ឱកាសពង្រីកអាជីវកម្ម! សហគ្រិនស្ត្រីកម្ពុជានឹងទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបបំផុត
ជាការលើកទឹកចិត្តដល់សហគ្រិនស្ត្រីកម្ពុជា ធនាគារកាណាឌីយ៉ាបានសម្រេចផ្ដល់ហិរញ្ញប្បទានចំនួន ២០លានដុល្លារអាមេរិកដល់សមាគមសហគ្រិនស្ត្រីកម្ពុជាគាំទ្រលើគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្ត្រីវៃឆ្លាត»។ ដែលកម្ចីសម្រាប់មុខជំនួញរបស់សហគ្រិនស្ត្រី នឹងមានអត្រាការប្រាក់ទាបបំផុតគឺត្រឹមតែ ៧.៨% ប៉ុណ្ណោះក្នុងមួយឆ្នាំ។
បន្ថែមពីនោះទៀត សហគ្រិនស្ត្រីនឹងទទួលបានការប្រើកាតក្រេឌីតក្នុងកម្រិត ៥ពាន់ដុល្លារ សម្រាប់ការធានាក្នុងក្រុមហ៊ុន និងសម្រាប់បុគ្គលិកគឺកម្រិត ២ដងនៃប្រាក់ខែរបស់ពួកគេ, ការប្រើប្រាស់វីសាកាត រហូតដល់រយៈពេល៣៦ខែ, ការផ្តល់ឲ្យមិនគិតថ្លៃនូវសៀវភៅធនាគារប្រចាំខែ, ការផ្ទេរប្រាក់ក្នុងតំបន់ដោយមិនគិតថ្លៃប្រចាំខែ, ការគិតកម្រៃសេវាផ្ញើរប្រាក់ទៅក្រៅប្រទេសទាប (០.០៥% ក្នុង១ប្រតិបត្តិការ), ការមិនគិតថ្លៃសេវាលើការបើកប្រាក់បៀវត្សរ៍បុគ្គលិក និងផ្សេងៗទៀត។
លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍ថា បញ្ហាប្រឈមសម្រាប់សហគ្រិនស្ត្រីកម្ពុជាមាន៣សំខាន់គឺទី១ ពួកគាត់ខ្វះចំណេះដឹង ទី២ខ្វះទីផ្សារ ដែលបញ្ហាទាំងពីរនេះសមាគមបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ តែដោយឡែកបញ្ហាប្រឈមទី៣ គឺការខ្វះខាតដើមទុនដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការពង្រីកអាជីវកម្ម ដូច្នេះទើបសមាគមបានសហការជាមួយធនាគារកាណាឌីយ៉ា ដើម្បីជួយដល់ពួកគាត់។
លោកជំទាវបន្តថា សមាគមបានសិក្សារួចរាល់មុននឹងសហការជាមួយធនាគារ ដែលឃើញថាអត្រាការប្រាក់គឺមានកម្រិតទាបត្រឹមតែ៧.៥ ទៅ៧.៨%ប៉ុណ្ណោះ នេះជាចំនួនមួយដែលពីមុនឡើយគឺសម្រាប់តែក្រុមហ៊ុនធំៗដែលខ្ចីក្នុងចំនួនច្រើនទើបទទួលបាន តែដោយឡែកសម្រាប់ពេលនេះឲ្យតែម្ចាស់អាជីវកម្មជាស្ត្រីគឺពួកគាត់សុទ្ធតែអាចទទួលបានអត្រាការប្រាក់ក្នុងកម្រិតទាបបែបនេះ៕
រូបភាព៖ CWEA
ដោយ៖ ជួប ស្រីរ័ត្ន