ចង់ចាប់ផ្តើមអាជីវកម្មតូចផ្ទាល់ខ្លួន គួរដឹងចំនុចអាថ៌កំបាំងទាំង ៩ នេះសិន​



មានមនុស្សជាច្រើនដែលស្រមៃចង់មានអាជីវកម្មតូចមួយក្នុងដៃ ទោះមិនមែនជាអ្នកជំនួញឆ្លងទ្វីបក៏បានត្រឹមមានរបរតូចមួយគ្រាន់កំដរការអផ្សុក និងរកចំណូលបានគ្រាន់ទប់ចំណាយ។ ចង់ដឹងមានអាជីវកម្មតូចមួយផ្ទាល់ខ្លួនគួរដឹងពីអាថ៌កំបាំងចំនួន ១០ ចំនុចខាងក្រោមនេះ៖

១) អ្នកត្រូវចាំថាពេលវេលាមិនរង់ចាំអ្នកទេ

បើអ្នកពិតជាចង់បើកអាជីវកម្មផ្ទាល់ខ្លួនមែន កុំចំណាយពេលរង់ចាំយូរពេក អ្នកអាចចាប់ផ្តើមជាមួយដើមទុនតិចតួចតិកតក់សិនទៅ។ បើអ្នកនៅតែទន្ទឹងពាក្យថា ចាំមានលុយជាងនេះសិន ចាំទុនមានកាន់តែច្រើនជាងនេះសិន នោះអ្នកនឹងមិនអាចសម្រេចក្តីស្រមៃដែលអ្នកមានអស់មួយជីវិតព្រោះតែការរង់ចាំ។ 

២) មិនចាំបាច់ទាល់តែល្អឥតខ្ចោះ

ចង់ក្លាយជាម្ចាស់អាជីវកម្ម អ្នកមិនត្រូវដាក់កម្រិតខ្លួនឯងខ្លាំងរហូតទាល់តែអ្នកបញ្ចប់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ឬទាល់តែអ្នកមានគំនិតល្អឥតខ្ចោះក្នុងការរកស៊ីនោះទេ អ្នកគ្រាន់តែមានចិត្តស្រលាញ់ មានគំនិតជាសហគ្រិន និងដឹងពីអាជីវកម្មដែលអ្នកចង់បើកនោះគឺអ្នកអាចចាប់ផ្តើមបានហើយ។

៣) ដោះស្រាយបញ្ហា

ត្រូវចាំថាអ្នកជាមនុស្សដែលចេះដោះស្រាយបញ្ហាចំពោះមុខ ព្រោះការបង្កើតអាជីវកម្មគឺដើម្បីជួយដោះស្រាយបញ្ហាដល់មនុស្ស ឧទាហរណ៍ដូចជាអ្នករត់តាក់ស៊ីជាដើមគឺបង្កើតសេវាកម្មតាក់ស៊ីដើម្បីដោះស្រាយបញ្ហាអ្នកដែលគ្មានមធ្យោបាយធ្វើដំណើរ។ ដូច្នេះអ្នកត្រូវប្រាកដថាអាជីវកម្មរបស់អ្នកពិតជាអាចជួយដោះស្រាយបញ្ហាដល់មនុស្សបានមែន ទោះការលក់អាហារក៏ជួយដោះស្រាយបញ្ហាអ្នកដែលឃ្លានបានដែរ។ 

៤) ធ្វើការជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃ

អាជីវកម្មអ្នកមានឱកាសច្រើនល្អបំផុតមួយក្នុងការរកលុយ រកចំណូល ហេតុអ្វីអ្នកត្រូវបណ្តោយឲ្យអ្វីដែលអ្នកកំពុងមានបាត់បង់បើវានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ។ ទោះបីជាដើមទុនតិច ឬធនធានតិចក៏ដោយបើអ្នកប្រើវាឲ្យបានត្រឹមត្រូវនោះវានឹងនាំឲ្យអ្នកទទួលបានអ្វីដែលអ្នកចង់បាន ហើយមិនយូរមិនឆាប់អ្នកនឹងអាចពង្រីកអាជីវកម្មអ្នកបានធំជាងមុនបាន។

៥) ការផ្លាស់ប្តូរខ្លួនអ្នក

មនុស្សដែលជោគជ័យគឺជាមនុស្សដែលតែងមានការផ្លាស់ប្តូរខ្លួន ផ្លាស់ប្តូរអ្វីដែលមិនល្អមិនរីកចម្រើន ហើយជំនួសមកវិញនូវអ្វីថ្មីៗដែលអាចជួយខ្លួនឯងបានប្រសើរឡើង។ អាជីវកម្មក៏ដូចគ្នា អ្នកមិនអាចនៅតែបន្តសកម្មភាពដដែលៗបានទេ ពេលនេះអាចដើរតាមផ្លូវនេះបានដើម្បីធ្វើឲ្យអាជីវកម្មអ្នករីកលូតលាស់ តែមិនមែនផ្លូវមួយនេះវានៅតែល្អដើម្បីអ្នកបានឈរជើងក្នុងលំហរអាជីវកម្មនេះបានជាប់លាប់ឡើយ។

៦) មានភាពច្នៃប្រឌិត

គំនិតច្នៃប្រឌិតគឺជាអ្វីដែលអ្នកត្រូវតែមានដើម្បីដំណើរការអាជីវកម្ម។ សហគ្រិនជាអ្នកដែលតែងមានគំនិតច្នៃប្រឌិតអ្វីប្លែកៗ ថ្មីៗ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងដើម្បីដោះស្រាយអ្វីដែលជាទុក្ខលំបាកមនុស្សជុំវិញខ្លួនកំពុងជួបប្រទះ។

៧) យកអាជីវកម្មជាទំលាប់ 

ទំលាប់និងអាជីវកម្មគឺជារឿងពីរដាច់ដោយឡែកពីគ្នា អាជីវកម្មគឺនាំចំណូល តែពេលខ្លះទំលាប់វាអាចជាចំណាយ។ ពេលអ្នកយកអាជីវកម្មមកធ្វើជាទំលាប់នោះអ្នកមិនព្រងើយកន្តើយពីវាទេ អ្នកតែងយកពេលវេលា ចិត្តគំនិតគិតពីការរកស៊ីព្រោះអ្នកនៅតែមានគំនិតមួយគិតថាអ្នកត្រូវចំណាយពេលដើម្បីរកចំណូល។

៨) ត្រូវមានការបែងចែកលើគណនី

មនុស្សសព្វថ្ងៃច្បាស់ណាស់ថានរណាក៏មានគណនីធនាគារផ្ទាល់ខ្លួន តែពេលដែលអ្នកមានអាជីវកម្មអ្នកត្រូវធ្វើការបែងចែកឲ្យច្បាស់ពីគណនីផ្ទាល់ខ្លួន និងគណនីអាជីវកម្ម អ្នកមិនអាចបូកឡូករាល់ចំណូល និងចំណាយទេរវាងផ្ទាល់ខ្លួន និងអាជីវកម្មទេ។ 

៩) ការធ្វើផែនការជារឿងចាំបាច់

អាជីវកម្មដែលគ្មានផែនការច្រើនតែទទួលរងភាពបរាជ័យ ហេតុដូច្នេះហើយទើបបានជាមានការតម្រូវឲ្យម្ចាស់អាជីវកម្មនានាមានផែនការអាជីវកម្មទោះបីអាជីវកម្មនោះធំក្តី តូចក្តី។ ព្រោះពេលដែលអ្នកមានផែនការ មានន័យថាអ្នកបានរៀបចំផ្លូវដើរសម្រាប់អាជីវកម្មនោះ ទោះបីអ្នកដើរតាមផ្លូវដែលគូសវាសហើយបរាជ័យ ក៏អ្នកនៅមានផ្លូវផ្សេង ឬជម្រើសផ្សេងជ្រើសបានល្អជាងនេះដែរ៕

ដោយ៖ យ៉ាយ៉ា

X
5s