គួរឲ្យភ្ញាក់ផ្អើល! វៀតណាមលោតឡើងបីចំណាត់ថ្នាក់លើសន្ទស្សន៍ SDG ឆ្នាំ ២០១៩ នេះ
យោងតាមរបាយការណ៍មួយចេញដោយបណ្តាញដំណោះស្រាយការអភិវឌ្ឍប្រកបដោយនិរន្តរភាព Sustainable Development Solutions Network (SDSN) និង Bertelsmann Stiftung បានឱ្យដឹងថាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥៤ លើសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព Sustainable Development Goals (SDG) ក្នុងឆ្នាំ ២០១៩ ដោយមានពិន្ទុ ៧១.១ ដែលនេះជាការកើនឡើងបីចំណាត់ថ្នាក់បើប្រៀបធៀបពីឆ្នាំ ២០១៨ មុន។
របាយការណ៍នេះបានវាយតម្លៃការអនុវត្ត SDG ចំនួន ១៧ ចំណុចនៅក្នុង ១៦២ ប្រទេសនិងដែនដីមួយចំនួនដោយមានប្រព័ន្ធរង្វាយតម្លៃពិន្ទុដោយពិន្ទុសូន្យ (ខ្សោយបំផុត) ដល់ ១០០ (ល្អបំផុត) ។
ដោយឡែកប្រទេសដាណឺម៉ាកឈរលើលំដាប់កំពូលជាមួយនឹងពិន្ទុ ៨៥.២ ហើយសាធារណរដ្ឋអាហ្វ្រិកកណ្តាលមានពិន្ទុទាបជាងគេបង្អស់ ៣៩.១ ពិន្ទុ។
ពិន្ទុជាមធ្យមសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍គឺ ៦៥.៧ ពិន្ទុដែលក្នុងនោះប្រទេសថៃបាននាំមុខគេក្នុងតំបន់នេះដោយមាន ៧៣ ពិន្ទុឈរនៅលើចំណាត់ថ្នាក់លេខ ៤០ នៅលើពិភពលោក។ បន្ទាប់ពីប្រទេសថៃគឺប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានពិន្ទុ ៧១.១ ។ ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមានប្រទេសសិង្ហបុរី (ទី ៦៦) ម៉ាឡេស៊ី (ទី ៦៨) ហ្វីលីពីន (ទី ៩៧) ឥណ្ឌូណេស៊ី (ទី ១០២) មីយ៉ាន់ម៉ា (ទី ១១០) ឡាវនិងកម្ពុជា (ទី ១១២) ។
ដោយ៖ នឿន វណ្ណៈ