន​មួយ​ទាប​បំផុត​។ ​​​​​​​

យ៉ាងណាក៏ដោយ ការ​បង្កើត​ទំនាក់ទំនង​ល្អ​​ជាមួយ​ក្រុម​អ្នក​មាន (Rich Relationship) និង​ក្រុម​មនុស្ស​​ពុល ​ (Toxic Relationship)  គឺ​ជា​ការ​អនុវត្ត​មួយ​ដែល​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ ឬ​ដំណើរការ​​តាម​ក្បួនខ្នាត​របស់​វា​។ ចំណុច​ស្នូល​នៃ​ការ​​ដំណើរការ​​នេះ គឺ​អ្នក​ត្រូវ​យល់ដឹង​ពី​ភាព​ខុសគ្នា​រវាង​ទំនាក់ទំនង​​របស់​ក្រុម​មនុស្ស​ពីរ​ប្រភេទ​នេះ​សិន​។

លក្ខណសម្បត្តិ​នៃ​ការ​ទំនាក់ទំនង​ជាមួយ​​ក្រុម​អ្នកមាន​ (Rich relationship traits)
លក្ខណៈ​ទូទៅ​នៃ​បុគ្គល​ទាំង​នេះ​ គឺ​​ជា​មនុស្ស​មាន​ទស្សនវិស័យ​ច្បាស់លាស់ មាន​សុទិដ្ឋិនិយម និង​​មាន​គំនិត​វិជ្ជមាន​ជានិច្ច​។ ​មនុស្ស​ប្រភេទ​នេះ ​មាន​បេះដូង​ជា​អ្នក​ធ្វើ​​អ្វីៗ​ឲ្យ​បាន​សម្រេច​។ ពួកគេ​ជឿ​ថា​  បុគ្គល​ម្នាក់ៗ​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ។

ក្រុម​អ្នកមាន ជា​ក្រុម​មនុស្ស​ដែល​ចូលចិត្ត​​លើក​ស្ទួយ​អ្នកដទៃ​ឲ្យ​ងើប​ផុត​ពី​ភក់ជ្រាំ។ ​ច្រក​ទ្វារ​ចូល​របស់​ពួកគេ​បើក​ស្វាគមន៍​អ្នក​​ជានិច្ច​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​របស់​អ្នក ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ និង​​ធ្វើ​ឲ្យ​អ្នក​អាច​​ភ្លក់​រសជាតិ​ក្តី​សុបិន្ដ​របស់​អ្នក​បាន​។ នៅ​ពេល​ដែល​​អ្នក​បាន​បង្ខិត​ខ្លួន​ទៅ​ជិត​បុគ្គល​ទាំង​នេះ​ ពួកគេ​នឹង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។ គោលការណ៍​របស់​មនុស្ស​ប្រភេទ​នេះ គឺ​ពាំនាំ សុភមង្គល ក្តី​ស្រលាញ់ និង​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់រូប​ដែល​ប្រាថ្នា​ចង់​សម្រេច​បាន​​គោលដៅ និង​ក្តី​សុបិន្ដ​ដូច​ពួកគេ។

ខាងក្រោម​នេះ​ជា​លក្ខណសម្បត្តិ​ត្រួសៗ​របស់​ក្រុម​​អ្នកមាន៖
-ផ្នត់គំនិត​​ដ៏​​រឹងប៉ឹង​៖ ពួកគេ​យល់​ថា ជោគជ័យ​មិន​​សុទ្ធតែ​កើត​មាន​គ្រប់ពេល​នោះ​ទេ​។ ដើម្បី​ជោគជ័យ ក៏​ត្រូវ​មាន​​អ្នក​​បរាជ័យ​ដែរ​ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ឈ្នះ។ 
-ផ្តោត​លើ​ដំណោះស្រាយ៖ ពួកគេ​ផ្ដោត​ទៅ​​លើ​ដំណោះស្រាយ​ជា​ធំ​ចំពោះ​បញ្ហា​ដែល​កើតមាន​ឡើង។
-រិះគន់​បែប​ស្ថាបនា៖ ពួកគេ​ផ្តល់​ការ​រិះគន់​មួយ​ដែល​មាន​លក្ខណៈ​ជួយ​កែលំអ​អ្នកដទៃ មិនមែន​ទាញ​ទម្លាប់ ឬ​បំបាក់​ទឹកចិត្ត​របស់​អ្នកដទៃ​ឡើយ។
-មាន​សុទិដ្ឋិនិយម៖ ពួកគេ​ជឿ​ថា ខ្លួន​អាច​ផ្លាស់ប្ដូរ​ឧបសគ្គ​​ជាច្រើន​នៅ​ក្នុង​ជីវិត​បាន។
-មាន​ទំនុកចិត្ត​៖ ពួកគេ​ធ្វើ​សកម្មភាព​​​ដែល​ឆ្ពោះ​ទៅ​រក​គោលដៅ និង​ក្តី​សុបិន្ដ​របស់​ខ្លួន​​ប្រកប​ដោយ​ភាព​ជឿជាក់ និង​មាន​ទំនុកចិត្ត​ខ្ពស់​។
-ដាក់ខ្លួន៖ ពួកគេ​ជា​មនុស្ស​សុភាពរាបសារ​កាត់​បន្ថយ​អំនួត​ឲ្យ​មក​ទាប​បំផុត​ ឬ​មិន​លើកតម្កើង​ខ្លួនឯង​ជា​ធំ។
-​មាន​​ផ្លូវចិត្ត​​រឹងមាំ​៖ ពួកគេ​ជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​ជា​ពិសេស​នៅ​ពេល​ដែល​មាន​កំហុស​​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ពួកគេ​ជា​មនុស្ស​មាន​ទំនុកចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដោយ​ប្រសិទ្ធភាព។ 
-ធ្វើ​អ្វី​ធ្វើ​ឲ្យ​បាន​សម្រេច៖ ពួកគេ​ម្នាក់ៗ​ជឿជាក់​ថា ខ្លួន​គឺ​ជា​ស្ថាបត្យករ​ជីវិត។ ផ្នត់​គំនិត​របស់​ពួកគេ​​គឺ​ថា បើ​ចង់​​ធ្វើ​​អ្វី គឺ​ត្រូវ​​ធ្វើ​ឲ្យ​បាន​សម្រេច​។
-ជា​មនុស្ស​រីករាយ៖ ពួកគេ​មើល​​ឃើញ​ជីវិត​ពោរពេញ​ទៅ​ដោយ​​រឿង​ល្អៗ មិនមែន​សុទ្ធតែ​អវិជ្ជមាន​ដូច​អ្នក​ផ្សេង​គិត​នោះ​ឡើយ។
-ចេះ​អរគុណ៖ ពួកគេ​ផ្ដោត និង​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​មាន មិនមែន​អ្វី​ដែល​អ្នកដទៃ​មាន​នោះ​ទេ។ 
-អ្នក​មុន ខ្ញុំ​ក្រោយ៖ ពួកគេ​ផ្តោត​លើ​ការ​បន្ថែម​គុណតម្លៃ​​ទៅ​ឲ្យ​ជីវិត​របស់​អ្នកដទៃ។
-មាន​ភាព​អត់ធ្មត់៖ ពួកគេ​យល់​ថា ចង់​ជោគជ័យ និង​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ គឺ​ត្រូវ​ការ​ពេលវេលា​យូរ។ 
-តស៊ូ​គ្មាន​ទី​បញ្ចប់៖ គ្មាន​ឡើយ​ការ​បោះបង់​របស់​បុគ្គល​ប្រភេទ​នេះ​បើ​ពួកគេ​ចង់​សម្រេច​​ក្តីសុបិន្ត ឬ​គោលដៅ​របស់​​ខ្លួន​ហើយ​នោះ។
-ផ្ដោត​លើ​ពេល​អនាគត៖ ពួកគេ​បន្ត​ធ្វើ​ដើម្បី​សម្រេច​គោលដៅ និង​ក្តី​សុបិន្ត​របស់​ខ្លួន។ 
-ស្វែងរក​ការ​កែលំអ​ពី​អ្នកដទៃ៖ ពួកគេ​ចាត់ទុក​ការ​រិះគន់​របស់​អ្នកដទៃ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ម្នាក់​កាន់តែ​ល្អ​​ឡើង។ 
-ទៀងត្រង់៖ ពួកគេ​មិន​ធ្វើ​ពុធ​ជា​អ្នកណា​ម្នាក់​ដែល​ពួកគេ​មិន​ចង់​ធ្វើ​។ នេះ​ដោយសារតែ​ពួកគេ​​ចូលចិត្ត​ខ្លួនឯង​ជា​អ្នកណា​​។
-ផ្តោត​លើ​រយៈពេល​វែង៖ ពួកគេ​វិនិយោគ​លើ​ខ្លួនឯង លះបង់​ថ្ងៃ​នេះ​ដើម្បី​អនាគត​ភ្លឺស្វាង​នៅ​ពេល​ខាងមុខ។

លក្ខណសម្បត្តិ​នៃ​ការ​ទំនាក់ទំនង​ជាមួយ​​ក្រុម​​មនុស្ស​ពុល (​​​Toxic relationship traits)
ចំណុច​សំខាន់ៗ​នៃ​ក្រុម​​មនុស្ស​ប្រភេទ​នេះ គឺ​​មនុស្ស​មាន​ទុទ្ទិដ្ឋិនិយម និង​ទស្សនៈ​អវិជ្ជមាន។ ពួកគេ​យល់​ថា​​ខ្លួនឯង​គឺ​ជា​ជនរងគ្រោះ​​ចំពោះ​លទ្ធផល​ទាំងអស់​ដែល​ខ្លួន​​​កំពុង​​ជួប​ ហើយ​យល់​ថា បើ​ទោះបី​ជា​ខ្លួន​កំពុង​មាន​កំហុស​ក្តី អ្នកដទៃ​គួរ​តែ​ទទួលខុសត្រូវ​ចំពោះ​​កំហុស​​ទាំង​នោះ។ ​​ពួកគេ​បន្ទោស​សង្គម បរិយាកាស ឬ​​អ្នក​ផ្សេង​ទៀត​ថា ជា​អ្នក​ធ្វើ​ឲ្យ​ខ្លួន​បរាជ័យ ជួប​ភាព​ក្រីក្រ ឬ​មាន​បញ្ហា​​ហិរញ្ញវត្ថុ។ 

ក្រុម​មនុស្ស​ពុល នឹង​​អូសទាញ​អ្នក​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ដូច​ពួកគេ​ដែរ​។ ជីវិត​របស់​ពួកគេ​ ​ពោរពេញ​ទៅ​ដោយ​​ការ​សម្ដែង​​​ (Drama) ជម្លោះ និង​ការ​តស៊ូ​ជាមួយ​​នឹង​បញ្ហា​ហិរញ្ញវត្ថុ។ នៅពេល​ដែល​ពួកគេ​ស្ថិតនៅ​ក្នុង​គន្លង​ផ្លូវ​ជាមួយ​​អ្នក​​នៅ​ទីបំផុត​​បញ្ហា​របស់​ពួកគេ​​នឹង​ក្លាយ​ ទៅ​ជា​បញ្ហា​របស់​អ្នក។

ខាងក្រោម​នេះ​ជា​លក្ខណសម្បត្តិ​ត្រួសៗ​របស់​ក្រុម​មនុស្ស​ពុល​៖ 
-ផ្នត់​គំនិត​ភ័យខ្លាច៖
ពួកគេ​ជឿ​ថា ចង់​បាន​លុយ ឬ​​​ទ្រព្យសម្បត្តិ​អាច​ធ្វើ​ឲ្យ​មនុស្ស​លោភលន់ និង​យល់​ថា ​ខ្លួន​ធ្វើ​មិន​បាន​ឡើយ។
-ផ្ដោត​លើ​បញ្ហា៖ ពួកគេ​ផ្ដោត​តែ​ទៅ​លើ​បញ្ហា​ជា​ធំ ជាជាង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ​។ សម្រាប់​ពួកគេ គ្រប់​ទីកន្លែង​គឺ​ជា​បញ្ហា។
-រិះគន់​ជាន់​ពន្លិច៖ ដោយសារតែ​ពួកគេ​​ជា​មនុស្ស​គ្មាន​តម្លៃ ​ទើប​ពួកគេ​ព្យាយាម​អូសទាញ​អ្នកដទៃ​ឲ្យ​ធ្លាក់ចុះ​ជាមួយ​នឹង​ខ្លួន​ដែរ​ដោយ​ប្រើ​ភាសា​​រិះគន់​បន្ទាបបន្ថោក និង​​ជាន់ពន្លិច​បន្ថែម​។
-មាន​ទុទ្ទិដ្ឋិនិយម៖ ពួកគេ​មើល​អនាគត​ក្នុង​ផ្លូវ​អវិជ្ជមាន ហើយ​ជា​លទ្ធផល​ពួកគេ​មិន​អាច​​សម្រេច​បាន​គោលដៅ និង​ក្តី​សុបិន្ដ​របស់​ពួកគេ​បាន​ទេ។
-​ពូកែ​អួតអាង​​៖  ពួកគេ​មាន​ទម្លាប់​អាក្រក់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួនឯង​លេចធ្លោ​ក្នុង​វត្តមាន​របស់​អ្នកដទៃ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​មាន​ចំណាប់អារម្មណ៍។
-គ្រប់គ្រង​អារម្មណ៍​មិន​បាន​ល្អ៖ ពួកគេ​​ជា​ទាសករ​នៃ​អារម្មណ៍​របស់​ខ្លួន។ ឆាប់​ខឹង និង​ឆេវឆាវ​ច្រើន។
-មិន​ចូលចិត្ត​ជួយ​ ឬ​គ្មាន​ក្តី​សង្ឃឹម៖ ពួកគេ​​បាត់បង់​ក្តី​សង្ឃឹម​ចំពោះ​សមត្ថភាព​ខ្លួនឯង និង​បណ្តែតបណ្តោយ​ឲ្យ​​ឆាកជីវិត​រសាត់​អណ្តាត​គ្មាន​កោះ​ត្រើយ។
-ចូលចិត្ត​ប្រៀបធៀប​អ្នកដទៃ៖ ពួកគេ​មិន​រីករាយ​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​ក៏​មិន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចង់​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។ ពួកគេ​ចូលចិត្ត​​បង្កើត​ទម្លាប់​ យក​អ្វីៗ​ដែល​​អ្នកដទៃ​​មាន​មក​ប្រៀបធៀប​នឹង​​ខ្លួន​ឯង។
-ខ្ញុំ​មុន អ្នក​ក្រោយ៖ ពួកគេ​មាន​ផ្នត់​គំនិត​ "អញ​”  និង​​បំពេញ​តម្រូវការ​របស់​ខ្លួន​មុន​អ្នក​ផ្សេង​ទាំងអស់។
-គ្មាន​ភាព​អត់ធ្មត់៖ ពួកគេ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​នៅ​ក្នុង​រយៈពេល​វែង​ខាងមុខ​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​ និង​ភាព​ជោគជ័យ​របស់​ខ្លួន។
-ភ័យខ្លាច​ការ​រិះគន់​របស់​អ្នកដទៃ៖ ដោយសារតែ​ពួកគេ​មិន​ច្បាស់លាស់​ពី​ខ្លួនឯង ពួកគេ​មាន​ផ្នត់​គំនិត​មួយ​គឺ​ប្រកាន់​ខ្លួន​ឯង​ត្រូវ​ជា​ធំ មិន​ខ្វាយខ្វល់ ឬ​បដិសេធន៍​ការ​រិះគន់​កែលំអ​ពី​អ្នកដទៃ។ 
-​ពូកែ​សម្ដែង៖ ពួកគេ​មិន​សប្បាយចិត្ត​ទៅ​នឹង​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​ពុត​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែល​មិនមែន​ជា​របស់​ខ្លួន។
-ផ្លោត​រយៈពេល​ខ្លី​៖ ពួកគេ​​ចង់​បំពេញ​បំណង​ភ្លាមៗ​​ ហើយ​មិន​មាន​បំណង​ចង់​វិនិយោគ​​លើ​ខ្លួន​ឯង​សម្រាប់​រយៈពេល​វែង​ខាងមុខ​ឡើយ​។ ពួកគេ​ចង់បាន​អ្វី​ដែល​ពួកគេ​ចង់​បាន ហើយ​​ចង់​បាន​វា​នៅ​​ថ្ងៃ​នេះ​តែម្តង៕

ប្រភព៖ Businessinsider 

X
5s